
រាជធានីភ្នំពេញ៖ ប្រធានសមាគមសិល្បករខ្មែរ អ្នកឧកញ៉ា ម៉ៅ ចំណាន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានអំពាវនាវដស់ភាគីពាក់ព័ន្ធ សិល្បករ-សិល្បការិនី អ្នកនិពន្ធ អ្នកដឹកនាំរឿងទាំងអស់ចូលរួមបញ្ជ្រាបផ្សព្វផ្សាយពីជំងឺអេដស៍ តាមលទ្ធភាពដែលអាចធ្វើទៅបានគ្រប់ទម្រង់សិល្បៈឱ្យទូលំទូលាយ ដើម្បីឱ្យសាធារណជន ជាពិសេសក្រុមយុវជនបង្ការខ្លួនចៀសផុតពីការឆ្លងមេរោគអេដស៍…។

ប្រធានសមាគមរូបនេះថ្លែងក្នុងសិក្ខាសាលាស្ដីពី«ការអប់រំផ្សព្វផ្សាយមេរោគអេដស៍ និងជំងឺអេដស៍ ជូនដល់សិល្បករ-សិល្បការិនី» ថា រហូតមកដល់ពេលនេះ មេរោគអេដស៍នៅតែមិនទាន់មានថ្នាំបង្ការនៅឡើយ ហើយជំងឺអេដស៍នៅតែមិនទាន់មានឱសថសម្រាប់ព្យាបាលឱ្យបានជាសះស្បើយនៅឡើយដែរ។ មេរោគអេដស៍ និងជំងឺអេដស៍ កំពុងបន្តបង្កផលលំបាកដល់ស្ថានភាពសង្គម ក៏ដូចជាស្ថានភាពសេដ្ឋកិច្ច។ អត្រានៃការឆ្លងនៅចំណោមយុវជនវ័យក្មេង និងអត្រានៃអ្នកស្លាប់ដោយសារជំងឺអេដស៍នៅតែជាការព្រួយបារម្ភ ដែលយើងទាំងអស់គ្នាត្រូវផ្ដោតការយកចិត្តទុកដាក់ និងចូលរួមប្រយុទ្ធទប់ស្កាត់ឱ្យសកម្មបំផុត។ ដូច្នេះក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ អ្នកឧកញ៉ា អំពាវនាវដល់សិល្បករ-សិល្បការិនីទាំងអស់ ចូលរួមស្វែងយល់ពីមេរោគអេដស៍ និងជំងឺអេដស៍ឱ្យបានស៊ីជម្រៅ និងបញ្ជ្រាបការយល់ដឹងទាំងនេះក្នុងគ្រប់ទម្រង់សិល្បៈឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាជនយើង ជាពិសេសក្រុមយុវជនបង្ការខ្លួនចៀសផុតពីការឆ្លងមេរោគអេដស៍។

បន្ថែមលើនោះ គ្រប់វេទិកានៃការសម្ដែងគ្រប់ពិធីករ-ពិធីការិនី តារាសម្ដែង តារាកំប្លែងសូមលើកអំពីសារខ្លីៗដែលអប់រំពីមេរោគអេដស៍ និងជំងឺអេដស៍ ឱ្យបានជាប់ជាប្រចាំ។ ដោយឡែក អ្នកនិពន្ធ អ្នកដឹកនាំរឿង គួរផលិតដឹកនាំរឿងខ្លីស្ដីពីការអប់រំការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍។ ជាមួយគ្នានោះ សិល្បករ-សិល្បការិនី បញ្ចៀសការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ តាមការស្មោះស្ម័គ្រស្នេហាប្រពន្ធមួយ-ប្ដីមួយ ឬគូសង្សារតែមួយ ឬប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវជាប់ជាប្រចាំនៅពេលរួមភេទជាមួយដៃគូផ្សេង។ ទន្ទឹមគ្នានោះ ប្រធានសមាគមសិល្បករខ្មែរ ថា សិល្បករ-សិល្បការិនី ដែលសង្ស័យថា បានប្រព្រឹត្តប្រឈមទៅនឹងការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ត្រូវរួសរាន់ទៅទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ ដើម្បីទទួលបានការព្យាបាលថែទាំ។ សិល្បករ-សិល្បការិនី ក៏ត្រូវចូលរួមលុបបំបាត់ការមាក់ងាយ និងការរើសអើងលើគ្រប់ទម្រង់ភេទនៃអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ដោយចាត់ទុកអ្នករងគ្រោះទាំងអស់ជាមិត្តភក្ដិបងប្អូនរបស់យើង ត្រូវជួយគ្នា និងលើកទឹកចិត្តគ្នា ធ្វើការរួមគ្នា ដើម្បីភាពសុខដុមនៃសង្គមជាតិយើង។

អ្នកឧកញ៉ាសង្កត់ធ្ងន់ថា ក្នុងនាមជា សិល្បករ-សិល្បការិនីទាំងអស់ ត្រូវចាត់ទុកថា មានភារកិច្ចសំខាន់មួយទៀតរបស់យើងក្រៅពីការផ្ដល់ការកម្សាន្ត និងភាពរីករាយ គឺការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ដោយធ្វើជាគម្រូដល់អ្នកគាំទ្រទាំងឡាយអំពីមេរោគអេដស៍ និងជំងឺអេដស៍។ គួរជម្រាបថា តាមរបាយការណ៍គិតត្រឹមឆ្នាំ២០២៣ មានមនុស្សប្រមាណ៧៦០០០នាក់ កំពុងផ្ទុកមេរោគអេដស៍ និងអ្នកឆ្លងមេរោគអេដស៍ថ្មីមានប្រមាណ១៤០០នាក់ នៅក្នុងមួយឆ្នាំ ឬប្រមាណ៤នាក់នៅក្នុងមួយថ្ងៃ ហើយក្នុងចំណោមអ្នកឆ្លងមេរោគអេដស៍ថ្មីប្រមាណ៤២ភាគរយ គឺជាយុវវ័យដែលមានអាយុចន្លោះពី១៥ទៅ២៤ឆ្នាំ៕







