សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អង្គមហាសន្និបាត JCI នឹងក្លាយជាកាតាលីករបំផុសគំនិតច្នៃប្រឌិតក្នុងការកសាងនូវជោគវាសនារួមគ្នា
K
Kimhuoy K.
07 មិថុនា 2024 02:38 AM

សៀមរាប៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីមហាសន្និបាតសភាយុវពាណិជ្ជករអន្តរជាតិ (JCI) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៤ ក្រោមប្រធានបទ (Rising Together) កាលពីល្ងាចថ្ងៃទី៦មិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតសុខា ខេត្តសៀមរាប។ 

សម្តេចធិបតី បានមានប្រសាសន៍ថា ប្រធានបទនេះពិតជាសក្ដិសមក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ វិបត្តិសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងជាបន្តបន្ទាប់នៃជំងឺរាតត្បាតថ្មីៗជាដើម។ អង្គមហាសន្និបាតទាំងមូលនឹងមានឱកាសស្វែងយល់ពីសក្តានុពលរបស់កម្ពុជា ក្នុងការធ្វើធុរកិច្ច និងវិនិយោគ ហើយរាជរដ្ឋាភិបាលរង់ចាំផ្តល់ការសម្របសម្រួលក្នុងនាមជាដៃគូដ៏ស្និទ្ធស្នាល។ ជាមួយគ្នា អង្គមហាសន្និបាតនេះនឹងក្លាយជាកាតាលីករសម្រាប់ការបំផុសគំនិតច្នៃប្រឌិត និងជាការប្តេជ្ញាចិត្តរបស់យើងសាជាថ្មីក្នុងការកសាងនូវជោគវាសនារួមគ្នាមួយ ដែលប្រកបដោយចីរភាព។

ក្នុងពិធីដដែលនេះ សម្តេចធិបតីបានគូសបញ្ជាក់ថា កាលៈទេសៈលំបាកបែបនេះ ងាយស្រួលនឹងធ្វើឱ្យយើងបាត់បង់នូវក្ដីសង្ឃឹម ហើយថែមទាំងអាចឱ្យយើងក្លាយជាមនុស្សបុគ្គលនិយម។ មួយវិញទៀត កាលៈទេសៈបែបនេះ ក៏អាចធ្វើឱ្យយើងភ្លេចផងដែរថា អនាគតរបស់យើងអាស្រ័យទៅលើយុវជនគ្រប់ៗរូបក្នុងនាមជាអ្នកបន្តវេន ព្រោះថាពិភពលោកទាំងមូល ជាពិសេសយុវជនគ្រប់ៗរូប គឺចំាបាច់ត្រូវចងចាំផងដែរថា យើងទាំងអស់គ្នារួមក្នុងជោគវាសនាតែមួយ ហើយមានតែកិច្ចខិតខំប្រឹងប្រែងជាមួយគ្នាប៉ុណ្ណោះ ទើបយើងអាចកសាងនូវអនាគតមួយ ដែលនាំឱ្យយើងរីកចម្រើនរួមគ្នាបាន។ 

សម្តេចធិបតី ក៏បានក្រើនរំលឹកទៅកាន់យុវជនទាំងអស់ថា៖ «បងប្អូនយុវជននេះហើយជាអ្នកកំណត់ជោគវាសនា នាពេលអនាគត។ អ្វីៗទាំងអស់ដែលបងប្អូនបានរៀន គិត និងកំពុងអនុវត្ត ជាកត្តាដែលនឹងសម្រេចថា តើសង្គមជាតិយើងពិតជាអាចឆ្លងកាត់ភាពមិនប្រាកដប្រជានេះបាន ឬមិនបាន»។ ក្នុងន័យនេះ ការពង្រឹងភាពអង់អាចរបស់យុវជន គឺពិតជាការវិនិយោគសម្រាប់អនាគត ដោយសង្គមជាតិមួយរីកចម្រើនទៅបានលុះត្រាតែយុវជនមានភាពរឹងមាំ មានសីលធម៌ និងមានផ្នត់គំនិតវិជ្ជមានដែលសម្លឹងឆ្ពោះទៅមុខជានិច្ច។

ជាចុងក្រោយ សម្តេចធិបតីមានប្រសាសន៍ផ្តាំផ្ញើថា ពេលនេះជាពេលវេលារបស់យើងទាំងអស់គ្នាដែលជាអ្នកបន្តវេនត្រូវយកគំរូតាមការលះបង់អ្នកជំនាន់មុនកន្លងមក ដើម្បីបង្កើតនូវទំព័រប្រវត្តិសាស្ត្រថ្មីតាមរយៈការចូលរួមរបស់យើងគ្រប់គ្នា ដើម្បីកសាងអនាគតមួយដែលទស្សនៈរបស់យើងមិនត្រឹមតែត្រូវបានដឹងឭនោះទេ តែជាសមាសធាតុដ៏មិនអាចខ្វះបាន ក្នុងការជំរុញនូវការផ្លាស់ប្ដូរជាវិជ្ជមានយ៉ាងពិតប្រាកដ។ ទន្ទឹមនេះ ក្រោមការចូលរួមរបស់យើងគ្រប់គ្នា យើងប្រាកដណាស់ថានឹងរីកចម្រើន ហើយយើងគ្រប់គ្នានឹងទទួលបានផ្លែផ្កាពីការរីកចម្រើននេះជាមួយគ្នា៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត