
មនុស្សរហូតដល់៣ម៉ឺននាក់ ត្រូវបានជម្លៀសចេញ ខណៈដែលភ្លើងឆេះព្រៃបានគំរាមកំហែងផ្ទះសម្បែង និងសណ្ឋាគារនៅលើកោះ Rhodes របស់ក្រិកកាលពីថ្ងៃសៅរ៍ទី២២កក្កដា។

មនុស្សជាង២ពាន់នាក់ត្រូវបានជួយសង្គ្រោះចេញពីឆ្នេរសមុទ្រ ដោយសារភ្លើងបានគំរាមកំហែងដល់សណ្ឋាគារ និងតំបន់ទេសចរណ៍។ ភ្លើងបានឆេះងុំអស់ជាច្រើនសប្តាហ៍កន្លងមក នៅផ្នែកខាងក្នុងភ្នំនៃកោះនេះ រហូតដល់មានខ្យល់បក់ខ្លាំង សីតុណ្ហភាពខ្ពស់ និងលក្ខខណ្ឌស្ងួតបានឆាបឆេះទៅឆ្នេរសមុទ្រនៅភាគកណ្តាល និងភាគខាងកើតរបស់កោះនេះ។ មន្ត្រីក្នុងតំបន់បានអះអាងថា ប្រតិបត្តិការនេះត្រូវបានរារាំងដោយភ្លើងបានកាត់ផ្តាច់ផ្លូវមួយចំនួន ខណៈ អ្នកនាំពាក្យម្នាក់បាននិយាយថា៖ «គោលបំណងចម្បងគឺការពារអាយុជីវិតមនុស្ស»។

មនុស្សត្រូវបានគេជម្លៀសទៅកន្លែងហាត់ប្រាណ សាលារៀន និងមជ្ឈមណ្ឌលសន្និសីទនៅលើកោះ ខណៈដែលក្រុមពន្លត់អគ្គិភ័យបានព្យាយាមពន្លត់អគ្គិភ័យនេះ។ សាឡាងដឹកអ្នកដំណើរចំនួន៣ត្រូវបានចតនៅកំពង់ផែ Rhodes ដើម្បីផ្ទុកអ្នកដែលត្រូវបានជួយសង្គ្រោះ។ មន្ត្រីឆ្មាំសមុទ្របាននិយាយថា នាវាឆ្មាំឆ្នេរសមុទ្រ និងទូកឯកជនជាង២០គ្រឿងបានចូលរួមក្នុងការជម្លៀសជាបន្ទាន់នូវមនុស្សដែលជាប់គាំងនៅលើឆ្នេរខ្សាច់នៅជិតភូមិ Kiotari និង Lardos កាលពីយប់ថ្ងៃសៅរ៍ទី២២កក្កដា។ សេវាកម្មពន្លត់អគ្គិភ័យបានអះអាងថា អ្នកពន្លត់អគិ្គភ័យជាង២០០នាក់ និងរថយន្តពន្លត់អគ្គីភ័យ៤០គ្រឿង កំពុងជួយពន្លត់ភ្លើងនេះ ដោយមានជំនួយដោយយន្តហោះចំនួន៥គ្រឿង និងឧទ្ធម្ភាគចក្រចំនួន៣គ្រឿង ក៏ដូចជាអ្នកពន្លត់អគ្គីភ័យមកពីប្រទេសស្លូវ៉ាគីដែលបានយត្រៀមមកជួយ។

ជុំវិញគ្រោះមហន្តរាយនេះ អ្នកនាំពាក្យសេវាកម្មពន្លត់អគ្គីភ័យលោក Vassilis Varthakogiannis បានប្រាប់ស្ថានីយទូរទស្សន៍ក្នុងស្រុកមួយថា ៖«នេះមិនមែនជាភ្លើងដែលនឹងរលត់នៅថ្ងៃស្អែក ឬថ្ងៃបន្ទាប់នោះទេ វានឹងអូសបន្លាយជាច្រើនថ្ងៃ»។ ជាចុងក្រោយ លោកបានបន្ថែមថា មនុស្ស ១២០០នាក់ផ្សេងទៀតត្រូវបានគេរំពឹងថានឹងត្រូវបានជម្លៀសចេញពីភូមិ Pefki, Lindos និង Kalathos ៕





