
រាជធានីភ្នំពេញ៖ USAID មរតកបៃតង ក្នុងឱកាសអបអរទិវាទឹកពិភពលោកឆ្នាំ២០២៤ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ បានប្រកាសបន្តស្តារត្រពាំងទឹកចំនួន៨បន្ថែមក្នុងឆ្នាំនេះ ព្រមទាំងពង្រីកសកម្មភាពស្ដារឡើងវិញទៅដល់ដែនជម្រកសត្វព្រៃលំផាត់ ខណៈដែលកាលពីឆ្នាំមុនគម្រោងបានស្តារត្រពាំងចំនួន៨ រួចមកហើយ ដើម្បីចូលរួមផ្តល់ជាអាងទឹកសម្រាប់សត្វព្រៃគ្រប់ប្រភេទ ជាពិសេសសត្វដែលជិតផុតពូជ...។

USAID មរតកបៃតង បន្ថែមថា ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន រ៉ាយហ្ស៉ីង ហ្វីនិក និងសហគមន៍ក្នុងតំបន់ បាននិងកំពុងគាំទ្រសកម្មភាពស្ដារត្រពាំងទឹកដែលកំពុងរីងស្ងួត នៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងរបស់ប្រទេសកម្ពុជា។ ស្ថាប័នដដែលអះអាងថា៖«យើងបានរួមគ្នាស្តារត្រពាំងចំនួន៨ នៅឆ្នាំ២០២៣ ហើយមានគោលបំណងស្ដារត្រពាំងចំនួន៨ បន្ថែមទៀតនៅឆ្នាំនេះ និងពង្រីកសកម្មភាពស្ដារឡើងវិញ ទៅដល់ដែនជម្រកសត្វព្រៃលំផាត់ជាមួយអង្គការជីវិតធម្មជាតិកម្ពុជា និងសហគមន៍ក្នុងតំបន់នោះផងដែរ»។ USAID មរតកបៃតង លើកឡើងបន្ថែមថា ត្រពាំងទឹកទាំងនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជាកន្លែងសម្រាក ផ្តល់ទឹក ចំណី និងកន្លែងជ្រកកោនសម្រាប់ប្រភេទសត្វជិតផុតពូជដូចជា សត្វរមាំង សត្វត្រយងយក្ស និងសត្វត្រយងចង្កំក-ស នារដូវប្រាំងដ៏ក្ដៅហួតហែង។ តាមរយៈការ [ការពារ] និងស្ដារឡើងវិញនូវជម្រកទាំងនេះ មិនត្រឹមតែអភិរក្សជីវៈចម្រុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱ្យមានភាពសុខដុមរមនារវាងសត្វព្រៃ និងសហគមន៍នៅក្នុងតំបន់ផងដែរ។

ជាមួយនឹងការប្រកាសពីគម្រោងស្តាត្រពាំងទាំងនោះ USAID មរតកបៃតង ពន្យល់ថា ជារៀងរាល់ឆ្នាំរដូវវស្សាបានបក់នាំទឹកភ្លៀងហូរស្រោចស្រពទៅកាន់តំបន់ព្រៃល្បោះស្ងួតដ៏ធំនៅតំបន់វាលទំនាបភាគឦសាននៃប្រទេសកម្ពុជា។ ហើយព្រៃឈើទាំងនោះក៏ត្រូវបានជន់លិចដោយទឹកទន្លេឡើងហូរហៀរ អស់រយៈពេលជាច្រើនខែ បង្កើតបានជាទេសភាពប្លែកស្រស់បំព្រងដែលផ្តល់អំណោយផលដល់ជីវិតសត្វស្លាប និងសត្វព្រៃដ៏សម្បូរបែប។ ប៉ុន្តែនៅពេលខែធ្នូឈានចូលមកដល់ ទឹកហូរហៀរទាំងនោះក៏ស្រកអស់ទៅវិញ បន្សល់ទុកនូវតែទឹកក្នុងត្រពាំងតែប៉ុណ្ណោះ។ ដូច្នេះត្រពាំងទឹកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹមសត្វព្រៃពេញមួយរដូវប្រាំង។ ទោះជាយ៉ាងនេះក្ដី ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ ត្រពាំងជាច្រើនត្រូវបានបំពេញដោយល្បាប់ថ្មីៗ និងរុក្ខជាតិដុះពាសពេញ ដែលធ្វើឱ្យលទ្ធភាពនៃការផ្ទុកទឹករបស់វាមានការថយចុះ។ ហើយជាលទ្ធផល ត្រពាំងទាំងនោះក៏លែងអាចដើរតួនាទីជាប្រភពទឹកសម្រាប់ទ្រទ្រង់ជីវិតជីវៈចម្រុះនៅក្នុងព្រៃទៀតបាន។

ចំពោះមុខបញ្ហានេះ ស្ថាប័នដដែលសម្គាល់ឃើញថា សព្វថ្ងៃនេះការរីងស្ងួត និងការបាត់បង់ត្រពាំងបានផ្ដល់ផលប៉ះពាល់ដល់សត្វព្រៃ និងសហគមន៍យ៉ាងខ្លាំង ដោយសារពួកគេពឹងផ្អែកលើធនធានធម្មជាតិរបស់ដែនជម្រកសត្វព្រៃ ដើម្បីចិញ្ចឹមជីវិត។ មូលហេតុចម្បងនៃការបាត់បង់ប្រភពទឹកទាំងនោះ គឺដោយសារតែសំណឹកដីដែលបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ គួបផ្សំនឹងការបាត់បង់នៃសត្វធំៗដូចជា ទន្សោង និងដំរី ជាដើម ដែលការននៀលខ្លួនរបស់សត្វទាំងនោះតែងជួយថែរក្សាជម្រៅ និងជួយពង្រីកត្រពាំងឱ្យធំជាងមុនបាន។ គួរជម្រាបថា ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា មានត្រពាំងទឹកជាង២០០កន្លែង តាមការកត់ត្រាទុក។ ហើយត្រពាំងទាំងនោះ ជាអាងទឹកសម្រាប់ប្រភេទសត្វព្រៃជិតផុតពូជ និងជិតផុតពូជបំផុតជាច្រើន ក្នុងការចុះមុជទឹកផ្សើមខ្លួន និងសម្រាកទប់ទល់ពីភាពក្ដៅរាំងស្ងួតនារដូវប្រាំង។ ប៉ុន្តែជាអកុសល យ៉ាងហោចណាស់មួយភាគបួននៃចំនួនត្រពាំងទាំងនោះបានរីងស្ងួត ឬជិតរីងអស់ទៅហើយ។

សូមបញ្ជាក់ថា កន្លងមក លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានគេរិះគន់ថា លោក..ជាបណ្ឌិតគ្មានចក្ខុវិស័យ ជីកស្រះទឹកកណ្ដាលព្រៃ តើបានប្រយោជន៍អ្វីដល់សង្គម? ប៉ុន្តែក្រោយមក លោកបានបង្ហោះសារមួយភ្ជាប់ជាមួយរូបភាព១១សន្លឹក នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក បញ្ជាក់ពីគុណប្រយោជន៍ដ៏មានសារសំខាន់ នៃការជីកស្រះទឹកកណ្តាលព្រៃក្នុងតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប កាលពីរសៀលថ្ងៃសុក្រទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ការជីកប្រឡាយទឹក ឬស្តារត្រពាំងបឹងបួរឡើងវិញ គឺបាន សង្គ្រោះអាយុជីវិតសត្វជាច្រើនប្រភេទដូចជា៖ សត្វឈ្លូស ប្រើស ជ្រូកព្រៃ ទន្សាយ ទាទឹក ខ្លា ទន្សោង គោព្រៃ ក្របីព្រៃ ដែលកន្លងមកមានសត្វខ្លះស្វែងរកប្រភពទឹកដល់ក្នុងភូមិអ្នកស្រុក ហើយត្រូវបានក្រុមមនុស្សមួយចំនួនជឿលើជំនឿអរូបីចោទប្រកាន់ថា សត្វទាំងនោះនាំចង្រៃវាយសម្លាប់ដោយគ្មានក្ដីមេត្តាឡើយ។ ដូច្នេះ ការជីកស្តារប្រឡាយ ត្រពាំងបឹងបួរនៅតាមព្រៃអភិរក្ស ឬព្រៃដែនជម្រកសត្វនៅប្រទេសកម្ពុជា បិតជាមានសារសំខាន់ខ្លាំងណាស់ ដែលរាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិលបម្រើឱ្យវិស័យការពារសត្វព្រៃ មិនអាចមើលរំលងបានឡើយ...៕










