
ខេត្តស្ទឹងត្រែង៖ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសដកហូតយកមកវិញគ្រប់ទីតាំងដីព្រៃរបស់រដ្ឋ ដែលជនខិលខូចមួយចំនួនបានទន្ទ្រានក្នុងតំបន់ការពារធម្មជាតិ «គិរីសុខសាន្ត»និង«អន្លង់ជ្រៃ» ព្រមទាំងដាក់ចេញនៅវិធានការទប់ស្តាក់ លុបបំបាត់សកម្មភាពទន្ទ្រានដីព្រៃទាំងនោះ ដោយទុកពេលឱ្យអ្នកពាក់ព័ន្ធប្រព្រឹត្តិបទល្មើសបញ្ឈប់ហើយចាកចេញឱ្យបានមុនដំណាច់ខែសីហា។ នេះបើតាមសេចក្តីជូនដំណឹងរបស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ចុះថ្ងៃទី៨សីហា ឆ្នាំ២០២៤..។

បើតាមសេចក្តីជូនដំណឹងដកហូតដីព្រៃដែលត្រូវជនខិលខូចទន្ទ្រានកាន់កាប់រយៈពេល៦ឆ្នាំមកហើយរបស់មន្ទីរបរិស្ថានខេត្ត គឺធ្វើឡើងក្រោយមន្ទីរអង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមកពីបណ្តាខេត្តផ្សេងៗ ចូលទៅកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិ «គិរីសុខសាន្ត» និងសហគមន៍តំបន់ការពារធម្មជាតិ «អន្លង់ជ្រៃ» ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង យ៉ាងអនាធិបតេយ្យ។ មន្ទីរបរិស្ថានចាត់ទុកថា នេះជាការបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ ក្នុងសហគមន៍ តំបន់ការពារធម្មជាតិ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង។ ចំពោះមុខបញ្ហាទាំងនោះ មន្ទីរជំនាញមួយនេះអះអាងថា ខ្លួនបានចាត់វិធានការជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨រហូតមកដល់បច្ចុប្បន្ន តែសកម្មភាពនេះមិនបានរាងចាលឡើយ នៅតែបន្តកាប់គាស់ រុករានទន្ទ្រានដាំដំណាំ សង់លំនៅដ្ឋាន មានការកើនឡើងជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភ។

ហេតុនេះ..មន្ទីរបរិស្ថាន នឹងចាត់វិធានការចំនួន៥រួមមាន៖ ទី១.មោឃភាពចោល នូវរាល់លិខិតសម្គាល់លក់-ទិញ ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង។ ២.ដកហូតយកមកជាសម្បត្តិរដ្ឋវិញនូវរាល់ដីព្រៃ ដែលបានកាប់គាស់ រុករាន ទន្ទ្រាន ដាំដំណាំ សង់លំនៅដ្ឋាន ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិ «គិរីសុខសាន្ត» និងសហគមន៍តំបន់ការពារធម្មជាតិ«អន្លង់ជ្រៃ»។ ៣.ការកាប់គាស់ ឬរុករានដីព្រៃ ឬឆ្ការ ដុត ឬឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ការពារធម្មជាតិ គឺជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ដែលមានចែងក្នុងជំពូកទី៣ មាត្រា៨៥១ (ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំទៅ១០ឆ្នាំ) នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។៤.បន្តស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធដែលកៀរគរឱ្យប្រជាពលរដ្ឋមកទន្ទ្រានដីនៅទីតាំងខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ផ្តន្ទាទោសតាមច្បាប់។

រីឯទី៥.អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-ស្រុក ត្រូវចូលរួមផ្សព្វផ្សាយទប់ស្កាត់ និងអន្តរាគមន៍ រាល់សកម្មភាពល្មើសច្បាប់, ការចូលកាប់ទន្ទ្រានដីព្រៃដាំដំណាំ និងសាងសង់ផ្ទះ ខ្ទម រោង ក្នុងសហគមន៍តំបន់ការពារធម្មជាតិ «គិរីសុខសាន្ត» និងសហគមន៍តំបន់ការពារធម្មជាតិ «អន្លង់ជ្រៃ» និងចំពោះសាធារណជន។ ដោយឡែក ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ក្នុងតំបន់ខាងលើត្រូវបញ្ឈប់ជាបន្ទាន់នូវការចូលរស់នៅកាន់កាប់ ផ្ទុយទៅវិញអ្នកទាំងនោះត្រូវរុះរើចាកចេញ និងបញ្ឈប់ឱ្យបានមុនថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ជាកំហិត។ សូមរំឭកថា ពាក់ព័ន្ធការកាប់បំផ្លាញធនធានធម្មជាតិនេះ កាលពីថ្ងៃទី៦សីហា ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង តាមរយៈហ្វេសប៊ុកផ្លូវការ បានសំណូមពរទៅស្ថាប័នតុលាការខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បន្តស៊ើបអង្កេតស្រាវជ្រាវ វែកមុខ និងឃាត់ខ្លួនអ្នកប្រព្រឹត្តល្មើសមកទទួលទោសតាមច្បាប់រដ្ឋកំណត់ចំពោះអ្នកនៅពីក្រោយខ្នង និងអ្នកជួលឱ្យប្រជាជនចូលកាប់បំផ្លាញព្រៃឈើ ដើម្បីសម្រេចមហិច្ឆតាទន្ទ្រានដីរដ្ឋដោយខុសច្បាប់៕









