តើមន្ទីរពេទ្យគន្ធបុប្ផាមានប្រភពថវិកាណាខ្លះដើម្បីជួយទ្រទ្រង់ ខណៈមួយឆ្នាំៗចំណាយមិនក្រោម៤២លានដុល្លារ?
K
Kimhuoy K.
19 មិថុនា 2024 11:30 AM

រាជធានីភ្នំពេញ៖ មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា បច្ចុប្បន្ន​មាន​៥​ទី​តាំង​ដែល៤​ទី​តាំង​ស្ថិតនៅរាជធានី​ភ្នំពេញ និង​១​ទី​តាំងទៀត ស្ថិត​នៅ​ខេត្ត​សៀម​រាម។ ជារៀងរាល់ឆ្នាំ មន្ទីរ​ពេទ្យនេះចំណាយថវិកាប្រមាណ ៤២លានដុល្លារអាម៉េរិក ដើម្បីពិនិត្យនិងព្យាបាលទារក និងកុមាររាប់លានករណី ដោយប្រកាន់ភ្ជាប់នូវគោលការណ៍មិនចំណូល។ 

​យោងតាម លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា ថវិកា​ទ្រ​ទ្រង់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា គឺ​បាន​មក​ពី​សប្បុរស​ជន​រដ្ឋា​ភិ​បាល​ស្វីស​ និងរាជ​រដ្ឋា​ភិបាល​កម្ពុជា។ ចំណូលពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស ត្រូវបានដកចំនួន២ដុល្លារ ក្នុងមួយសំបុត្រដើម្បីបរិច្ចាគទៅមូលនិធិគន្ធបុប្ផាផងដែរ។ រីឯកាកបាទក្រហមកម្ពុជា ក៏បានបរិច្ចាគយ៉ាងទៀតទាត់ចំនួន១លានដុល្លារជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ក៏តែងបរិច្ចាគចូលមូលនិធិគន្ធបុប្ផាផងដែរ។ នាយកប្រតិបត្តិរូបនេះ បានបញ្ជាក់ឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផាមានសមាជិកស្ថាបនិកប្រមាណជាង១៣០នាក់។ សមាជិកស្ថាបនិក សំដៅលើសប្បុរសជនដំបូងៗដែលរួមគ្នាបង្កើត ហើយចំនួននៃការបរិច្ចាគ គឺចាប់ផ្តើមពី២ម៉ឺនដុល្លារអាម៉េរិកឡើងទៅ ដែលរួមមាន៖ សម្ដេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជាប្រធានក្រុមប្រឹក្សា។

ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា
ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា

ប៉ុន្តែសព្វថ្ងៃនេះ មន្ទីរពេទ្យគន្ធបុប្ផាមានសមាជិកតែ២ប្រភេទប៉ុណ្ណោះ គឺសមាជិកកិត្តិយស និងសមាជិកគាំទ្រ។ សមាជិកកិត្តិយស គឺសម្តៅលើសប្បុរសជនទាំងឡាយណាដែលចូលរួមបរិច្ចាគចាប់ពី៥ពាន់ដុល្លារអាម៉េរិកឡើងទៅក្នុងមួយឆ្នាំ។ ចំណែកឯសមាជិកគាំទ្រ គឺសម្រាប់សប្បុរសជនដែលចូលរួមបរិច្ចាគ៥០០០រៀលក្នុងមួយខែ ឬក៏៦ម៉ឺនរៀលក្នុងមួយឆ្នាំ។ លោក ឃាន តួក អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអះអាងថា គិតក្នុងឆ្នាំ២០២៣ សមាជិកកិត្តិយសមាន៦៧នាក់ និងសមាជិកគាំទ្រមានចំនួន២៧ម៉ឺន ដោយចំនួនសមាជិកទាំងនោះអាចផ្លាស់ប្ដូរទៅតាមពេលវេលា។

លោក ឃាន តួក អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា
លោក ឃាន តួក អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា

យ៉ាងណាក្ដី មូលនិធិគន្ធបុប្ផាបានបង្កើតជាយុទ្ធនាការ ឬកម្មវិធីផ្សេងៗដើម្បីកៀងគរថវិកាចូលមន្ទីរពេទ្យ ​ផ្គត់​ផ្គង់​ការ​ចំណាយនានា។ ជាក់ស្ដែង យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ត្រឹមរយៈពេលជាង២០ថ្ងៃមានសប្បុរសជនជាង១៧ម៉ឺននាក់ បានចូលរួមបរិច្ចាគ ដោយទទួលបានថវិកាបរិច្ចាគសមមូលជាប្រាក់ដុល្លារចំនួនប្រមាណ២លាន ៧២ម៉ឺនដុល្លារអាម៉េរិក។ សប្បុរសជនទាំងអស់នៅតែអាចចូលរួមបរិច្ចាគមូលនិធិគន្ធបុប្ផាកម្ពុជា បន្តនិរន្តភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ ទីតាំងនៅទូទាំងប្រទេស ឬតាមរយៈតំណភ្ជាប់ https://bit.ly/3jEtL8I ឬ QR Code នៅខាងក្រោម។ គួរំលឹកដែរថា មន្ទីរពេទ្យគន្ធបុប្ផា គឺជាឈ្មោះរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្ដម គន្ធបុប្ផា ដែលជាព្រះរាជធីតាសំណព្វព្រះរាជហឫហទ័យនៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ព្រះអង្គម្ចាស់ក្សត្រីយ៍ ទ្រង់សុគតទាំងព្រះជន្មាយុ វ័យកុមារដោយសារប្រឈួនខ្លាំង។ 

ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្ដម គន្ធបុប្ផា
ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្ដម គន្ធបុប្ផា

ដើម្បីឧទ្ទិសដល់ព្រះរាជធីតា ព្រះវររាជបិតា ទ្រង់ក៏បានត្រាស់បង្គាប់ឱ្យសាងសង់មន្ទីរពេទ្យមួយឡើងដោយដាក់ឈ្មោះថា មន្ទីរពេទ្យគន្ធបុប្ផាទី១។ ក្រោយមកទៀត ព្រះអង្គក៏បានបរិច្ចាគដីមួយផ្នែក ឯព្រះបរមរាជវាំងនៅក្បែរព្រះចេតិយព្រះអង្គម្ចាស់ក្សត្រីយ៍ ជូនលោក បណ្ឌិត បេអាត រិចឆ្នឺ (Beat Richner) ស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសាងសង់មន្ទីរពេទ្យគន្ធបុប្ផាទី២ នៅឆ្នាំ១៩៩៥ និងដើម្បីជាគុណប្រយោជន៍ព្យាបាលកុមារក្រីក្រ ដែលមិនមានលទ្ធភាពបង់ថ្លៃព្យាបាលជំងឺបានយ៉ាងច្រើនសែននាក់នៅទូទាំងព្រះនគរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត