
ខេត្តសៀមរាប៖ សមាគមសិល្បករខ្មែរនឹងរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដើម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនា។ កម្មវិធីនឹងត្រូវ រៀបចំនៅអតីតទីស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំមរណីដ្ឋានអង្គរ រយៈពេល៥ថ្ងៃក្នុងសប្តាហ៍ទី២នៃខែសីហា។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤..។

រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងបន្ថែមថា កម្មវិធីនឹងត្រូវចាប់ផ្តើមពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ដោយសមាគមនឹងរៀបចំនូវសកម្មភាពមួយចំនួនរួមមាន៖ កម្មវិធីកម្សាន្ត ការបង្ហាញពិព័រណ៍ខ្នាតតូចនៃមុខម្ហូបខ្មែរ បង្កើតនូវស្នាដៃផ្សព្វផ្សាយពីវប្បធម៌ បង្កបរិយាកាស និងកម្មវិធីផ្សេងៗមួយចំនួនទៀត ដើម្បីជាស្នាមញញឹមដល់ភ្ញៀវទេសចរដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍នេះ។ គួរជម្រាបថា ពាក់ព័ន្ធនឹងការរៀបចំកម្មវិធីនេះ កាលពីរសៀលថ្ងៃទី៦សីហា ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំគណៈប្រតិបត្តិ និងសមាជិកនៃសមាគម ប្រជុំជាមួយឯកឧត្តម ទិត ថាវរិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាលមកពីអន្តរវិស័យមួយចំនួនទៀត រួមទាំងក្រុមការងារពាក់ព័ន្ធ ដើម្បីពិភាក្សាលើការត្រៀមរៀបចំកម្មវិធី«ស្នាមញញឹមនៃកម្ពុជា»។

ប្រធានសមាគមសិល្បករខ្មែរ បញ្ជាក់ក្នុងកិច្ចប្រជុំថា កម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ដែលគ្រោងរៀបចំនៅលើទឹកដីដ៏បវរនៃខេត្តសៀមរាប ជាសក្ខីភាពបន្ថែមទៀតបង្ហាញពីការចូលរួមរបស់សមាគមសិល្បករខ្មែរ ដែលមិនត្រឹមតែយកចិត្តទុកដាក់ចូលរួមក្នុងវិស័យសិល្បៈវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែសមាគមក៏បានគិតគួរដោយផ្សារភ្ជាប់ចូលរួមក្នុងវិស័យទេសចរណ៍ផងដែរ៕








