មន្ត្រីចុះពិនិត្យថាជាដានជើង​ «សត្វឆ្កែ» តែក្រោយមកអ្នកភូមិប្រទះឃើញ «សត្វខ្លា» ម្តងទៀតនៅភ្នំកងវ៉ា​​ពេលនេះអាជ្ញាធរឱ្យប្រុងប្រយ័ត្ន
យិត​​ ស្រីល័ក្ខ
29 ឧសភា 2024 06:30 AM

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋដែលរស់នៅភូមិពង្របានប្រទះឃើញសត្វខ្លាម្តងទៀតហើយ នៅខាងត្បូងជើងភ្នំពង្រកងវ៉ា ​​ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ​​ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ គេនៅចាំបានថា កាលពីប៉ុន្មានថ្ងៃមុនពលរដ្ឋអះអាងថាបានឃើញសត្វខ្លាបង្ហាញខ្លួនដូចគ្នា និងប្រទះឃើញដានជើងរបស់វា ប៉ុន្តែអាជ្ញាធរចុះពិនិត្យអះអាងថាជាដានជើងសត្វឆ្កែប៉ុណ្ណោះ។ 

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ​​​​ បានគូសបញ្ជាក់ឱ្យដឹងថា​ នៅយប់ថ្ងៃទី២៨ ប្រជាពលរដ្ឋជិះម៉ូតូត្រឡប់ពីធ្វើការក៏បានប្រទះឃើញសត្វខ្លា១ក្បាលដែលបង្ហាញខ្លួនដីចំការដំឡូងមី ក្រោយមកបានរាយការណ៍ទៅអាជ្ញាធរ។ ពេលមន្ត្រីចុះពិនិត្យ មិនបានឃើញគេសត្វខ្លាទៀតទេ ដោយវាអាចគេចចូលព្រៃភ្នំពង្រកងវ៉ាបាត់។ រយៈជិត១សប្តាហ៍ប្រជាពលរដ្ឋបានឃើញសត្វខ្លាសំបុរលឿងដែលមានកម្ពស់ជាងមួយម៉ែត្រប្រមាណ២ទៅ៣ដងហើយភាគច្រើននៅពេលយប់​​​ និងពេលព្រឹកព្រលឹម។ ​ជាក់ស្តែងមានប្រជាពលរដ្ឋម្នាក់បានប្រាប់ថារូបគាត់ពិតជាបានឃើញពិតមែននៅពេលដើរចេញពីផ្ទះមកចំការក្បែរភូមិហើយសត្វខ្លានៅពេលឃើញមនុស្សវាក៏ភ័យបានរត់ចូលព្រៃក្បែរផ្លូវ។ អាជ្ញាធរអំពាវនាវប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន បើឃើញសត្វខ្លាម្តងទៀតត្រូវរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចនៅក្បែរភ្លាមៗ ខណៈកម្លាំងសមត្ថកិច្ចរួមជាមួយអាជ្ញាធរនៅបន្តឃ្លាំមើលបន្តទៀត៕ 

រាយការណ៍ដោយ៖ លោក ឈុន មករា


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត