មនុស្ស ២៦ នាក់ស្លា.ប់ និង ៨៥ នាក់បានរងរបួស បន្ទាប់ពីរថភ្លើងពីរបានបុកគ្នានៅប្រទេសក្រិក
ហៀប ស៊ីថេត
01 មីនា 2023 04:30 AM

មនុស្ស ២៦ នាក់​បាន​ស្លាប់ និង ៨៥ នាក់​បាន​រង​របួស​បន្ទាប់​ពី​រថភ្លើង​ពីរ​បាន​បុក​គ្នា​ពេញ​ទំហឹង​នៅ​ក្នុង​ប្រទេស​ក្រិក កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ទី២៨ ខែកុម្ភៈ ខណៈ​មូលហេតុ​នៃ​ការ​បុកគ្នានៅ​មិន​ទាន់​ច្បាស់​លាស់​នៅឡើយ។

អភិបាលនៃតំបន់ Thessaly បាននិយាយថា រថភ្លើងដឹកអ្នកដំណើរដែលធ្វើដំណើរពីទីក្រុង Athens ទៅកាន់ទីក្រុង Thessaloniki ភាគខាងជើង បានបុកជាមួយនឹងរថភ្លើងដឹកទំនិញនៅខាងក្រៅទីក្រុង Larissa នៅកណ្តាលប្រទេសក្រិក។

អភិបាលខេត្តលោក Konstantinos Agorastos បានប្រាប់ទូរទស្សន៍ SKAI ដោយបន្ថែមថា ទូរថភ្លើងទាំងបួនផ្នែកខាងមុខនៃរថភ្លើងដឹកអ្នកដំណើរបានក្រឡាប់ ខណៈរថភ្លើងទាំងពីរបានបុកគ្នាយ៉ាងពេញទំហឹង។ លើសពីនេះ លោកបាននិយាយ​ថា ទូរថភ្លើង​ពីរ​ខាងមុខដែល​បាន​បុក​គ្នា​គឺត្រូវ​បាន​បំផ្លាញ​ស្ទើរ​តែ​ទាំង​ស្រុង។

អ្នកដំណើរប្រហែល ២៥០ នាក់ត្រូវបានជម្លៀសដោយសុវត្ថិភាពទៅកាន់ទីក្រុង Thessaloniki តាមរយៈឡានក្រុង។ អ្នកដំណើរម្នាក់បានប្រាប់ទូរទស្សន៍រដ្ឋ ERT ថា លោកបានរត់គេចខ្លួនបន្ទាប់ពីបានបំបែកបង្អួចរថភ្លើងជាមួយនឹងវ៉ាលីរបស់លោក។ រីឯយុវជន​ម្នាក់​ដែល​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ស្ពាន​ក្បែរ​នោះ​បាន​ប្រាប់​ទូរទស្សន៍ SKAI ថា​៖ «​មានការ​ភ័យ​ស្លន់ស្លោ​ដ៏គួរឱ្យរន្ធត់នៅ​ក្នុង​ទូរថភ្លើង ខណៈមនុស្ស​ម្នា​ស្រែកយ៉ាងទ្រហឹង​»​។ ចំណែកឯអ្នកដំណើរម្នាក់ទៀតបានប្រាប់ទូរទស្សន៍រដ្ឋ ERT ថា ៖«វាប្រៀបដូចជាការរញ្ជួយដី» ។

លោក Konstantinos Agorastos
លោក Konstantinos Agorastos

ប្រព័ន្ធផ្សព្វផ្សាយទូរទសស្សន៍ SKAI បានបង្ហាញវីដេអូនៃទូរថភ្លើងដែលក្រឡាប់ រងការខូចខាតយ៉ាងធ្ងន់ធ្ងរជាមួយនឹងបង្អួចដែលខូច និងផ្សែងហុយទ្រលោម ក៏ដូចជាកំទេចកំទីខ្ទាតពាសពេញផ្លូវ ខណៈក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុងកាន់​ពិល​ក្នុង​ទូរថភ្លើង​​ស្វែង​រក​អ្នក​ដំណើរ​ដែល​ជាប់នៅក្នុងនោះ។

ជុំវិញឧប្បទ្ទវហេតុនេះ អ្នកនាំពាក្យកងពន្លត់អគ្គីភ័យ លោក Vassilis Varthakogiannis បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ៖«ការជម្លៀសអ្នកដំណើរកំពុងដំណើរការក្នុងស្ថានភាពលំបាកខ្លាំង ដោយសារភាពធ្ងន់ធ្ងរនៃការប៉ះទង្គិចគ្នានៃរថភ្លើងទាំងពីរ»។

នៅព្រឹកព្រលឹមថ្ងៃពុធទី ១ ខែមីនា វីដេអូពីទូរទស្សន៍រដ្ឋ ERT បានបង្ហាញអ្នកជួយសង្គ្រោះដែលមានចង្កៀងមុខកំពុងស្វែងរកអ្នកនៅរស់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមានមនុស្សប្រហែល ៣៥០ នាក់បានធ្វើដំណើរលើរថភ្លើងដឹកអ្នកដំណើរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត