
រាជធានីភ្នំពេញ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» ដែលបានបើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២៤ គឺជាសមិទ្ធផលស្ពានទី១៦របស់កម្ពុជា ក្រោមឥណទានសម្បទានចិន។ នេះបើយោងតាមការបញ្ជាក់របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រសួងសាធារណការបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់តំបន់ចាក់អង្រែក្រោម-ព្រែកប្រា មានប្រវែងសរុប ១៦៥០ម៉ែត្រ ទទឹង ២៧ម៉ែត្រ មានគន្លងសម្រាប់រថយន្តចំនួន២ទៅ-មក សម្រាប់ទោចក្រយានយន្តចំនួន ១គន្លងទៅ-មក និងសម្រាប់ថ្មើរជើង ១គន្លងទៅ-មក ដូចគ្នា។ គម្រោងស្ពាននេះសាងសង់ក្នុងរយៈពេល ៤២ខែ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិនតម្លៃ៦០លានដុល្លារអាម៉េរិក។ ចំពោះមុខការប្រកាសបើកការដ្ឋានសាងសង់ស្ពាននេះ ក្រសួងរំឭកថា ស្ពានដែលទទួលបានឥណទានសម្បទានចិនទាំង១៦នោះរួមមាន៖ ទី១ ស្ពានមិត្តភាពកម្ពុជា-ចិន(សេកុងស្ទឹងត្រែង)។ ទី២ ស្ពានមិត្តភាព កម្ពុជា-ចិន(ព្រែកក្ដាម)។ ទី៣ ស្ពានមិត្តភាពកម្ពុជា-ចិន(ព្រែកតាមាក់)។ ទី៤ ស្ពានមិត្តភាពកម្ពុជា-ចិន (ជ្រោយចង្វាទី២)។ ទី៥ ស្ពានមិត្តភាពកម្ពុជា-ចិន(មេគង្គស្ទឹងត្រែង)។ ទី៦ ស្ពានមិត្តភាពកម្ពុជា-ចិន (តាខ្មៅ)។ ទី៧ ស្ពានមិត្តភាពកម្ពុជា-ចិន(កោះធំ)។ ទី៨ ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន(សែនសុខ)។ ទី៩ ស្ពានមិត្តភាពកម្ពុជា-ចិន(ស្ទឹងត្រង់-ក្រូចឆ្មារ)។ ទី១០ ស្ពានមិត្តភាពកម្ពុជា-ចិន(កោះអន្លង់ចិន)។ ទី១១ ស្ពាន មិត្តភាពកម្ពុជា-ចិន(ឆ្លងកាត់ទន្លេមេគង្គក្រចេះ) និងទី១២ ដល់ទី១៥ ស្ពានរំលង ឬស្ពានអាកាសចំនួន ៤កន្លែង (កាត់ពី លើផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ដែលជាផ្នែកនៃគម្រោងផ្លូវក្រវាត់ក្រុងទី៣។ រីឯទី១៦ នេះគឹស្ពាន ឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)។

គួររំឭកថា កម្ពុជា និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាងសង់ស្ពានទន្លេបាសាក់នេះ អំឡុងទស្សនកិច្ចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅប្រទេសចិន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ គេរំពឹងថា ពេលដែលស្ពានតម្លៃ៦០លានដុល្លារខាងលើសាងសង់រួចរាល់ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស ដែលឆ្លងទៅខណ្ឌច្បារអំពៅ ព្រមទាំងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ៕






