ដំណឹងល្អ! កូន​ទោចថ្ពាល់លឿងប្រភេទជិតផុតពូជលើពិភពលោក ត្រូវប្រទះឃើញកើតថ្មីនៅខេត្តមណ្ឌលគិរី
អុន សម្ផស្ស
17 សីហា 2024 01:00 PM

ខេត្តមណ្ឌលគិរី៖ USAID មរតកបៃតង ប្រកាសពីដំណឹង​ដ៏​រំភើបរីករាយ និងស្វាគមន៍​កូន​ទោចថ្ពាល់លឿងដែល​ទើប​នឹង​កើត​នៅ«តំបន់ជំរំសត្វទោច ចាហ៊ូ» ស្ថិតក្នុង ខេត្តមណ្ឌលគិរី។ សត្វទោចថ្ពាល់លឿងទើបកើតថ្មីនេះ ត្រូវបានអ្នកជំនាញប្រទះឃើញកើតពីគ្រួសាររបស់សត្វទោចមួយក្រុម ដែលមានសមាជិក៥ក្បាលរួចមកហើយ..។

USAID មរតកបៃតង បញ្ជាក់កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤«សត្វទោចថ្ពាល់លឿងនៅក្នុងក្រុមគ្រួសារសត្វទោចទី២ នៅតំបន់ជំរំសត្វទោច ចាហ៊ូ ទើបតែបង្កើតបានកូនតូចថ្មីមួយ ដែលធ្វើឱ្យគ្រួសាររបស់សត្វទោចមួយក្រុមនេះមានសមាជិកឡើងដល់ ៦ក្បាល»ក្រោមជំនួយពី USAID មរតកបៃតង តាមរយៈអង្គការសេចក្ដីសង្ឃឹមពិភពលោកអន្តរជាតិប្រចាំកម្ពុជា ក្រុមស្រាវជ្រាវចាហ៊ូ បានតាមដាន និងសិក្សាពីអាកប្បកិរិយារបស់គ្រួសារសត្វទោចថ្ពាល់លឿងមួយក្រុម នេះអស់រយៈពេល ៤ជំនាន់មកហើយ ចាប់តាំងពីឆ្នាំ២០១៣មក ដែលធ្វើឱ្យក្រុមនេះក្លាយជាក្រុមគ្រួសារសត្វទោចដែលមានភាពសាំងច្រើនជាងគេ ក្នុងចំណោមក្រុមគ្រួសារសត្វទោចទាំងបួនដែលក្រុមអ្នកស្រាវជ្រាវ ចាហ៊ូ កំពុងតាមដាន។  

សត្វទោចថ្ពាល់លឿង ជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោក ហើយរស់នៅជាក្រុមគ្រួសារស្រដៀងនឹងមនុស្សយើងដែរ ដោយរួមរស់ស្ម័គ្រស្មោះជាមួយនឹងគូជីវិត និងកូនចៅជាច្រើនជំនាន់។ សត្វ​ទោច​វ័យក្មេង​ត្រូវរៀន​ពី​ឥរិយាបថសត្វទោច​សំខាន់ៗ និងវិធីសាស្ដ្ររក​ចំណី ​ដើម្បីចិញ្ចឹមជីវិតមុនពេលវាត្រូវបែកចេញពីគ្រួសារ​នៅ​អាយុ​ប្រហែល ៨ឆ្នាំ​។ សត្វ​ទោចញី​អាចបង្កើត​កូនបានមួយ​​ក្នុង​រយៈពេលពី​២ ​ទៅ​៣ឆ្នាំ​ម្ដង ដែល​ធ្វើ​ឱ្យ​ការ​បង្កើតកូនរបស់វានេះ ក្លាយ​ជា​ព្រឹត្តិការណ៍​ដ៏​​អស្ចារ្យ និងកម្របានឃើញ។

នៅខេត្តមណ្ឌលគិរី ដែនជម្រកសត្វព្រៃកែវសីមាជាតំបន់ដែលមានចំនួនសត្វជិតផុតពូជប្រភេទនេះរស់នៅច្រើនជាងគេ។ ជាអកុសល ចំនួនសត្វទោចដ៏អស្ចារ្យទាំងនេះមានការថយចុះយ៉ាងឆាប់រហ័ស ដែលភាគច្រើនដោយសារតែការបាត់បង់ទីជម្រក និងការជួញដូរធ្វើជាសត្វចិញ្ចឹម។ ដើម្បីជួយការពារប្រភេទសត្វជិតផុតពូជនេះ USAID មរតកបៃតង ធ្វើការជាមួយអង្គការសេចក្ដីសង្ឃឹមពិភពលោកអន្តរជាតិប្រចាំកម្ពុជា ដើម្បីជួយដល់ក្រុមស្រាវជ្រាវ តំបន់ជំរំសត្វទោច ចាហ៊ូ ក្នុងការត្រួតពិនិត្យ និងសិក្សាពីអាកប្បកិរិយារបស់ក្រុមគ្រួសារសត្វទោចថ្ពាល់លឿងចំនួន៤ក្រុម ក្នុងគោលបំណងផ្សាំងពួកវាទៅនឹងវត្តមានរបស់ក្រុមអ្នកស្រាវជ្រាវរបស់ ចាហ៊ូ ដែលយើងហៅថា «អ្នកការពារសត្វទោច» និងការពារពួកវាពីការផុតពូជនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។

ក្រុមអ្នកស្រាវជ្រាវ ក៏សម្រេចបាននូវការពង្រីកការគ្រប់គ្រងជម្រករបស់សត្វទោច បាន៤៤៥,៥ហិកតាបន្ថែមទៀត នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ធ្វើឱ្យការពង្រីកតំបន់រស់នៅរបស់សត្វទោចបានរហូតដល់៦៩១,៣ហិកតា រហូតមកដល់បច្ចុប្បន្ន។ គួរបញ្ជាក់ថា ជំរំទោច ចាហ៊ូ បានដំណើរការចាប់ពីឆ្នាំ២០១៤ ដោយក្រសួងបរិស្ថាន និងមានការជួយគាំទ្រពីអង្គការសមាគម អភិរក្ស សត្វព្រៃកម្ពុជា (WCS ) និងអង្គការវើលហូប (World Hope)។ ដើម្បីអាចទស្សនាសត្វទោចផ្ពាល់លឿងបាន ភ្ញៀវទេសចរត្រូវក្រោកពីព្រលឹមចូលព្រៃ ដើម្បីរង់ចាំមើលវត្តមានរបស់ពួកវា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត