គិតត្រឹមថ្ងៃនេះ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលថវិកាបានជាង២,៧២លានដុល្លារពីសប្បុរសជន១៧ម៉ឺននាក់
K
Kimhuoy K.
19 មិថុនា 2024 07:30 AM

រាជធានីភ្នំពេញ៖ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា មានសប្បុរសជនជាង១៧ម៉ឺននាក់បានចូលរួមបរិច្ចាគ ដោយទទួលបានថវិកាបរិច្ចាគសមមូលជាប្រាក់ដុល្លារចំនួនប្រមាណ២លាន ៧២ម៉ឺនដុល្លារអាម៉េរិក...

ក្នុងសន្និសីទសារព័ត៌មានដែលសម្របសម្រួលដោយក្រសួងព័ត៌មាន ស្តីពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» នាព្រឹកថ្ងៃទី១៩មិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា យុទ្ធនាការនេះបានបើកជាផ្លូវការកាលពីថ្ងៃទី១មិថុនា ដែលត្រូវជាទិវាសិទ្ធិកុមារអន្តរជាតិ ហើយមកទល់ពេលនេះ ទំហំទឹកប្រាក់ដែលមូលនិធិកើនឡើងលើសពីយុទ្ធនាការពេញមួយខែនៃឆ្នាំ២០២៣ទៅទៀត ដោយមានការគាំទ្រពីសប្បុរសជនយ៉ាងគគ្រឹកគគ្រេង។ លោក ចន ណារិទ្ធ បានរំលេចពីមូលហេតុនៃការដាក់ឈ្មោះយុទ្ធនាការនេះ ដោយលើកឡើងថា៖ «បានជាយើងដាក់ឈ្មោះថា ១ម៉ឺនរៀល ១ម៉ឺននាក់ ដោយសារកាលដើមឡើយ យុទ្ធនាការនេះផ្តើមបង្កើតដំបូង គ្រោងធ្វើតែមួយថ្ងៃប៉ុណ្ណោះ គឺចំទិវាសិទ្ធិកុមារអន្តរជាតិ។ ចឹងមហិច្ចតា..ក៏យើងមិនហ៊ានដាក់ច្រើនដែរត្រឹមមួយថ្ងៃ តែក្នុងឆ្នាំ២០២២ហ្នឹង ត្រឹមតែមួយថ្ងៃយើងទទួលបានការបរិច្ចាគពីសប្បុរសជនរហូតដល់ជាង២ម៉ឺននាក់ឯណោះ»។ 

ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច 
ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច 

នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជារូបនេះ បានគូសបញ្ជាក់ពីកត្តាដែលគន្ធបុប្ផាកម្ពុជា មានការគៀងគងថវិកាជាងមន្ទីរពេទ្យនានា ដោយសារតែគន្ធបុប្ផាកម្ពុជាចំណាយថវិកាប្រចាំឆ្នាំចំនួនប្រមាណ៤២លានដុល្លារអាម៉េរិក ដើម្បីពិនិត្យ និងព្យាបាលទារក និងកុមាររាប់លានករណី ក្រោមគោលការណ៍មិនរកកម្រៃ ដូច្នេះ ប្រសិនបើគ្មានការបរិច្ចាគពីសប្បុរសជនទេ គន្ធបុប្ផានឹងមិនអាចបន្ដបានឡើយ។ មូលនិធិគន្ធបុប្ផាត្រូវបានបង្កើតឡើងក្នុងគោលដៅគាំទ្រហិរញ្ញវត្ថុដល់និរន្តភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង នៅទូទាំងប្រទេស។ ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តសប្បុរសជននានាបន្តរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីនាំមកនូវភាពញញឹមរបស់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ទោះបីជាយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»  នឹងត្រូវបញ្ចប់ក្នុងរយៈពេល៣០ថ្ងៃក៏ពិតមែន ពីព្រោះមន្ទីរពេទ្យគន្ធបុប្ផានៅតែទទួលការបរិច្ចាគជានិច្ច៕

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន 
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន 
លោក ឃាន តួក អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា 
លោក ឃាន តួក អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត