
រាជធានីភ្នំពេញ៖ រយៈពេលពេញមួយខែនៃយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការចូលរួមគាំទ្រយុទ្ធនាការជាង២៤ម៉ឺននាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាម៉េរិកចំនួនជាង៣,៣លានដុល្លារ។

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» នេះឡើង ក្នុងគោលបំណងពីរសំខាន់ៗគឺ៖ ទី១.ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងទី២.ដើម្បីរំលឹក និងបំផុសចលនាកៀរគរការបរិច្ចាគក្នុងស្មារតី «ខ្មែរជួយខ្មែរ» ទោះតិចក្ដី ឬច្រើនក្ដីពីសំណាក់សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការផ្ដល់ក្ដីសង្ឃឹម និងភាពញញឹមដល់ទារកនិងកុមារនៅកម្ពុជា។ តាមសំណេររបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានគូសបញ្ជាក់ថា៖ «ទោះបីជាយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៤នេះ ត្រូវបិទបញ្ចប់នៅពេលនេះមែន តែមូលនិធិគន្ធបុប្ផាកម្ពុជានៅតែបន្តបេសកកម្មកៀរគរ ការបរិច្ចាគជាប្រចាំ ព្រោះថា មន្ទីរពេទ្យគន្ធបុប្ផាត្រូវការថវិកាចំណាយចំនួនប្រមាណ១២ម៉ឺនដុល្លារក្នុងមួយថ្ងៃៗ ឬស្មើនឹងប្រមាណ៤៣លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការក្នុងបេសកកម្មផ្តល់ការពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារព្រមទាំងស្ត្រីមានផ្ទៃពោះរាប់លានករណីក្នុងមួយឆ្នាំៗប្រកបដោយគុណភាព ឥតបង់ថ្លៃ និងមិនមានការរើសអើង»។

ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវដល់សប្បុរសជននានាទាំងនៅក្នុងស្រុក និងនៅប្រទេសបន្តនូវទឹកចិត្តសប្បុរស និងវប្បធម៌ចែករំលែកដ៏ថ្លៃថ្លានេះរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការនាំមកនូវក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជាទោះតិចក្ដីច្រើនក្ដី ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។
គួររំលឹកផងដែរថា បើធៀបនឹងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ពីរលើកកន្លងមក យុទ្ធនាការឆ្នាំ២០២៤នេះ ទទួលបានការចូលរួមកាន់តែផុសផុលពីសប្បុរសជនក្នុងបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ក្រុមហ៊ុន-សហគ្រាសទាំងតូចទាំងធំទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ដែលនេះឆ្លុះបញ្ចាំងពីចលនាជាតិដ៏សំខាន់មួយក្នុងស្មារតីខ្មែរជួយខ្មែរ ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕





