ភ្លើងឆេះព្រៃរាលដាលជិតដល់រដ្ឋធានីអាថែន ខណៈដែលក្រិកអំពាវនាវឱ្យសហភាពអឺរ៉ុបជួយ
ម៉េងហុង
13 សីហា 2024 03:30 AM

រដ្ឋធានីអាថែន៖ ក្រុមអ្នកពន្លត់អគ្គីភ័យរាប់រយនាក់បាននិងកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃដ៏ធំមួយបានបន្តឆាបឆេះនៅតំបន់ជាយក្រុងភាគឦសាននៃរដ្ឋធានីអាថែន ខណៈវាបានបង្ខំឱ្យប្រជាជនរាប់ពាន់នាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ និងបង្កឱ្យមានការអំពាវនាវរបស់រដ្ឋាភិបាលក្រិកសម្រាប់ជំនួយអន្តរជាតិ។

ភ្លើងឆេះព្រៃបានចាប់ផ្តើមកាលពីរសៀលថ្ងៃអាទិត្យនៅតំបន់ Varnavas ចម្ងាយប្រហែល ៣៥ គីឡូម៉ែត្រភាគឦសាននៃរដ្ឋធានីអាថែន។អ្នកពន្លត់អគ្គីភ័យជាង ៧០០ នាក់ជាមួយនឹងឡានពន្លត់អគ្គីភ័យជិត ២០០ គ្រឿង និងយន្តហោះជាង ៣០ គ្រឿងកំពុងព្យាយាមពន្លត់ភ្លើង។ នៅក្នុងទិដ្ឋភាពដែលមិនធ្លាប់ឃើញពីមុនមកនៅក្នុងរដ្ឋធានីក្រិក អ្នកស្រុកពាក់ម៉ាសដើម្បីទប់ទល់នឹងផ្សែងហុយខ្លាំង។ ក្រិកកាលពីថ្ងៃចន្ទទី ១២ ខែសីហា បានអំពាវនាវជាផ្លូវការសម្រាប់ជំនួយពីសហភាពអឺរ៉ុប។ ក្រិចបានប្រកាសអាសន្នកម្រិតខ្ពស់យ៉ាងហោចណាស់រហូតដល់ថ្ងៃព្រហស្បតិ៍ ជាមួយនឹងខ្យល់បក់ខ្លាំង និងសីតុណ្ហភាពដែលត្រូវបានព្យាករណ៍ថានឹងឡើងដល់ ៤០ អង្សាសេ។

អាជ្ញាធរ​បាន​បើក​កីឡដ្ឋាន​អូឡាំពិក​នៅ​ភាគ​ខាងជើងរដ្ឋធានី​អាថែន និង​កីឡដ្ឋាន​ផ្សេង​ទៀត​ដើម្បី​ផ្តល់ជម្រកដល់មនុស្ស​រាប់​ពាន់​នាក់​ដែល​ត្រូវ​ជម្លៀស​ចេញ​ពីតំបន់រងផលប៉ះពាល់។ អ្នកនាំពាក្យកងពន្លត់អគ្គីភ័យ លោក វ៉ាស៊ីលីស វ៉ាតរ៉ាកូហ្គៀននីស (Vassilis Vathrakogiannis) បាននិយាយថា អ្នកពន្លត់អគ្គីភ័យម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ម្នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានបញ្ហាផ្លូវដង្ហើម ហើយមនុស្ស ១៣ នាក់ផ្សេងទៀតត្រូវបានព្យាបាលដោយបញ្ហាផ្លូវដង្ហើមស្រាល។ ក្រុមអ្នកពន្លត់អគ្គីភ័យ បានបញ្ជាក់ថា អណ្តាតភ្លើងដែលគំរាមកំហែងដល់ប្លុកផ្ទះល្វែង សាលារៀន និងអាជីវកម្ម បានរាលដាលជិតដល់រដ្ឋធានី។

អ្នកនាំពាក្យសហភាពអឺរ៉ុប លោក បាឡាស យូវ៉ារី (Balazs Ujvari) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យន្តការការពារស៊ីវិលរបស់សហភាពអឺរ៉ុបត្រូវបានធ្វើឱ្យសកម្មតាមការស្នើសុំរបស់អាជ្ញាធរក្រិក ដោយបន្ថែមថា អ៊ីតាលី បារាំង សាធារណរដ្ឋឆេក និងរូម៉ានីកំពុងបញ្ជូនអង្គភាពទៅជួយ»។ ទន្ទឹមនឹងនោះ ប្រធានសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បានសរសេររៀបរាប់នៅលើបណ្តាញសង្គម X ថា៖«យើងឈរជាមួយប្រទេសក្រិច នៅពេលដែលប្រទេសនេះប្រយុទ្ធនឹងភ្លើងដ៏សាហាវ»។

ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក ហ្គេរ៉ាល់ ដាម៉ានីន (Gerald Darmanin) បាននិយាយថា រដ្ឋធានីប៉ារីសកំពុងបញ្ជូនអ្នកពន្លត់អគ្គីភ័យចំនួន ១៨០ នាក់ រថយន្តដឹកទំនិញចំនួន ៥៥ គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង ដើម្បីជួយដល់សហសេវិកក្រិកដែលកំពុងរងទុក្ខលំបាក។ ក្រសួងការពារជនស៊ីវិលក្រិកបានបញ្ជាក់ថា ជំនួយពីប្រទេសអេស្ប៉ាញ និងតួកគីក៏កំពុងត្រូវបានបញ្ចប់ផងដែរ។

គួរបញ្ជាក់ថា រដូវក្ដៅនៅប្រទេសក្រិចត្រូវបានសម្គាល់ដោយភ្លើងឆេះព្រៃជាយូរណាស់មកហើយ ប៉ុន្តែអាកាសធាតុកាន់តែក្ដៅ និងស្ងួតដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុបានធ្វើឱ្យភ្លើងឆេះកាន់តែញឹកញាប់ និងកាន់តែខ្លាំង។ ភ្លើង​ឆេះ​ព្រៃ​ដែល​មាន​កម្តៅ​ខ្លាំង​ក៏​បាន​ឆាបឆេះ​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​អេ​ស្ប៉ា​ញ និងរដ្ឋ​បាល់​កង់​ផង​ដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត