ឈ្វេងយល់ពីហានិភ័យកម្ចីប្រាក់តាមរយៈការភ្ជាប់គណនីអាយក្លោដម្ចាស់បំណុល ដើម្បីធ្វើការគ្រប់គ្រងអ្នកខ្ចី
ហាក់ អ៊ីឌី
2 ឆ្នាំមុន

រាជធានីភ្នំពេញ៖ អាយក្លោដ(iCloud) គឺជាសេវាកម្មផ្ទុកទិន្នន័យរបស់ក្រុមហ៊ុន Apple បង្កើតឡើងអំឡុងឆ្នាំ២០២១​ ដើម្បីរក្សាទុកទិន្នន័យប្រកបដោយសុវត្ថិភាព ដោយធានាថា រូបថត វីដេអូ ឯកសារ ឬកំណត់ហេតុផ្សេងៗ ងាយស្រួលទាញយកមកប្រើប្រាស់ពីគ្រប់ទីកន្លែងតាមរយៈការតភ្ជាប់នឹងប្រព័ន្ធអ៊ីនធឺណិត ខណៈបច្ចុប្បន្នកម្ចីអនឡាញតាមរយៈបណ្តាញសង្គម មានតម្រូវឱ្យអ្នកខ្ចីប្រាក់ធ្វើការភ្ជាប់គណនី iCloud ម្ចាស់បំណុលលើទូរសព្ទដៃរបស់ខ្លួន ដែលប្រឈមនឹងការបែកធ្លាយទិន្និន័យឯកជនភាព។ នេះបើតាមការឱ្យដឹងពីអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤...។

មន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានធ្វើការស្រាវជ្រាវ និងរកឃើញមានការផ្សព្វផ្សាយផ្តល់កម្ចីអនឡាញតាមរយៈបណ្តាញសង្គម ដោយតម្រូវឱ្យអ្នកខ្ចីប្រាក់ធ្វើការភ្ជាប់គណនី iCloud ម្ចាស់បំណុលលើទូរសព្ទដៃរបស់ខ្លួន ដើម្បីធ្វើការគ្រប់គ្រង ចាក់សោ​ ឬជ្រៀតចូលទូរសព្ទដៃរបស់ជនរងគ្រោះ ប្រមូលយកទិន្នន័យសំខាន់ៗ​ ដូចជា រូបថត វីដេអូ ឯកសារ និងព័ត៌មានពាក់ព័ន្ធផ្សេងៗដែលបានកត់ត្រាទុកក្នុងទូរសព្ទ។

ទន្ទឹមនិងនេះ នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល​ សូមក្រើនរំលឹកប្រជាពលរដ្ឋ និងសាធារណជន សូមប្រុងប្រយ័ត្នដូចខាងក្រោម៖ ១.សូមកុំដំឡើង(អាយក្លោដ iCloud)របស់អ្នកដទៃ លើទូរសព្ទរបស់ខ្លួនឯង។ ២.សូមកុំពាក់ព័ន្ធកម្ចីអនឡាញខុសច្បាប់​ ដែលនាំឱ្យក្លាយជាបំណុលវ័ណ្ឌក។ ៣.សូមរក្សាទុកឯកសារសំខាន់ៗ​ ឱ្យបានត្រឹមត្រូវ។ និង៤.សូមរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ករណីលោកអ្នកបានជួបប្រទះបទល្មើសបច្ចេកវិទ្យានានា លើបណ្តាញសង្គម ដើម្បីចូលរួមទប់ស្កាត់បទល្មើសបច្ចេកវិទ្យា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត