មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ប្រកាសដកហូតដីព្រៃដែលជនខិលខូចកាប់ទន្ទ្រានក្នុងតំបន់ការពារធម្មជាតិ
អុន សម្ផស្ស
24 មីនា 2024 06:00 AM

ខេត្តស្ទឹងត្រែង៖ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ បានប្រកាសដកហូតយកមកវិញគ្រប់ទីតាំងដីព្រៃរបស់រដ្ឋ ដែលជនខិលខូចមួយចំនួនបានទន្ទ្រានក្នុងតំបន់ការពារធម្មជាតិ ព្រមទាំដាក់ចេញនៅវិធានការទប់ស្តាក់ លុបបំបាត់សកម្មភាពទន្ទ្រានដីព្រៃទាំងនោះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង..។

រូបភាពតំណាង
រូបភាពតំណាង

សេចក្តីជូនដំណឹងដដែលបន្ថែមថា មន្ទីរបរិស្ថានខេត្តបានអង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមកពីបណ្តាខេត្តផ្សេងៗចូលកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងនៅចំណុចអូរវល្លិ៍ប្រាំដំឡឹង នៃភូមិសាស្ត្រឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ និងចំណុចភ្នំក្រឡាពស់ ភូមិសាស្ត្រឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង យ៉ាងអនាធិបតេយ្យ ដែលជាការបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរក្នុងតំបន់ដែលមានសក្តានុពលសម្រាប់ការអភិរក្ស និងតំបន់ព្រៃរងទឹកភ្លៀងយ៉ាងសំខាន់។ ករណីនេះមន្ទីរបរិស្ថានខេត្ត បានចាត់វិធានការជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន ប៉ុន្តែប្រជាពលរដ្ឋនៅតែបន្តកាប់គាស់ រុករានទន្ទ្រាន ដាំដំណាំ សង់លំនៅដ្ឋាន កើនឡើងជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភ។

តូបភាពតំណាង
តូបភាពតំណាង

ចំពោះមុខបញ្ហានេះ មន្ទីរបរិស្ថាននឹងចាត់វិធានការតាមច្បាប់រួមមាន៖ ទី១.មោឃភាពចោលនូវរាល់លិខិតសម្គាល់លក់-ទិញ ឫលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធនធានធម្មជាតិដែលបានហាមឃាត់។ ទី២.ដកហូតយកមកជាសម្បត្តិរដ្ឋវិញ នូវរាល់ដីព្រៃ ដែលបានកាប់ឆ្ការ រុករានទន្ទ្រាន ដាំដំណាំ សង់លំនៅដ្ឋាន ក្នុងតំបន់ការពារធនធានធម្មជាតិ។ ទី៣.ការកាប់ឆ្ការ រុករានដីព្រៃ ដុតព្រៃ សង់ផ្ទះ សង់តូប រោង និងដាំដំណាំដើម្បីយកដីធ្វើជាកម្ម សិទ្ធិក្នុងតំបន់ការពារធនធានធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធការពារធម្មជាតិ ដែលបានហាមឃាត់ គឺជាបទល្មើសធនធានធម្មជាតិដែលមានចែងក្នុងមាត្រា៦២ និងមាត្រា៦៣ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

រូបភាពតំណាង
រូបភាពតំណាង

ដោយឡែក ទី៤.អាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ ត្រូវចូលរួមបញ្ឈប់ និងជួយផ្សព្វផ្សាយជាបន្ទាន់នូវការចូលកាប់ទន្ទ្រានដីព្រៃ គ្រប់រូបភាពរបស់ពលរដ្ឋក្នុងភូមិសាស្ត្រានោះ និងត្រូវបញ្ឈប់ជាបន្ទាន់នូវការចូលរស់នៅកាន់ កាប់ ព្រមទាំងត្រូវរុះរើ និងចាកចេញឱ្យបានមុនថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ជាកំហិត។ ស្ថាប័នដដែលសង្កត់ធ្ងន់ថា ក្នុងករណីមិនអនុវត្តន៍តាមខ្លឹមសារខាងលើ មន្ទីរបរិស្ថានខេត្ត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពាក់ព័ន្ធ នឹងចាត់វិធានការអនុវត្តន៍តាមនីតិវិធីច្បាប់ជាធរមាន៕

រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត