សមាគមនៅកម្ពុជាចំនួន៣នឹងពួតដៃគ្នាធ្វើការងារសង្គម សិល្បៈវប្បធម៌ និងមនុស្សធម៌
អុន សម្ផស្ស
06 សីហា 2024 11:00 AM

រាជធានីភ្នំពេញ៖ សមាគមសិល្បករខ្មែរ សមាគមកាយឫទ្ធិកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)នឹងត្រូវចុះអនុស្សរណៈយោគយល់គ្នា ដើម្បីធ្វើកិច្ចការងារសង្គម សិល្បៈវប្បធម៌ និងការងារមនុស្សធម៌រួមគ្នានៅពេលខាងមុខ។ នេះបើតាមការបញ្ជាក់របស់សមាគមសិល្បករខ្មែរ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។

ការចុះអនុស្សរណៈយោគយល់គ្នា(MOU)នេះត្រូវបាន លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិកម្ពុជា ប្រកាសស្វាគមន៍តបតាមសំណើរបស់ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ក្នុងឱកាសដែលអ្នកឧកញ៉ា ដឹកនាំក្រុមប្រឹក្សាភិបាល គណៈប្រតិបត្តិ របស់សមាគមចូលជួបសំណេះសំណាលសម្ដែងការគួរសម ជាមួយលោកជំទាវបណ្ឌិតនាថ្ងៃអង្គារនេះ។ ក្នុងជំនួបនោះ ប្រធានសមាគមសិល្បករខ្មែរ បានជម្រាបជូនលោកជំទាវបណ្ឌិត ពីសមិទ្ធផលការងារថ្មីៗដែលសម្រេចបាននៅក្នុងអាណត្តិទី៦រយៈពេលជាង៣ខែមកនេះ។

សមិទ្ធផលទាំងនោះរួមមាន៖ ការរៀបចំសមាសភាពក្រុមប្រឹក្សាភិបាល, គណៈប្រតិបត្តិ និងក្រុមការងារសមាគម, ការកែសម្រួលលក្ខន្តិកៈសមាគម, ការប្រមូលកៀរគរធនធានមនុស្សមកពីអន្តរវិស័យ និងធនធានថវិកា ដើម្បីគាំទ្រដល់សកម្មភាពរបស់សមាគម ជាដើម។ បន្ថែមលើនោះសមាគមក៏មានផែនការសកម្មភាពនានាជាបន្តបន្ទាប់ក្នុងការចូលរួមលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ ផ្សារភ្ជាប់នឹងវិស័យទេសចរណ៍ផងដែរ។ ទន្ទឹមគ្នានោះ អ្នកឧកញ៉ា ម៉ៅ ចំណាន បានលើកសំណើថា៖ «ស្នើឱ្យមានការចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមសិល្បករខ្មែរ ជាមួយនឹងសមាគមកាយឫទ្ធិកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA) ដើម្បីធ្វើកិច្ចការងារសង្គមរួមគ្នាផងដែរ»។

ជាការឆ្លើយតប លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមសិល្បករខ្មែរ ក្រោមកដឹកនាំដោយប្រធាសមាគមថ្មីនេះ ដែលបានធ្វើកិច្ចការងារជាច្រើនក្នុងការចូលរួមលើកកម្ពស់វិស័យសិល្បៈវប្បធម៌ ក៏ដូចជាកិច្ចការងារចូលរួមចំណែកជួយដល់សង្គមជាតិ។ លោកជំទាវបណ្ឌិត បានថ្លែងថា៖ «ស្វាគមន៍នូវសំណើរបស់[...] ប្រធានសមាគមសិល្បករខ្មែរ ក្នុងការចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមសិល្បករខ្មែរមួយនឹងសមាគមកាយឫទ្ធិកម្ពុជា ក៏ដូចជាសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA) ដើម្បីធ្វើកិច្ចសហប្រតិបត្តិការធ្វើការងារសង្គម សិល្បៈវប្បធម៌ និងការងារមនុស្សធម៌រួមគ្នានៅពេលខាងមុខផងដែរ»។ 

ទន្ទឹមគ្នានោះលោកជំទាវបណ្ឌិតក៏បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនដល់សមាគមសិល្បករខ្មែរដើម្បីពង្រីកវិសាលភាព តាមរយៈការប្រមូលសិល្បករ មិនទាន់បានចុះឈ្មោះជាសមាជិក ឱ្យក្លាយជាសមាជិក ដើម្បីងាយស្រួលបានដឹងពីសុខទុក្ខ និងធ្វើការជាមួយគ្នាបានល្អ ជាពិសេសអាចជួយគ្នាទៅវិញទៅមកបាន។ សមាគមត្រូវបន្តចូលរួមលើកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ ជាពិសេសការថែរក្សា និងអភរិក្សចំពោះទម្រង់សិល្បៈវប្បធម៌ ដែលកំពុងមានការប្រឈម តាមអនុសាសន៍ណែនាំរបស់សម្ដេចធិបតីនាពេលកន្លងមក ដោយខិតខំអភិរក្សធនធានទាំងនោះឡើងវិញ។ បន្ថែមលើនោះ លោកជំទាវបានលើកទឹកចិត្តដល់សមាគមសិល្បករខ្មែរ ធ្វើការផ្សារភ្ជាប់ជាមួយវិស័យឯកជន ជាពិសេសវិស័យសិល្បៈបុរាណ ដែលអាចជួយលើកតម្កើង និងជួយដល់ជីវភាពសិល្បករ។ល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត