
គុនខ្មែរ៖ បន្ទាប់ពីជោគជ័យជាបន្តបន្ទាប់ ពិសេសតាមរយៈការផ្ដួលដៃគូឱ្យបោះបង់ការប្រកួតត្រឹមទឹកទី២កាលពីពេលថ្មីៗនេះ អ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា មានឈ្មោះចេញទៅប្រកួតនៅក្រៅប្រទេសនៅខែក្រោយនេះហើយ។ នេះបើយោងតាមការបញ្ជាក់ពី លោក ជួប វត្ថា...។

លោក ជួប វត្ថា ជាអ្នករៀបចំកម្មវិធីប្រដាល់ស្ថានីយទូរទស្សន៍ថោន បានបញ្ជាក់នៅលើបញ្ដាញសង្គមនៅព្រឹកថ្ងៃទី១០សីហាថា៖«កីឡាករជួរមុខកម្ពុជា ធឿន ធារ៉ា មានឈ្មោះរួចជាស្រេចហើយ រង់ចាំតែថ្ងៃមកដល់នឹងចេញទៅតែប៉ុណ្ណោះ ប៉ុន្តែខ្ញុំ..ក៏អត់ចង់វែកញែកអ្វីច្រើនដែរ! ដោយសារតែ[..]កាលណាដែលមិនទាន់ឡើងលើសង្វៀន ក៏ដូចជាមិនទាន់បានចេញទៅ យើងក៏មិនអាចនិយាយមុន ថាយើងត្រូវតែចេញទៅថ្ងៃនេះ ឬថ្ងៃនោះ ស្រេចតែចិត្តបានដែរ។ ប៉ុន្តែ..ខ្ញុំសូមជម្រាបជូនបងប្អូនអ្នកគាំទ្រគុនខ្មែរថា ធឿន ធារ៉ា មានឈ្មោះរួចជាស្រេច សម្រាប់ការចេញទៅក្រៅប្រទេស។ សូមបង្ហើបឱ្យបងប្អូនបានដឹងបន្តិច គឺមានទាំងប្រទេសជប៉ុន មានទាំងកូរ៉េ ហើយនឹងសហរដ្ឋអាម៉េរិក ថែមទៀតផង»។

លោក ជួប វត្ថា បានគូសបញ្ជាក់បន្ថែមថា៖«ចំពោះកាលបរិច្ឆេទ ខ្ញុំមិនអាចទម្លាយចេញបាននៅឡើយទេ ព្រោះខ្ញុំកំពុងរង់ចាំព័ត៌មានបន្ថែមពីលោក គីម ស៊្រុនកុសល ហៅ ថមមី គីម បន្ថែមទៀត។ ពីព្រោះ បង ថមី គីម គឺជាស្ថាបនិកម្នាក់ដែលគាត់បានដឹកនាំផ្សាភ្ជាប់យ៉ាងស្អិតល្មួតរវាងស្ថានីយទូរទស្សន៍ថោន និងនាំយកគុនខ្មែរយើងចេញទៅផ្សព្វផ្សាយនៅឯក្រៅប្រទេស។ អ៊ីចឹង គឺគាត់ព្យាយាមក្នុងកាកៀងគរដៃគូនៅក្រៅប្រទេសបានច្រើន។ កម្មវិធីធំៗនៅខាងក្រៅប្រទេស គឺយើងនឹងមានជាបន្តបន្ទាប់ទៀតដូចគ្នាដែរ។ អ៊ីចឹង...គឺខ្ញុំរង់ចាំភ្លើងខៀវពីគាត់ដែរ ទើបខ្ញុំហ៊ានទម្លាយប្រាប់កាលបរិច្ឆេតចេញទៅក្រៅប្រទេសជូនបងប្អូនបាន។ ប៉ុន្តែនៅក្នុងនោះ បងថមមី បានបង្ហើបប្រាប់ខ្ញុំដូចគ្នាដែរថា យើងនឹងមានការរៀបចំកម្មវិធីនៅខាងក្រៅច្រើន ហើយក្នុងនោះដែរ ធឿន ធារ៉ា គឺជាបេក្ខភាពដែលគេចុចឈ្មោះ ហើយក៏ជាបេក្ខភាពដែលត្រូវចេញទៅដែរ»។

លោក ជួប វត្ថា បានសង្កត់ធ្ងន់ថា៖«ចាំមើល ធឿន ធារ៉ា សិន ត្រូវបង្វឹកគាត់ឱ្យចូលលេងឃីកបុកស៊ីងឱ្យច្រើនជាងនេះបន្តិច ដូចអ្វីដែលបងថមមី បានលើកឡើងពីពេលកន្លងមកថា ធឿន ធារ៉ា ត្រូវតែចេះទាំងគុនខ្មែរ និងឃីកបុកស៊ីង ហើយឃីកបុកស៊ីងនេះត្រូវតែស្ទាត់ជំនាញជាងនេះបន្ថែមទៀត ព្រោះអីបើនិយាយពី ធឿន ធារ៉ា វាយលើវីញ្ញាសារឃីកបុកស៊ីង ប្រៀបដូចជាកូនក្មេងទើបចេះដើរអ៊ីចឹង។ សម្រាប់ខ្ញុំ ធឿន ធារ៉ា វាយឃីកម្ដងៗនៅមានចន្លោះខ្វះខាតច្រើនមែនទែន។ ប៉ុន្តែ ប្រសិនបើចូលទៅសង្វៀនណុកអៅ ធារ៉ា លេងបាន។ តែ[..]ប្រសិនចូលទៅសង្វៀនផ្សេងនៅជប៉ុន ភាគច្រើនគឺគេវាយឃីកបុកស៊ីងហើយ ដូចជានៅសង្វៀន k-1។ ខ្ញុំសូមប្រាប់ដំណឹង គួរឱ្យភ្អាក់ផ្អើលជូនបងប្អូនគាំទ្រគុនខ្មែរទាំងអស់បន្តិចចុះ! ធឿន ធារ៉ា អាចនឹងចេញទៅក្រៅប្រទេសនៅខែកញ្ញា-តុលា នេះហើយ ដូច្នេះ រង់ចាំតាមដានទាំងអស់គ្នា ថាតើ ធឿន ធារ៉ា ចេញទៅវាយវិញ្ញាសាគុនខ្មែរ ឬឃីកបុកស៊ីង..?»។

ទោះជាយ៉ាងណា មហាជនសង្ឃឹមថា តាមរយៈការបញ្ជាក់ពីលោក ជួប វត្ថា ច្បាស់ៗនៅពេលនេះ អាចនឹងលាងជម្រះមន្ទឹលអ្នកគាំទ្រមួយចំនួនដែលយល់ថា កីឡាករ ធឿន ធារ៉ា ខ្លាំងបានតែនៅក្នុងរូង ជាកង្កែបក្នុងអណ្ដូងមិនហ៊ានចេញប្រឡូកសង្វៀនក្រៅស្រុកល្បីៗ ដូចកីឡាករគុនខ្មែរមួយចំនួនទៀត ដែលបានបង្ហាញមុខនៅសង្វៀនប្រទេសជប៉ុន, ចិន, ឬបារាំងនោះ។ ដូច្នេះ អ្នកគាំទ្រដែលកំពុងតែរង់ចាំយ៉ាងអន្ទះសា អាចរង់ចាំមើលនៅចន្លោះខែកញ្ញា និងខែតុលាខាងមុខ តើ កីឡាករ ធឿន ធារ៉ា អាចចេញទៅប្រកួតនៅក្រៅប្រទេសធ្វើព្យុះភ្លៀងនៅបរទែសបានដែរ ឬយ៉ាងណា? ខណៈអ្នកគាំទ្រព្យាករទុកជាមុនថា ធឿន ធារ៉ា ចេញទៅដូចអ្វីដែល លោក ជួប វុត្ថា បញ្ជាក់ប្រាប់ពិតមែននោះ គឺនឹងកក្រើកអស់ឋានទាំងបីជាក់ជាមិនខានឡើយ៕



