
ខេត្តពោធិ៍សាត់៖ ក្រោយរកឃើញអាកាសយានិកម្នាក់ត្រូវបានស្លាប់ក្នុងឧទ្ធម្ភាគចក្រ ពេលនេះ ក្រុមកងទ័ពស្វែងរកបានបញ្ជាក់ឱ្យដឹងថា អាកាសយានិកម្នាក់ទៀតត្រូវបានបាត់បង់ជីវិតដូចគ្នា ដោយប្រទះឃើញនៅចម្ងាយប្រមាណ២១០ម៉ែត្រ ពីកន្លែងយន្តហោះធ្លាក់...។

បើតាមសេចក្តីជូនដំណឹងរបស់លោក ឈុំ សុជាត បានឱ្យដឹងថា សាកសពអាកាសយានិកម្នាក់ទៀតដែលមានឈ្មោះ ស៊ុន ផល្លា ត្រូវបានកងកម្លាំងចម្រុះរកឃើញនៅវេលាម៉ោង១០:៣០នាទីព្រឹកដែលត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ ស្ថិតក្នុងចំណុចជើងភ្នំយ៉ាវយ៉ៃ មានចម្ងាយប្រមាណ២១០ម៉ែត្រពីចំណុចឧទ្ធម្ភាគចក្រធ្លាក់។ គួរបញ្ជាក់ថា ក្នុងឧបទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនេះ អាកាសយានិកទាំង២នាក់ត្រូវបានស្លាប់ដោយក្នុងនោះមានឈ្មោះ ខេង ឆៃយុទ្ធ បានរកឃើញកាលពីថ្ងៃទី២៩ ខែកក្កដា និងឈ្មោះ ស៊ុន ផល្លា ដែលបានរកឃើញនៅព្រឹកថ្ងៃអង្គារនេះ។ លោក ឈុំ សុជាត ចាត់ទុកការបាត់បង់ជីវិតរបស់អាកាសយានិកទាំង២ ជាការពលីមួយយ៉ាងសំខាន់សម្រាប់ជាតិ៕






