
រាជធានីភ្នំពេញ៖ សត្វខ្លាធំ គឺជាអត្តសញ្ញាណរបស់ទ្វីបអាស៊ី ជាទីជម្រករបស់វាមានតែនៅក្នុងប្រទេសចំនួន១៤ប៉ុណ្ណោះ រួមមាន៖ រូស្ស៊ី កាហ្សាក់ស្ថាន ចិន ឥណ្ឌា ប៊ូតាន នេប៉ាល់ បង់ក្លាដែស មីយ៉ាន់ម៉ា ថៃ ឡាវឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម និងកម្ពុជា។ កម្ពុជាធ្លាប់ឃើញមានវត្តមានសត្វខ្លាធំរស់នៅក្នុងតំបន់ការពារធម្មជាតិ មុនឆ្នាំ២០០៨ ខណៈបច្ចុប្បន្នត្រូវបានអន្តរជាតិចាត់ជាប្រទេសដែលមានទីជម្រកសមស្របសម្រាប់ការស្តារសត្វខ្លាធំឡើងវិញ...។

ថ្លែងក្នុងទិវាសត្វខ្លាធំអន្តរជាតិ ដែលបានប្រារព្ធឡើងដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖«ការស្តារជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព ចាំបាច់តម្រូវឱ្យមានវត្តមានមំសាសី ជាពិសេសសត្វខ្លាធំ ឬសត្វខ្លាដំបងក្នុងតំបន់ការពារធម្មជាតិដែលពពួកទាំងនេះ មានសារសំខាន់ និងចាំបាច់ ដើម្បីថែរក្សាការពារសុខមាលភាពជីវៈចម្រុះ និងលំនឹងប្រព័ន្ធអេកូឡូស៊ី ក្នុងទីជម្រកធម្មជាតិ»។

ក្រសួងបរិស្ថាន បាននិងកំពុងសហការជាមួយ ក្រសួងបរិស្ថានព្រៃឈើ និងប្រែប្រួលអាកាសធាតុឥណ្ឌា ក្នុងការនាំយកសត្វខ្លាធំមកកាន់ប្រទេសកម្ពុជា តាមរយៈអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងសត្វព្រៃរួមទាំងការស្តារសត្វខ្លាធំ និងទីជម្រកដែលអនុវត្ត ជំហានដំបូងនៅតំបន់ជួរភ្នំក្រវាញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ឯកឧត្តម Jagdeep Dhankhar អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ជាងនេះទៅទៀតក្រសួងបរិស្ថាន បានកំពុងសហការជាមួយភាគីឥណ្ឌា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ស្តារសត្វខ្លាធំនៅតំបន់ជួរភ្នំក្រវាញ ការសិក្សាចំនួនសត្វរំពារ និងជម្រក។ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់ការស្តារសត្វធំ ការទប់ស្កាត់ បង្រ្កាបបទល្មើសធនធានធម្មជាតិ ការលើកកម្ពស់ជីវភាពសហគមន៍ ការកម្ពស់ការយល់ដឹងពីការអភិរក្សជីវៈចម្រុះ និងសត្វខ្លាធំដល់សហគមន៍មូលដ្ឋានជាដើម។

គួររំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចគាំទ្រដោយលិខិតចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ក្នុងការស្តារសត្វខ្លាធំជំហានដំបូងនៅតំបន់ជួរភ្នំក្រវាញ និងបន្ទាប់មកនៅតំបន់ខ្ពង់រាបភាគខាងកើត។ កម្ពុជាបានប្រារព្ធទិវាសត្វខ្លាធំជារៀងរាល់ឆ្នាំតាំងឆ្នាំ២០១៦ ហើយការរៀបចំបា្ររព្ធទិវាសត្វខ្លាធំអន្តរជាតិ នៅឆ្នាំនេះ ក្នុងគោលបំណងលើកម្ពស់ការយល់ដឹងដល់សារធាណៈជន និងអន្តរជាតិ អំពីកិច្ចការអភិរក្សសត្វខ្លាធំ និងជីវៈចម្រុះ និងក្នុងឱកាសដែលប្រទេស កម្ពុជាកំពុងដំណើរការនាំយកសត្វខ្លាធំមកលែងក្នុងតំបន់ទេសភាពជួរភ្នំក្រវាញ៕




