កងទ័ពអាកាសថៃ ជ្រើសរើសទិញយន្តហោះចម្បាំងស៊ុយអែត Gripen ជំនួសយន្តហោះ F-16
ម៉េងហុង
28 សីហា 2024 09:03 AM

រាជធានីបាងកក៖ កងទ័ពអាកាសថៃ បានប្រកាសនៅថ្ងៃអង្គារទី២៧ ខែសីហាថា ខ្លួនបានជ្រើសរើសទិញយន្តហោះចម្បាំង Gripen ពីប្រទេសស៊ុយអែត ជំនួសយន្តហោះ F-16 ដែលផលិតដោយសហរដ្ឋអាម៉េរិក។

យន្តហោះចម្បាំង Gripen
យន្តហោះចម្បាំង Gripen

គណៈកម្មាធិការលទ្ធកម្មបានថ្លឹងថ្លែងជម្រើសសម្រាប់រយៈពេល១០ខែ មុនពេលសម្រេចចិត្តថា យន្តហោះចម្បាំង JAS 39 Gripen E/F គឺសមរម្យបំផុត។ នេះបើតាមកងទ័ពអាកាសថៃ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៧ ខែសីហា។ សេចក្តីថ្លែងការណ៍បន្តថា៖«យើង​បាន​ពិចារណា​លើ​ការ​ទិញ​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​យើង​អាច​ប្រើ​ប្រាស់​វា​ឱ្យ​បាន​ច្រើន​បំផុត​ដើម្បី​ការពារ​ប្រទេស​របស់​យើង​យ៉ាង​ហោច​ណាស់៣០ឆ្នាំ​ទៀត»។ សេចក្តីថ្លែងការណ៍ បានបន្ថែមថា យន្តហោះ Gripen អាចឆ្លើយតបទៅនឹងគោលការណ៍យុទ្ធសាស្ត្ររបស់កងទ័ពអាកាសថៃ និងសហការជាមួយកងកម្លាំងសន្តិសុខផ្សេងទៀត។

យន្តហោះចម្បាំង Gripen
យន្តហោះចម្បាំង Gripen

យន្តហោះ Gripens នឹងជំនួសយន្តហោះ F-16 A/B ដែលបានទិញនៅចុងទសវត្សរ៍ឆ្នាំ១៩៨០។ មិនមានព័ត៌មានលម្អិតត្រូវបានផ្តល់ឱ្យថា តើថៃនឹងទិញយន្តហោះចម្បាំង Gripens ប៉ុន្មានគ្រឿងទេ ប៉ុន្តែរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកការពារជាតិកាលពីដើមឆ្នាំនេះ បង្ហាញថា ព្រះរាជាណាចក្រជាប់កម្ពុជាមួយនេះ កំពុងសម្លឹងចង់ទិញចំនួន១២គ្រឿង។ បច្ចុប្បន្ន​ប្រទេស​ថៃ​កំពុង​ប្រតិបត្តិការ​យន្តហោះ Gripens ចាស់​ចំនួន១១គ្រឿង និង​យន្តហោះ F-16 រាប់សិប​គ្រឿង ដែលយន្តហោះខ្លះបានដំណើរការតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៨០។ កងទ័ពអាកាសបានស្នើសុំថវិកាចំនួន១៩ពាន់លានបាត (៥៦០លានដុល្លារ) រួចហើយសម្រាប់ឆ្នាំសារពើពន្ធ២០២៥ សម្រាប់ការទិញយន្តហោះចម្បាំងថ្មីចំនួន៤គ្រឿង ដែលមិនទាន់បានកំណត់ត្រូវទិញពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩។ នេះគឺជាផ្នែកនៃផែនការរយៈពេលវែងរបស់ខ្លួន ក្នុងការទទួលបានយន្តហោះចម្បាំងសរុបចំនួន១២គ្រឿងនៅឆ្នាំសារពើពន្ធ២០៣៤ ដើម្បីជំនួសយន្តហោះចម្បាំងដែលមានវ័យចំណាស់របស់ខ្លួន។

ក្រុមហ៊ុនផលិតយន្តហោះ Gripen Saab បានស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍នេះ។ លោក ម៉ាទីស រ៉ាដស្ត្រូម (Mattias Radstrom) ប្រធានផ្នែកព័ត៌មានរបស់ក្រុមហ៊ុន Saab បានប្រាប់ទីភ្នាក់ងារ AFP ថា៖«យើងអាចបញ្ជាក់ការពិតដែលកងទ័ពអាកាសថៃ បានបញ្ជាក់ជាសាធារណៈថា ពួកគេចង់ទិញយន្តហោះ Gripen ។ នេះគឺជាព័ត៌មានវិជ្ជមានសម្រាប់ក្រុមហ៊ុន Saab និងស៊ុយអែត។ ក្នុងដំណាក់កាលនេះ មិនមានកិច្ចសន្យា ឬបញ្ជាទិញទេ។ យើងទន្ទឹងរង់ចាំបន្តការពិភាក្សាជាមួយកងទ័ពអាកាសថៃ និងអាជ្ញាធរថៃ»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត