
រាជធានីភ្នំពេញ៖ ក្រោយប្រើរយៈពេល១២ថ្ងៃ នៃការចុះរុករកឧទ្ធម្ភាគចក្រនៅមិនទាន់ប្រទះឃើញ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃអង្គារនេះ បានបញ្ជាក់ថាទោះបីជាមានការលំបាកច្រើន ឬប្រើរយៈពេលយូរយ៉ាងណាក៏ដោយ ក៏ដំណើរនៃការស្វែងរកអាកាសយានិកទាំងពីររូបនោះ នៅតែបន្តទៅមុខរហូតរកឃើញ...។

សម្តេចនាយករដ្ឋមន្ត្រី ថ្លែងបែបនេះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ថា៖«ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ ក៏បេសកកម្មរុករកនេះត្រូវតែបន្តទៅមុខ រហូតដល់យើងអាចរកឃើញអាកាសយានិករបស់យើងទាំងពីររូប»។ សម្តេចក៏បានគូសបញ្ជាក់បន្ថែមថា ការស្វែងរកឧទ្ធម្ភាគចក្រនេះ បានចាប់ផ្តើមភ្លាមៗបន្ទាប់ពីបាត់បង់ការទាក់ទង ហើយមកដល់ពេលនេះ កងកម្លាំងរុករកបានបន្តបេសកកម្មរបស់ខ្លួនទាំងយប់ទាំងថ្ងៃ មិនថាមេឃរាំង ឬភ្លៀង និងមិនថាក្នុងព្រៃជ្រៅ ឬឆ្លងកាត់ជ្រោះជ្រលងទឹកហូរនោះទេ ក៏ការស្វែងរកអាកាសយានិកទាំងពីររូបនៅតែបន្តជានិច្ច។

ក្នុងឱកាសនោះ សម្តេចក៏បានធ្វើការកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រីអនុប្រធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តមអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ ឯកឧត្តម អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់, ថ្នាក់ដឹកនាំគ្រប់បណ្តាអង្គភាពពាក់ព័ន្ធ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់បងប្អូនក្រុមរុករកទាំងអស់ រួមនិងប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ដែលបានបង្ហាញនូវសមានចិត្តព្រួយបារម្ភ និងការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមរុករក ដើម្បីស្វែងរកអាកាសយានិកដែលបានបាត់ការទាក់ទងក្នុងភូមិសាស្ត្រ និងអាកាសធាតុដ៏លំបាកនេះ។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយគ្រឿងបានបាត់បង់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាសកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និងខេត្តកោះកុង ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺនដោយក្នុងនោះមានផ្ទុកនូវអាកាសយានិក២នាក់។ ឧបទ្ទវហេតុនេះ បានកើតឡើងដោយសារអាកាសធាតុមិនអំណោយផល ដោយបណ្តាកងឯកភាពពាក់ព័ន្ធបានចាប់ផ្តើមធ្វើការរុករក តាំងពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ហើយលទ្ធផលនៅមិនទាន់ប្រទះ ឬរកឃើញឧទ្ធម្ភាគចក្រនោះនៅឡើយទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា...៕




