
សិល្បៈ៖ ពិតជាមោទនភាពណាស់ដែលសិល្បករសិល្បៈការរិនីកម្ពុជាចំនួនពីររូប គឺតារាសម្តែងរាងតូចច្រលឹង កញ្ញា ស៊ីន យូប៊ីន និងកំពូលតារារ៉េបលំដាប់ប្រទេសលោក វណ្ណដា នាខែឧសភានេះ បានធ្វើឱ្យសារព័ត៌មានបរទេសល្បីៗ ចាប់អារម្មណ៍ចុះផ្សាយ និងកោតសរសើរព្រោងព្រាតតែម្ដង...។

ជាក់ស្តែង វត្តមានរបស់តារាសម្ដែងកម្ពុជា កញ្ញា ស៊ីន យូប៊ីន ចូលរួមក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកាន លើកទី៧៦ នៅប្រទេសបារាំង ស្រីតូចច្រលឹងរូបនេះ បានធ្វើឱ្យសារព័ត៌មានអន្តរជាតិល្បីៗជាច្រើនដូចជា ទីភ្នាក់ងារព័ត៌មាន AFP សារព័ត៌មាន USA ,TOPNews.MEDIA, JUST JARED, ITALY 24, VNExpress, The Star, Daily Mails, Soho.com, Tatler Asia,Yahoo និងសារព័ត៌មានល្បីជាច្រើនទៀត ចុះផ្សាយកោតសរសើរចំពោះវត្តមានដើរលើកម្រាលព្រំក្រហម ក្នុងមហោស្រពភាពយន្ត Cannes ឆ្នាំ២០២៣ ដែលនេះពិតជាធ្វើឱ្យពិភពលោកកាន់តែបានស្គាល់ពីប្រទេសកម្ពុជាយើងបន្ថែមទៀត។

ដោយឡែក ចំពោះកំពូលតារាចម្រៀងរ៉េប លោក វណ្ណដា មិនត្រឹមតែមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តារាចម្រៀងរ៉េបវ័យក្មេងរូបនេះ ក៏កំពុងតែមានប្រជាប្រិយភាពនៅក្នុងបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ីផងដែរ ខណៈថ្មីៗនេះទស្សនាវដ្តីដ៏ល្បីរបស់អាម៉េរិក Forbes បានរាប់បញ្ចូលរូបលោក ទៅក្នុងបញ្ជីយុវជនមានឥទ្ធិពលបំផុតទាំង៣០នាក់ មានអាយុក្រោមអាយុ៣០ឆ្នាំ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឬហៅថា «FORBES 30 UNDER 30 ASIA 2023»។ នេះបើតាមការចុះផ្សាយចេញពីគេហទំព័រ Forbes ផ្ទាល់ចេញផ្សាយនៅក្នុងខែឧសភា ឆ្នាំ២០២៣នេះ។

សូមជម្រាបថា Forbes ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាទស្សនាវដ្តីដ៏ល្បីមួយសម្រាប់កត់ត្រាបញ្ជីចំណាត់នានា ក្នុងនោះរួមមានបញ្ជីមហាសេដ្ឋីមានប្រាក់ច្រើនបំផុត, បញ្ជីក្រុមហ៊ុនកំពូលៗ រួមទាំងបញ្ជីនៃអ្នកមានអំណាចបំផុតរបស់ពិភពលោកជាដើម៕







