ប្រធានសមាគមសិល្បករខ្មែរ៖ អ្នកសិល្បៈជាអាវុធស្រួចដ៏មានសក្ដានុពល អាចរួមចំណែកអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀន
អុន សម្ផស្ស
08 កក្កដា 2024 10:30 AM

រាជធានីភ្នំពេញ៖ សមាគមសិល្បករខ្មែរ កាលពីរសៀលថ្ងៃទី៧កក្កដា ឆ្នាំ២០២៤ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោយប្រធានសមាគមសិល្បករខ្មែរយល់ថា អ្នកសិល្បៈជាបុគ្គលដ៏មានសក្ដានុពលបំផុត ក្នុងការរួមចំណែកដល់ការផ្សព្វផ្សាយអប់រំពីផលអាក្រក់ និងគ្រោះថ្នាក់នៃគ្រឿងញៀន...។

លើកឡើងនាឱកាសនោះ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានចាត់ទុកការចុះអនុស្សរណៈយោគយល់គ្នានេះ ជាមោទកភាពដែលទទួលបានការផ្ដល់ទំនុកចិត្តពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំសិល្បករ-សិល្បការិនី និងក្រុមការងាររបស់សមាគមសិល្បករខ្មែរទាំងអស់ ចូលរួមក្នុងចលនាប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលអាទិភាពខ្ពស់បំផុតមួយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដ្បិតប្រធានសមាគមសិល្បករខ្មែររូបនេះ យល់ថា សិល្បៈជាអាវុធដ៏មុតស្រួចដែលអាចចាក់ចូលក្នុងក្រអៅបេះដូងរបស់មហាជនគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជនតែម្ដង។

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ
អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ

ក្នុងន័យនេះ សិល្បករ-សិល្បការិនី ពិតជាបុគ្គលដ៏មានសក្ដានុពលបំផុត ក្នុងការរួមចំណែកដល់ការផ្សព្វផ្សាយអប់រំពីផលអាក្រក់ និងគ្រោះថ្នាក់នៃគ្រឿងញៀន។ អ្នកឧកញ៉ា សង្កត់ធ្ងន់ថា៖«សម្ដីមួយម៉ាត់ ចម្រៀងមួយបទ ឬកាយវិការណាមួយរបស់សិល្បករ សិល្បការិនី ពិតជាមានតម្លៃឆ្លុះបញ្ចាំងពីវប្បធម៌ ប្រពៃណី និងការចងចាំជាវិជ្ជមានក្នុងបេះដូងអ្នកស្ដាប់ និងអ្នកទស្សនា»។ ឋទន្ទឹមគ្នានោះ ឯកឧត្តមសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី នេត សាវឿន ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមសិល្បករខ្មែរ ក៏ដូចជាសិល្បករ សិល្បការិនី ទាំងអស់ក្នុងការចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។ ឯកឧត្តម គូសបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល ក៏ដូចជាក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្ដែងការគាំទ្រទាំងស្រុងនូវរាល់សកម្មភាពរបស់សមាគមសិល្បករខ្មែរ។ ជាពិសេសការចូលរួមក្នុងកិច្ចការជាច្រើនរបស់សង្គមជាតិ ក្នុងនោះក៏មានការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។

ឯកឧត្តមសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី នេត សាវឿន 
ឯកឧត្តមសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី នេត សាវឿន 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះជាគំរូល្អមួយសម្រាប់ការអនុវត្តជាមួយនឹងស្ថាប័នផ្សេងៗទៀត ដើម្បីចូលរួមសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត