ទាសភាពដ៏ខ្មៅងងឹតនៅពីក្រោយឋានសួគ៌លើដីឌូបៃ ដែលមនុស្សជុំវិញពិភពលោកមិនបានដឹង
ហៀប ស៊ីថេត
03 កញ្ញា 2024 06:42 AM

រដ្ឋធានីឌូបៃ៖ មនុស្សគ្រប់គ្នាតែងស្រមៃចង់ទៅចាយពេលវេលាហ៊ឺហា ឡូយឆាយ និងភាពពេញនិយមស៊ីវីល័យនៅទីក្រុងឌូបៃ ខណៈមនុស្សស្ទើរពេញមួយផែនដីមើលឃើញថា ជាទីកន្លែងដ៏ល្អឥតខ្ចោះជាមួយសំណង់អគារខ្ពស់ៗកប់ពពក សំកាំងកណ្តាលលម្ហអាកាសាដ៏ធំអស្ចារ្យ មានរចនា និងលម្អដោយពណ៌មាសក្រហមឆ្អិនឆ្អៅ សួនកម្សាន្តទំនើបៗទាន់សម័យដ៏ធំទូលាយ និងការផ្គត់ផ្គង់សេវាកម្មដ៏ល្អឥតខ្ចោះ ប្រៀបបាននឹងឋានសួគ៌ក្រោមមេឃ។ ប៉ុន្តែ លោកអ្នកមានដឹងទេថា..នៅពីក្រោយនៃពន្លឺដ៏ចិញ្ចាចចិញ្ជែងក្នុងទីក្រុងឌូបៃ មានអាថ៌កម្បាំងអ្វីខ្លះដែលមនុស្សជុំវិញផែនដីមិនបានមើលឃើញ..? ថ្ងៃនេះ SBM News នឹងរូតវាំងននខ្មៅ ស្រាយអាថ៌កម្បាំងនៅពីក្រោយភាពប្រណិតនៃរដ្ឋធានីល្អឯកក្នុងលោកមួយនេះ...។

ជាការពិតណស់ ទីក្រុងឌូបៃមិនត្រឹមតែជាកន្លែងសម្រាប់ជនបរទេសមានលុយហូរហៀរប៉ុណ្ណោះទេ ប៉ុន្តែជាក់ស្តែងក៏ជាកន្លែងសម្រាប់ជនចំណាកស្រុកដើម្បីស្វែងរកការចាប់ផ្តើម និងសង់គ្រឹះជីវិតថ្មីផងដែរ។ ជាមួយនឹងទំនើបកម្មដ៏អស្ចារ្យ និងភ្លើងពន្លឺភ្លឺយ៉ាងចិញ្ចាចចិញ្ចែងនៅក្នុងទីក្រុង។ ក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ រដ្ឋធានីឌូបៃរីកចម្រើនគួរឱ្យកត់សម្គាល់ និងមានភាពស្រស់ប្រណិតលើសរដ្ឋធានីណាៗទាំងអស់ ជាមួយនឹងអភិបាលកិច្ចគ្រប់គ្រង ទីតាំងភូមិសាស្ត្រ និងតម្រូវការដើម្បីធ្វើទំនើបកម្ម។ ប៉ុន្តែនៅពីក្រោយវាំងននខ្មៅរបស់អ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ ហេតុផលច្បាស់បំផុតនោះ គឺកម្លាំងពលកម្មចំណាកស្រុក៩០ភាគរយសាងសង់អ្វីគ្រប់យ៉ាងដែលកំពុងតែផុសឡើងនៅនឹងភ្នែករបស់យើងទាំងអស់គ្នា។

ក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ ចំនួនប្រជាជននៅទីក្រុងឌូបៃបានជួបប្រទះនឹងកំណើនរហូតដល់១០០០ភាគរយ ខណៈកំណើនទាំងនោះសុទ្ធសឹងតែជាពលករចំណាកស្រុក។ បើយើងត្រលប់ទៅឆ្នាំ១៩៧៥ ចំនួនអ្នកស្រុកឌូបៃសរុបមានត្រឹមតែ១៨៣០០០នាក់ប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០១៥ ចំនួនប្រជាសាស្ត្របានកើនឡើងដល់ប្រហែល២លាននាក់។ រហូតដល់ឆ្នាំ២០២៣ ចំនួនប្រជាជនបានកើនឡើងជិតទ្វេដងដល់៣លាន៦សែននាក់។ និយាយដោយការពិចារណាទៅ ប្រជាសាស្ត្រនៃចំនួនប្រជាជនជាតិអេមីរ៉ាត់អារ៉ាប់រួម មានត្រឹមតែ១១ភាគរយប៉ុណ្ណោះ ហើយជនបរទេសមាន ៨៩ភាគរយ ខណៈជនបរទេសទាំងនោះសុទ្ធសឹងតែជាជនចំណាកស្រុកសម្រាប់កម្លាំងពលកម្មចម្រុះ។ ជាមួយនឹងក្ដីសុបិន និងក្ដីសង្ឃឹមខ្ពស់ក្នុងការចិញ្ចឹមគ្រួសាររបស់ពួកគេ និងអាចផ្តល់នូវអនាគតដ៏ល្អប្រសើរ ជនចំណាកស្រុកជាច្រើនបានផ្លាស់ទីលំនៅពីប្រទេសជុំវិញដូចជាប្រទេសឥណ្ឌា និងប្រទេសផ្សេងៗទៀត ដើម្បីធ្វើការនៅទីក្រុងឌូបៃ ក្រោមយុទ្ធនាការទីផ្សារដែលពោរពេញទៅដោយកិច្ចសន្យាប្រាក់ឈ្នួលខ្ពស់ និងលក្ខខណ្ឌការងារល្អអស្ចារ្យ។

ស្តាប់ទៅ...ពីរោះនិងមានន័យណាស់មែនទេ...? ជាក់ស្តែង អ្វី​ដែល​ជន​ចំណាក​ស្រុក​ទាំងនោះជួប​ប្រទះ គឺ​មិន​ដូចអ្វីដែលពួក​គេ​បាន​ស្រមៃ​នោះ​ទេ។ ជំនួសមកវិញ សាកស្រមៃមើល១៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីទទួលប្រាក់ឈ្នួល ហើយកន្លែងស្នាក់នៅដូចជម្រកសត្វធាតុ។ វា​ជា​ការ​ពិត​ដ៏​សង្វេគ​សម្រាប់​ជន​ចំណាក​ស្រុក​ដែល​ឧស្សាហ៍​ព្យាយាម​ទាំងនោះ។ ថ្លែងនៅក្នុងបទសម្ភាសដោយអង្គការសិទ្ធិមនុស្ស Equidem ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានលាតត្រដាងថា ជនចំណាកស្រុកទាំងនោះប្រឈមមុខនឹងការរើសអើង និងការគំរាមកំហែងនៅកន្លែងធ្វើការ។ អ្វី​ដែល​កាន់តែ​អាក្រក់ អ្នក​ខ្លះ​ថែម​ទាំង​ត្រូវ​បាន​គេ​រំលោភ​បំពាន​ផ្លូវ​ភេទទៀតផង ខណៈការងារដូចគ្នាមិនមានន័យថា ទទួលបានប្រាក់ខែដូចគ្នានោះទេ វាផ្អែកលើសមត្ថភាព និងកន្លែងដែលពួកគេធ្វើការ។ នេះជារឿងពិតដ៏គួរឱ្យភ្ញាក់ផ្អើល និងសង្វេគណាស់នៃលក្ខខណ្ឌអយុត្តិធម៌ និងអមនុស្សធម៌ ដែលកម្មករចំណាកស្រុកនៅទីក្រុងឌូបៃប្រឈមមុខនឹងការលាក់កម្បាំងបែបនេះ។

សូមរំឭកថា នៅក្នុងឆ្នាំ២០០៩ ភាពយន្តឯកសារមួយដែលមានឈ្មោះថា «The Slaves of Dubai ឬ ទាសភាពនៃទីក្រុងឌូបៃ» បានបង្ហាញខ្លួនលើកដំបូង និងបង្ហាញទៅពិភពលោកនូវអ្វីដែលទីក្រុងឌូបៃពិតជាបានប្រព្រឹត្តឡើង។ ភាពយន្តឯកសារនេះបានលាតត្រដាងនូវរបបទាសភាព និង​ការ​រំលោភ​សិទ្ធិ​មនុស្សដោយបានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីមនុស្សនៅជុំវិញពិភពលោក ឱ្យយល់កាន់តែច្បាស់នូវវិបត្តិអប្បលក្ខណ៍ និងបញ្ហាប្រឈមនានានៅក្នុងទីក្រុងឌូបៃ ដែលកំពុងញាំញីលើកម្លាំងពលកម្មភាគច្រើន។ ដូចជាមិនអាក្រក់គ្រប់គ្រាន់ទេ កម្មករក្រីក្រទាំងនោះត្រូវទទួលរងនូវជីវភាពរស់នៅដែលមិនអាចនឹកស្មានដល់ ដោយ​ទន្លេ​ពោរពេញ​ទៅដោយ​ទឹកស្អុយ​​ហូរ​កាត់​តាម​សង្កាត់​របស់​ពួកគេ ជាមួយនឹងជម្រកមានគ្រែ​ពីរ​​ហ៊ុំព័ទ្ធ​ដោយ​សត្វ​កណ្តុរ និង​មានចំណីអាហារតិចតួចសម្រាប់បរិភោគ ខណៈក្រុមហ៊ុនជួលភាគច្រើនមិនខ្វល់ខ្វាយបន្តិចទាល់តែសោះអំពីសុខទុក្ខជនចំណាកស្រុកទាំងនោះ ពោលគឺ​ពួក​គេ​ខ្វល់តែប្រាក់​ចំណេញតែប៉ុណ្ណោះ។

ការណ៍ដែលគួរឱ្យហួសចិត្ត...! អ្នកទស្សនានៅទីនោះកំពុងស្ថិតក្នុងភាពប្រណិតឡូយឆាយ ខណៈកម្មករដែលខិតខំប្រឹងប្រែងសាងសង់ឋានសួគ៌សម្រាប់ពួកគេកំពុងជាប់នៅក្នុងប្រហោងខ្មៅដោយគ្មានសង្ឃឹមសម្រាប់ការរត់គេចខ្លួន។ មែនទែនទៅ ប្រាក់ឈ្នួលតិចតួចស្តួចស្តើងរបស់កម្មករចំណាកស្រុកទាំងនោះ គឺគ្រប់គ្រាន់ដើម្បីរស់ក្នុងទីក្រុង ប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីឱ្យពួកគេចាកចេញពីទីក្រុងឌូបៃបានទេ។ អ្វីដែលធ្វើឱ្យ SBM News ចង់ជម្រាបជូនប្រិយមិត្តនោះគឺថា ពួកគេក៏ត្រូវបានតម្រូវឱ្យទ្រាំទ្រនឹងភាពលំបាកលំបិនដោយជាមធ្យម ពួកគេត្រូវធ្វើការលើសពី១៦ម៉ោងក្នុងមួយថ្ងៃ។ ប្រសិនបើ​កម្មករ​ហ៊ាន​ប្រឆាំង​នឹង​ប្រព័ន្ធនេះ នោះ​នឹងមានអសន្នធំជាមិនខាន ព្រោះនិយោជក​កាន់​អំណាច​ទាំង​អស់ មាន​សមត្ថភាព​អាច​បញ្ជូន​កម្មករ​នោះ​ទៅ​ជាប់​ពន្ធនាគារ​រយៈពេល​៦​ខែ។ មិនត្រឹមតែប៉ុណ្ណឹងទេ ថែមទាំងផាកពិន័យជាមួយទំហំទឹកប្រាក់ដ៏ច្រើនគឺប្រហែល២៧០០០ដុល្លារ សម្រាប់ភាពក្លាហាននៃការមិនគោរពតាមកិច្ចសន្យា។

មិនទាន់ចប់ទេ! និយោជក ឬថៅកែទាំងនោះផ្តល់អាទិភាពលើការទូទាត់ជារូបិយវត្ថុ ជាងការវិនិយោគលើសម្ភារដែលមានគុណភាព និងធានាសុវត្ថិភាពរបស់កម្មករ ដូច្នេះពួកគេងាយនឹងរងគ្រោះដោយឧប្បត្តិហេតុណាមួយកើតឡើងនៅកន្លែងធ្វើការរណាស់ ដូចជា៖ កម្មកររងរបួស ឬស្លាប់ដោយសារលក្ខខណ្ឌការងារមិនល្អ ឬការធ្វេសប្រហែសជាដើម។ នេះជាស្រមោលខ្មៅពិតជាក់ស្តែងសម្រាប់ជនចំណាកស្រុកទូទៅ ដែលធ្វើការរនៅទីក្រុងឌូបៃ។ មនុស្ស​ជា​ច្រើន​នៅ​តែ​ចោទ​សួរ​អំពី​ក្រមសីលធម៌​ និងយុត្តិធ៌នៅ​ពី​ក្រោយ​ទីក្រុង​ឌូបៃ និង​ភាព​ហួសហេតុ​របស់អ្នកមានទឹកប្រាក់​ដែល​បាន​បង្កើត​ឡើង​ដោយ​ការ​កេងប្រវ័ញ្ច​កម្មករ​ក្រីក្រ។ តើ​ភាព​អយុត្តិធម៌​នោះ ​នឹង​ត្រូវ​លុប​បំបាត់​ទាំង​ស្រុងដែរ​ឬ​ទេ..? តើពួកគេអាចធ្វើការរងារប្រសើរជាងនេះ និងសមតម្លៃដែលពួកគេកំពុងទទួលបានដែរឬទេ..? យ៉ាងណា យើងសង្ឃឹមថា ការកេងប្រវ័ញ្ចកម្លាំងពលកម្មនៅក្នុងទីក្រុងឌូបៃ នឹងត្រូវបានលុបបំបាត់ចេញនាពេលអនាគត...៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត