
រាជធានីភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃពុធនេះថា ក្រោមកិច្ចព្រមព្រៀងមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៤ កម្ពុជានឹងទទួលបានហិរញ្ញប្បទានជាទឹកប្រាក់ចំនួន ២លានដុល្លារអាមេរិក ទៅលើការអនុវត្តកម្មវិធីមុខងារចំនួន ៨។

បើតាមសេចក្តីប្រកាសព័ត៌មានដែលចេញនៅព្រឹកថ្ងៃពុធ ទី០៤ ខែកញ្ញានេះ បានឱ្យដឹងថា លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៤ ជាមួយលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុងនេះ។ ក្នុងនោះក្នុងក្របខ័ណ្ឌមូលនិធិពិសេសនេះ កម្ពុជានឹងទទួលបានហិរញ្ញប្បទានជាទឹកប្រាក់ចំនួន ២លានដុល្លារអាមេរិក សម្រាប់គម្រោងមុខងារចំនួន ៨ ដែលគ្របដណ្តប់លើផ្នែកទេសចរណ៍ សកម្មភាពដោះមីន កសិកម្ម អភិវឌ្ឍន៍ជនបទ ការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការជំរុញសេដ្ឋកិច្ចក្នុងតំបន់ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាការកសាងសមត្ថភាពគ្រប់គ្រងហានិភ័យទឹកជំនន់។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៧ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានផ្តល់ហិរញ្ញប្បទានដល់គម្រោងប្រមាណ ៩០គម្រោងនៅកម្ពុជា ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងចិន ក្នុងការចូលរួមចំណែកកសាងសហគមន៍វាសនារួមនៃសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់បណ្តាប្រទេសមេគង្គ-ឡានឆាងទាំងអស់។
កិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ ដែលហៅកាត់ថា «កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ» ជាវេទិកាសហប្រតិបត្តិការកម្រិតអនុតំបន់ថ្មី ដែលរួមគ្នាផ្តួចផ្តើម និងបង្កើតដោយប្រទេសចិន និងប្រទេសទន្លេមេគង្គទាំង៥ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៦ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងអនុតំបន់ បង្រួញនូវគម្លាតនៃការអភិវឌ្ឍរវាងប្រទេសផ្សេងៗក្នុងតំបន់ រួមចំណែកក្នុងការធ្វើសមាហរណកម្មអាស៊ាន និងការធ្វើសមាហរណកម្មក្នុងតំបន់ ព្រមទាំងរួមវិភាគទានថ្មីក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍ និងអនុវត្តរបៀបវារៈអំពីការអភិវឌ្ឍដោយចីរភាពឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិ ៕



