ប្រទេសតួកគីនៅថ្ងៃអាទិត្យទី ២៨ ខែសីហាបានឱ្យដឹងថា ប្រទេសក្រិកដែលជាសមាជិកអង្គការណាតូ បានប្រើប្រព័ន្ធការពារដែនអាកាសផលិតដោយរុស្ស៊ី ដើម្បីរំខានដល់ប្រតិបត្តិការរបស់យន្តហោះតួកគីក្នុងបេសកកម្មឈ្លបយកការណ៍ និងបានបង្ក «សកម្មភាពអរិភាព»។
ប្រភពពីក្រសួងការពារជាតិតួកគីបានបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើងនៅថ្ងៃទី ២៣ ខែសីហានៅពេលដែលប្រព័ន្ធមីស៊ីល S-300 របស់ប្រទេសក្រិកនៅលើកោះ Crete បានធ្វើឱ្យប៉ះពាល់ដល់យន្តហោះ F-16 របស់តួកគី ដែលហោះហើរនៅរយៈកម្ពស់ ១ ម៉ឺនហ្វីតភាគខាងលិចទីក្រុងរ៉ូដ (Rhodes)។ ប្រភពបានបន្ថែមថា សកម្មភាពនេះ គឺមានភាពផ្ទុយស្រឡះពីស្មារតីនៃសម្ព័ន្ធភាពណាតូ ហើយវាជាអំពើអរិភាពក្រោមច្បាប់នៃការចូលរួមរបស់ណាតូ។

ទោះបីជាមានសកម្មភាពអរិភាពនេះក៏ដោយ យន្តហោះឈ្លបយកការណ៍របស់តួកគី បានបញ្ចប់បេសកកម្មដែលបានគ្រោងទុក ហើយបានត្រឡប់ទៅមូលដ្ឋានរបស់ពួកគេវិញដោយសុវត្ថិភាព។
យ៉ាងណាមិញ ប្រភពក្រសួងការពារជាតិក្រិកបានច្រានចោលការចោទប្រកាន់នេះ។ យោងតាមទូរទស្សន៍រដ្ឋ Ert បានឱ្យដឹងថា ប្រព័ន្ធមីស៊ីល S-300 របស់ប្រទេសក្រិក មិនបានបង្កសកម្មភាពអរិភាពណាមួយលើយន្តហោះ F-16 របស់តួកគីទេ។ ដោយឡែក តួកគីបានត្អូញត្អែរអំពីអ្វីដែលខ្លួនហៅថាសកម្មភាពបង្កហេតុដោយក្រិក ដោយលើកឡើងថា ទង្វើបែបនេះធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ប្រទេសសម្ព័ន្ធមិត្តរបស់អង្គការណាតូទាំងពីរនេះ មានជម្លោះដែនសមុទ្រ និងផ្លូវអាកាសដ៏យូរអង្វែង ដែលនាំទៅដល់ការល្បាត និងបេសកកម្មស្ទាក់ចាប់របស់កងកម្លាំងអាកាសស្ទើរតែរាល់ថ្ងៃ ភាគច្រើននៅជុំវិញកោះក្រិក និងក្បែរឆ្នេរសមុទ្ររបស់ប្រទេសតួកគី។ ក្រុងអាថែនបានចោទក្រុងអង់ការ៉ាថាបានហោះរំលងកោះក្រិក។ ខណៈ តួកគីបានលើកឡើងថា ប្រទេសក្រិចកំពុងឈរជើងនៅលើកោះនានាក្នុងសមុទ្រ Aegean ដោយបំពានលើសន្ធិសញ្ញាសន្តិភាពដែលបានចុះហត្ថលេខាក្រោយសង្គ្រាមលោកលើកទី ១ និងទី ២ ។
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានកាត់ផ្តាច់ការសន្ទនាជាមួយក្រិក បន្ទាប់ពីចោទប្រកាន់ថា នាយករដ្ឋមន្ត្រីក្រិក Kyriakos Mitsotakis បានបញ្ចុះបញ្ចូលប្រឆាំងនឹងការលក់អាវុធរបស់សហរដ្ឋអាម៉េរិកដល់ប្រទេសរបស់លោក។ ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើទីក្រុងអង់ការ៉ា សម្រាប់ការទទួលយកប្រព័ន្ធការពារមីស៊ីលរុស្ស៊ីកម្រិតខ្ពស់នៅឆ្នាំ ២០១៩។ ការទិញនេះបានធ្វើឱ្យសហរដ្ឋអាម៉េរិកទម្លាក់តួកគីពីកម្មវិធីយន្តហោះចម្បាំង F-35 ៕



