
រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរដឹកនាំដោយ លោកជំទាវ ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ចូលជំនួបសម្ដែងការគួរសម កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤...។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យសមាគម សហការ ជាមួយបណ្តាស្ថាប័ន-អង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដើម្បីចូលរួមចំណែកក្នុងការកសាង សមាគមសិល្បៈខ្មែរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងផ្តល់ឱកាសចូលរួមដល់សិល្បករ-សិល្បការិនីគ្រប់ទម្រង់សិល្បៈផ្សេងៗ ទោះបីមិនមែនជាសមាជិករបស់សមាគម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យសិល្បៈនៅកម្ពុជា។ ក្នុងជំនួបដដែលនោះ សម្តេចធិបតី បានកោតសរសើរចំពោះការសម្រេចបាននូវលទ្ធផលការងាររបស់សមាគម ក៏ដូចជាការរៀបចំកែសម្រួលរចនាសម្ព័ន្ធ និងការដាក់ចេញនូវផែនការសកម្មភាព និងទិសដៅការងាររបស់សមាគម ក្នុងការចូលរួមចំណែកទ្រទ្រង់ និងប្រមូល ចងក្រងនូវសិល្បករ-សិល្បការិនី គ្រប់ទម្រង់ និងការផ្ដល់ឱកាសចូលរួមក្នុងការថែរក្សាវប្បធម៌ប្រពៃណី និងការលើកកម្ពស់នូវស្នាដៃសិល្បៈរបស់ជាតិផងដែរ។

សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យសមាគមបន្តខិតខំប្រមូលចងក្រងសិល្បករ-សិល្បការិនីគ្រប់ទម្រង់ចូលជាសមាជិកសមាគមសិល្បៈ ដើម្បីប្រសិទ្ធភាពនៃការធ្វើការរួមគ្នា ចេះជួយគ្នាទៅវិញទៅមក ជាពិសេសជួយដល់សិល្បករដែលជួបការលំបាក និងមានវ័យចាស់បាត់បង់សមត្ថភាពសម្ដែង។ ទន្ទឹមគ្នានោះ សម្តេចធិបតី បានផ្តល់នូវអនុសាសន៍ណែនាំដល់សមាគមបន្តអនុវត្តការងារសំខាន់ៗចំនួន៣រួមមាន៖ ទី១.ការលើកទឹកចិត្តឱ្យសមាគមចូលរួមសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការសិក្សាស្រាវជ្រាវចងក្រងឯកសារគោល និងកំណត់អត្តសញ្ញាណនៃស្នាដៃសិល្បៈឱ្យបានច្បាស់លាស់។ ទី២.ចូលរួមផ្សព្វផ្សាយនូវស្នាដៃសិល្បៈឱ្យកាន់តែទូលំទូលាយ តាមរយៈការរៀបចំបង្កើតព្រឹត្តិការណ៍ ឬសកម្មភាពផ្សេងៗ ដើម្បីឱ្យសាធារណជនបានយល់ដឹងអំពីវប្បធម៌សិល្បៈដ៏ផូរផង់របស់ជាតិ។

និងទី៣.បន្តជំរុញការចូលរួមអនុវត្តប្រកបដោយភាពបត់បែននូវស្នាដៃសិល្បៈវប្បធម៌ ដោយឈរលើមូលដ្ឋានជាក់លាក់ និងច្បាស់លាស់ ដើម្បីលើកកម្ពស់ និងជំរុញទីផ្សារ ដោយធានាបាននូវនិរន្តភាព និងចីរភាពនៃវិស័យសិល្បៈ ប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងលើកទឹកចិត្តឱ្យសមាគមជំរុញការអនុវត្តក្រមសីលធម៌នៃអ្នកសិល្បៈឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ និងចូលរួមផ្សព្វផ្សាយសារអប់រំផ្សេងៗ ដូចជាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងការខិតខំចូលរួមចំណែកផលិតនូវមាតិកាដើមដោយខ្លួនឯង (Original Content) ផងដែរ។ សូមរំឭកថា សមាគមត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដែលគិតមកដល់ពេលបច្ចុប្បន្ន មានអាយុកាល១៨ឆ្នាំ ឬ៦អាណត្តិមកហើយ។ សមាគមបានចូលរួមដល់ការលើកកម្ពស់តម្លៃសីលធម៌សង្គមរបស់សិល្បករខ្មែរ ដើម្បីរក្សាបាននូវកិត្តិយសសក្តិសមជាសិល្បករ- សិល្បការិនីតំណាងជាតិ តាមរយៈការអភិរក្ស អភិវឌ្ឍន៍សិល្បៈវប្បធម៌ជាតិ និងចងក្រងសមាជិកដែលជាកម្លាំងស្នូល។

សមាគមបានរកៀរគរសប្បុរសជន និងអ្នកមានលទ្ធភាព ដើម្បីជួយដល់ការលើកស្ទួយសិល្បៈ និងវប្បធម៌ ជាពិសេស គឺស្វែងរកធនធានសម្រាប់ការបណ្តុះបណ្តាល និងដុសខាត់សមត្ថភាពយុវសិល្បករ ឱ្យបង្កើតនូវស្នាដៃសិល្បៈថ្មីៗ។ ជាមួយគ្នានេះ សមាគមសិល្បករខ្មែរ បានរួមចំណែកអភិរក្ស ផ្សព្វផ្សាយលើកកម្ពស់ និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិ ជួយគាំពារជីវភាពសិល្បករចាស់ជរា ឬបាត់បង់សមត្ថភាពសម្ដែង ក៏ដូចជាចូលរួមក្នុងកិច្ចការសង្គម និងមនុស្សធម៌ ស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល៕




