
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ក្នុងការពិនិត្យ និងអនុវត្តច្បាប់លើ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» ឱ្យបានម៉ត់ចត់ តឹងរ៉ឹង និងម៉ឺងម៉ាត់ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត។ នេះបើតាមសំណេររបស់សម្តេចធិបតី តាមរយៈហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤..។

សម្តេចធិបតីបញ្ជាក់ថា ចំពោះករណីឃាតកម្មនេះ បើទោះបីជារាជរដ្ឋាភិបាល មិនអាចលូកដៃចូលក្នុងកិច្ចការរបស់ស្ថាប័នតុលាការក៏ដោយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា៖«ខ្ញុំសូមអំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ក្នុងការពិនិត្យ និងអនុវត្តច្បាប់លើករណីនេះឱ្យបានម៉ត់ចត់, ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត»។ បន្ថែមលើនោះ សម្តេចធិបតី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទុកកិច្ចការនេះជូនស្ថាប័នអនុវត្តច្បាប់ ដែលមានសមត្ថកិច្ច ដើម្បីចាត់ការ និងដោះស្រាយឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ទៅតាមនីតិវិធី និងច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី ក៏បានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបង្ហាញនូវសុទ្ធចិត្តវែកញែកក្នុងរឿងនេះ ហើយសម្តេច ក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទុកកិច្ចការនេះជូនស្ថាប័នអនុវត្តច្បាប់ដែលមានសមត្ថកិច្ច ដើម្បីចាត់ការ និងដោះស្រាយករណីនេះ ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ទៅតាមនីតិវិធី និងច្បាប់ជាធរមាន។ សំណេរដដែលនោះសម្តេចធិបតី ក៏បានបង្ហាញការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារនៃសព លោក ទ្បុង លីសុង និងកញ្ញា ឃីន កញ្ចនា ដែលបានស្លាប់ដោយសារការបាញ់ប្រហារដោយខ្មាន់កាំភ្លើងជាអតីតឧកញ៉ា ឈ្មោះ ស្រី ស៊ីណា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។

គួរំឭកថា ក្រោយបាញ់សម្លាប់មនុស្សចំនួន២នាក់ និងរបួស២នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្នុងបុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សំណុំរឿងរឿងឃាតតកម្មបង្កឡើងដោយអតីតឧកញ៉ា ស្រី ស៊ីណា ក៏ត្រូវអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសព័ត៌មាននៅថ្ងៃទី២៣មិថុនា ឆ្នាំ២០២៤ ថា តំណាងអយ្យការ បានចោទប្រកាន់ករណីនេះជា២សំណុំរឿង។ សំណុំរឿងទី១ (ជនរងគ្រោះស្លាប់ពីរនាក់) បានធ្វើការចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ «ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត» ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោសរហូតដល់១៥ឆ្នាំ។ រីឯសំណុំរឿងទី២ (ជនរងគ្រោះរបួសពីរនាក់) បានធ្វើការចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ «ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត» ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោសរហូតដល់១៥ឆ្នាំ។ ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ ស្រី ស៊ីណា តាមនីតិវិធីច្បាប់ជាធរមាន៕





