
គុនខ្មែរបុរាណ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីរសៀលថ្ងៃទី០៧សីហា ឆ្នាំ២០២៤ បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្ដេចធិបតី ដើម្បីអភិវឌ្ឍ និងអភិរក្សមរតកក្បាច់គុនខ្មែរបុរាណ...។

ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីគាស់រំលើងឡើងវិញនូវយុទ្ធគុនបុរាណរបស់បុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់ ក្រោមស្មារតីអភិរក្សដើម្បីអភិវឌ្ឍមរតកគុនខ្មែរបុរាណ។ កីឡាយុទ្ធគុនខ្មែរមួយចំនួនដែលត្រូវបានដាក់ឱ្យប្រកួតគឺ គុនល្បុក្កតោ គុនខ្មែរ គុនចម្រុះ យុទ្ធក្រមខម ខ្លាក្រាប ក្រពើហា ស្រង៉ែពែន និងក្បាច់គុនកងយោធពលខេមរភូមិន្ទជាដើម។

សូមរំឭកថា កាលពីពេលថ្មីៗនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតយុទ្ធគុនបុរាណខ្មែរដែលមាន ឯកឧត្តម ថោង ខុន ជាប្រធាន និងមានអនុប្រធាន-សមាជិកជាច្រើនរូបទៀត ក្នុងនោះអាជ្ញាធរតាមបណ្តាខេត្ត-ក្រុង ក៏មានឈ្មោះជាអនុប្រធានផងដែរ។ ដូច្នេះ ការប្រកួតនឹងធ្វើឡើងជារៀងរាល់ឆ្នាំ ខណៈឆ្នាំដំបូងនេះរៀបចំនៅរាជធានីភ្នំពេញ ហើយឆ្នាំបន្តបន្ទាប់ទៀតនឹងធ្វើនៅតាមបណ្តាខេត្ត។ សូមបញ្ជាក់ថា យោងតាមអនុសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ចង់ឱ្យរៀបចំនៅឆ្នាំក្រោយ ប៉ុន្តែដោយសារពេលវេលាអំណោយផល និងមានធនធានច្រើនស្រាប់ ទើបសម្រេចរៀបចំការប្រកួតនៅឆ្នាំនេះដែលនឹងធ្វើឡើងនៅថ្ងៃទី១៨-១៩-២០ ខែតុលា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ។

ទោះបីជាយ៉ាងណា ច្បាប់ និងគោលការណ៍នៅមិនទាន់ត្រូវបានពន្យល់ឱ្យច្បាស់លាស់នៅឡើយទេ។ តាមការកំណត់ វគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ និងច្បាប់ថ្មីនេះ នឹងបណ្តុះបណ្តាលដល់ក្រុមការងារគ្រូបង្វឹកនាចុងខែសីហា និងវគ្គបណ្តុះបណ្តាលដល់ចៅក្រម និងអាជ្ញាកណ្តាលនឹងធ្វើនៅខែកញ្ញា។ សម្រាប់ការប្រកួតមាន២ប្រភេទ គឺ៖ ប្រយុទ្ធ និងសម្ដែង។ កីឡាករ-កីឡាការិនី ត្រូវមានអាយុចាប់ពី១៨ឆ្នាំដល់៦៥ឆ្នាំ ចំពោះប្រភេទ សម្ដែង មានពីចន្លោះអាយុ១៥ឆ្នាំដល់៧០ឆ្នាំ ឱ្យតែជាអ្នកហ្វឹកហាត់កីឡា ទោះនៅខេត្ត ឬក្រុង សុទ្ធតែអាចចូលរួមប្រកួតបានទាំងអស់។

ច្បាប់នៃការប្រកួត គឺគ្រប់ប្រភេទកីឡាមានតែ២នាទីក្នុង១ទឹក ហើយប្រកួតមានតែ២ទឹកប៉ុណ្ណោះសម្រាប់វិញ្ញាសាប្រយុទ្ធ ខណៈវិញ្ញាសាសម្ដែង គឺអនុវត្តទៅតាមច្បាប់របស់សហព័ន្ធសាមី។ អត្តពលិកទាំងនៅរាជធានី-ខេត្ត ដែលមានសហព័ន្ធកីឡា ឬគ្មានសហព័ន្ធក្ដី ក៏អាចចូលរួមប្រកួតបានដូចគ្នា។ ដូច្នេះ មហាជន និងចាស់ព្រឹទ្ធាចារ្យ ដែលមិនចំណុះសហព័ន្ធ មានបំណងចង់ចូលរួមបង្ហាញសមត្ថភាព អាចទាក់ទងចុះឈ្មោះទៅសហព័ន្ធបាន តាមរយៈលេខទូរសព្ទ ០១០ ៣៣៦ ៩១២៕




