មិនមែនថត MV ទេ! អាវុធហត្ថចាប់ខ្លួន 4T5 និងបក្ខពួកក្រោយដេញកាប់គូទំនាស់របួសក្បាលជិត៤០ថ្នេរ
ហាក់ អ៊ីឌី
13 សីហា 2024 03:00 AM

  បន្ទាយមានជ័យ៖​ យ៉ាងហោចណាស់មានមនុស្ស៦នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនពាក់ព័ន្ធករណីហិង្សាករណីហិង្សាដោយចេតនា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ពោលគឺប្រើកាំបិតប័ុងតោកាប់ទៅលើគូទំនាស់បណ្ដាលឱ្យរងរបួស នៅចំណុចមុខម៉ាតក្នុងបុរីឌឹផាកស៊ីធី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ 

យោងតាមការបញ្ជាក់ពីមន្ត្រីកងរាជអាវុធហត្ថនាព្រឹកថ្ងៃទី១៣សីហានេះបានឱ្យដឹងថា ជនសង្ស័យទាំង៦​នាក់មានឈ្មោះទី១ លីន វរៈបុត្រ អាយុ១៩ឆ្នាំ មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ,​ ទី២ឈ្មោះ ស្រ៊ឹម ម៉េងលី  អាយុ១៩ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ទី៣ឈ្មោះ សេង ទីទី អាយុ២៦ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  ទី៤ ឈ្មោះ រិន បូរ៉ា  អាយុ​ ៣០ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ,​ ទី៥ ឈ្មោះ ហុង សុន្ទរោ ហៅ4T5 អាយុ២៥ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និង​ទី៦ឈ្មោះ ជា ធារ៉ា អាយុ២៤ឆ្នាំ មានទីលំនៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

គួររម្លឹកផងដែរថា កាលពីថ្ងៃកើតហេតុខាងលើជនសង្ស័យទាំង៦នាក់ ប្រដាប់ដោយកាំបិតគ្រប់ដៃបានកាប់ទៅលើយុវជនម្នាក់ឈ្មោះ​ ចំណាន រតនៈពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បណ្ដាលឱ្យរងរបួសក្បាលផ្នែកខាងលើដេរចំនួន​៣៦ថ្នេរ និងប្រើកូនកាំបិតចាក់លើចង្ការខាងឆ្វេងបណ្ដាលឱ្យរងរបួសដេរចំនួន​២ថ្នេរ​ផងដែរ។ បន្ទាប់ពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យខាងលើ​ បានជិះម៉ូតូគេចខ្លួនបាត់ បន្សល់ទុកជនរងគ្រោះដេកនៅក្នុងថ្លុកឈាម ត្រូវបានក្រុមសង្គ្រោះដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។ រហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ មូលដ្ឋានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត​ បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ។ បច្ចុប្បន្ន​ ជនសង្ស័យខាងលើរួមទាំងវត្ថុតាង​ សមត្ថកិច្ចជំនាញ​ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត