ករណីស្ត្រីរូបស្រស់យកកាំ.ភ្លើ.ង.បា.ញ់គំរាមមេឃ ត្រូវសមត្ថកិច្ចបញ្ជាក់ថា ជាវីដេអូចាស់
ហាក់ អ៊ីឌី
21 សីហា 2024 08:00 AM

រាជធានីភ្នំពេញ៖ បន្ទាប់ពីមានកាចែករំលែកតៗគ្នាពាសពេញបណ្ដាញសង្គម ជុំវិញសកម្មភាពរបស់ស្ត្រីម្នាក់ ដែលប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ Yubee Ly ធ្វើការបង្ហោះវីដេអូប្រើប្រាស់អាវុធខុសច្បាប់ ភ្ជាប់ជាមួយខ្លឹមសារ «អូនកាចចឹងធ្វើប្រពន្ធបងបាននៅ» ពេលនេះ ត្រូវកម្លាំងនគរបាលជំនាញនាំខ្លួនមកធ្វើការសាកសួរហើយ។ នេះបើតាមការឱ្យដឹងពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅរសៀលថ្ងៃទី២១​ ខែសីហា ឆ្នាំ២០២៤...។

ប្រតិបត្តិការនេះធ្វើឡើងកាលពីយប់ថ្ងៃ២០ ខែសីហា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារងនៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញកំណត់បានទីតាំងស្នាក់នៅ និងឈានដល់ការនាំខ្លួនស្ត្រីម្នាក់ឈ្មោះ ម៉េង លីហ័រ អាយុ២៤ឆ្នាំ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បាននិងកំពុងបន្ដធ្វើការសួរនាំស្ត្រីខាងលើ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់។ ជាលទ្ធផល ផ្អែកតាមការសាកសួរជំហានដំបូង ស្ត្រីឈ្មោះ ម៉េង លីហ័រ បានសារភាពថា វីដេអូបាញ់ឡើងលើមួយគ្រាប់នេះ តាំងពីឆ្នាំ២០២២ មកម្ល៉េះ ប៉ុន្ដែគេទើបយកមកបង្ហោះឡើងវិញ នៅក្នុងគណនីក្លែងក្លាយដែលប្រើប្រាស់ឈ្មោះ Yubee Ly។

យ៉ាងណាមិញ ករណីនេះកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងបន្ដស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយនឹងជម្រាបជូនសាធារណជនជាបន្ដបន្ទាប់។ ទន្ទឹមនឹងនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមថ្លែងអំណរគុណចំពោះសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ ដែលបានផ្ដល់កិច្ចសហការល្អក្នុងការផ្ដល់ព័ត៌មាន។ គួររម្លឹកថា កន្លងមកស្ត្រីរូបនេះ ធ្លាប់ត្រូវបានតុលាការ​ប្រកាសសាលក្រមផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន១៨​ខែ​ កាលពីកំលុងខែកុម្ភៈ ឆ្នាំ២០២៤ ពាក់ព័ន្ធ​ករណី​ប្រើអំពើហិង្សាទៅលើតារាស្រីឈ្មោះអេណារ៉ូស «An Na Rose» ខណៈមហាជន​កំពុងឆ្ងល់​នោះ គឺ​មាន​សាលក្រម​ផ្ដន្ទាទោស​រួចហើយ​ បែរជា​ស្ត្រីរូបនេះមានឱកាសបង្កើត​រឿងជាហូរហែនៅខាងក្រៅ ដើរហើរដោយសេរី​ រហូតផ្ទុះ​បទល្មើស​ថ្មីទៀតទើបឃើញមានការចាប់់ខ្លួន...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត