មូលនិធិគន្ធបុប្ផាអំពាវនាវឱ្យសប្បុរសជនពិនិត្យឈ្មោះគណនីមុនពេលបរិច្ចាគ ក្រោយមានជនខិលខូចក្លែងបន្លំ QR Code
K
Kimhuoy K.
08 មិថុនា 2024 08:00 AM

រាជធានីភ្នំពេញ៖ បន្ទាប់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានប្រកាសបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ជាផ្លូវការកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ សប្បុរសជនជាង១២ម៉ឺននាក់បានចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ ដោយទទួលបានថវិកាបរិច្ចាគសមមូលជាប្រាក់ដុល្លារចំនួនប្រមាណ ១លាន ២៧ម៉ឺនដុល្លារអាម៉េរិក។

ប៉ុន្ដែទន្ទឹមនឹងនេះ ក៏មានជនខិលខូចឆ្លៀតឱកាសក្លែងបន្លំ QR Code ផងដែរ ដូច្នេះមូលនិធិគន្ធបុប្ផាកម្ពុជាបានអំពាវនាវថា៖ «នៅពេលសប្បុរសជនស្កែន QR Code ដើម្បីបរិច្ចាគ សូមមេត្តាពិនិត្យមើលឈ្មោះគណនីដែលលេចលើអេក្រង់ទូរសព្ទរបស់លោកអ្នក ដើម្បីចៀសវាងករណីមានជនខិលខូចក្លែងបន្លំ QR Code ផ្ទាល់ខ្លួន។ QR Code ដែលត្រឹមត្រូវ របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅពេលស្កែនដើម្បីបរិច្ចាគនឹងឃើញឈ្មោះ មូលនិធិគន្ធបុប្ផាកម្ពុជា ជាអ្នកទទួលនៅលើអេក្រង់ទូរសព្ទរបស់លោកអ្នក»។  យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ជាយុទ្ធនាការប្រចាំឆ្នាំ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» តាមរយៈការអំពាវនាវឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ទោះតិចក្ដីច្រើនក្ដី ពីសំណាក់សប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេស ដើម្បីរួមគ្នាផ្តល់ក្ដីស្រឡាញ់ដល់កុមារនៅកម្ពុជា។ 

ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជាបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ដែលបានបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា តាមរយៈការរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការបន្តបេសកកម្មពិនិត្យ និងព្យាលទារក និងកុមារដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមានការរើសអើង។ គួរជម្រាបថា នេះមិនមែនជាលើកទីមួយដែលមូលនិធិគន្ធបុប្ផាកម្ពុជា បង្កើតយុទ្ធនាការរៃប្រាក់ប្រាក់យកទៅផ្គត់ផ្គង់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជា ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ នាពេលកន្លងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ទទួលបានការគាំទ្រយ៉ាង ផុសផុល ទាំងក្នុងទិដ្ឋភាពថវិកា និងអ្នកចូលរួម ដើម្បីធានានិរន្តរភាពរបស់ មន្ទីរពេទ្យគន្ធបុប្ផា ដែលជា មន្ទីរពេទ្យជាតិដែលបាន និងកំពុងពិនិត្យ និងព្យាបាលទារក និងកុមាររាប់លានករណី ជាមួយនឹងចំណាយថវិកាប្រចាំឆ្នាំចំនួនប្រមាណ ៤០លានដុល្លារអាម៉េរិក

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត