
រាជធានីភ្នំពេញ៖ លទ្ធផលពីក្រុមការងារបច្ចេកទេសនាយកដ្ឋានជលសាស្ត្រនិងការងារទន្លេ នៃក្រសួងធនធានទឹកនិងឧតុនិយមដែលបានចុះទៅពិនិត្យគុណភាពទឹកបានបញ្ជាក់ថា ស្ថានភាពគុណភាពទឹកទន្លេមេគង្គនៅព្រះរាជាណាចក្រកម្ពុជា ក្នុងខេត្តស្ទឹងត្រែង ព្រំដែនកម្ពុជា-ឡាវ មិនទាន់ទទួលរងផលប៉ះពាល់ពីឧបទ្ទវហេតុនៃការលេចធ្លាយអាស៊ីតស៊ុលផួរិច នៅទន្លេណាមខាន់ដែលជាដៃទន្លេមេគង្គក្នុងប្រទេសឡាវនៅឡើយទេ។

ជាក់ស្ដែង នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះ ក្រុមការងារបច្ចេកទេសបានចុះយកសំណាកទឹកទន្លេមេគង្គពីទីតាំងចំនួន២៖ ទី១)នៅខាង លើក្រុងស្ទឹងត្រែងប្រមាណ ៣គីឡូម៉ែត្រ និងទី២) នៅក្បែរព្រំដែនប្រទេសឡាវ ខាងក្រោមទំនប់វារី អគ្គិសនីដនសាហុង របស់ប្រទេសឡាវប្រមាណ ២គីឡូម៉ែត្រ។

យ៉ាងណាមិញ ទោះកម្ពុជាពុំទាន់រងផលប៉ះពាល់ពីការលេចធ្លាយសារធាតុគីមីចូលយ៉ាងសន្ធឹងសន្ធប់ក្នុងស្ទឹងណាមខាន់នេះក៏ពិតមែន ប៉ុន្តែមិនប្រាកដទេថាខេត្តនានាដែលនៅជាប់ទន្លេមេគង្គ ពិសេសខេត្តស្ទឹងត្រែងនឹងមិនទទួលផលអវិជ្ជមានទល់តែសោះទេ ព្រោះសារធាតុអាស៊ីតនេះមានសភាពកាត់ខ្លាំង និងអាចបង្កគ្រោះថ្នាក់ដល់វត្ថុមានជីវិត។ នាថ្ងៃដដែលនេះ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបដិសេដនឹង SBM News ក្នុងការលើកឡើងពីបញ្ហាប្រឈមនានាដែលកម្ពុជាអាចនឹងទទួលរងពីឧបទ្ទវហេតុនេះ។

គួររំលឹកដែរថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ មានឧបទ្ទវហេតុនៃការក្រឡាប់ រថយន្តដឹកអាស៊ីតស៊ុលហ្វូរិច(Sulfuric Acid) នៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងប្រាបាង ប្រទេសឡាវ ដែលបណ្តាលឱ្យមានការលេចធ្លាយអាស៊ីតស៊ុលផួរិចប្រមាណជា៣០ តោន ធ្លាក់ចូលស្ទឹងណាមខាន់ ដែលស្ទឹងនេះ ហូរចូលទន្លេមេគង្គត្រង់ចំណុចទីក្រុងហ្លួងប្រាបាង ហើយមានចម្ងាយប្រមាណ ១៣៧០ គីឡូម៉ែត្រពីព្រំប្រទល់កម្ពុជា-ឡាវ។

បច្ចុប្បន្ន ក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់តាមដានអំពីផលប៉ះពាល់ដែលអាចកើតមានពីករណីឧបទ្ទវហេតុខាងលើមកលើគុណភាពទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជា និងប្តេជ្ញាបន្តធ្វើការជូនដំណឹងបន្ថែមក្នុងករណីចាំបាច់៕






