កងរាជអាវុធហត្ថនឹង​អនុវត្តច្បាប់​លើ​បុរសម្នាក់ដែលពាក់​ឯកសណ្ឋានកងរាជអាវុធហត្ថ និងក្លែងបន្លំឯកសារ
SoKeng
21 មេសា 2022 08:00 AM

ភ្នំពេញ៖ ក្រោយពីកងរាជអាវុធហត្ថបានឃើញគណនីហ្វេសប៊ុកឈ្មោះ «Da Ra»  បង្ហោះរូបភាពអំពី«​ប្តីប៉េអឹមទុកលុយឲ្យប្រពន្ធច្រើន និងទុកឲ្យខ្លួនតិច និងបានសរសេរសារថា ប្តីអត់ចេះចាយលុយទេ» ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាឲ្យអ្នកជំនាញស្រាវជ្រាវ។  ទើបដឹងថាបុគ្គលរូបនោះបានពាក់ឯកសណ្ឋានកងរាជអាវុធហត្ថក្លែងក្លាយ និងមិនមានឈ្មោះក្នុងបញ្ជីគ្រប់គ្រងចំនួនទ័ពរបស់កងរាជអាវុធហត្ថឡើយ។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានសរសេរនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា កងកម្លាំងរាជអាវុធហត្ថបានសាកសួរលើបុគ្គលរូបនោះ​ ទើបបុរសដែលមានឈ្មោះថា ប៉ុក ដារ៉ា បានសារភាពថា​ ខ្លួនបានក្លែងបន្លំអត្តសញ្ញាណប័ណ្ណនាយទាហាននៃកងយោធពលខេមរភូមិន្ទលេខ ៩ស១១ធ ៨៧៣៧ ដែលមានឈ្មោះ ប៉ុក ដារ៉ា ឋានន្តរសក្តិ អនុសេនីយ៍ឯក អត្តលេខ១៧៨៧៣៣ ចុះថ្ងៃទី៥ ខែ០៨ ឆ្នាំ២០២០។

បើតាមឧត្តមសេនីយ៍ត្រី អេង ហ៊ី បុគ្គលឈ្មោះ ប៉ុក ដារ៉ា នោះ​បានប្រព្រឹត្តបទល្មើសដូចដែលមានចែងក្នុងមាត្រា ៦១២ស្តីពី«បទប្រើប្រាស់ដោយខុសច្បាប់ នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ” និងមាត្រា៦៣០ “បទប្រើប្រាស់ឯកសារសាធារណៈក្លែង» នៃក្រមព្រហ្មទណ្ឌ។​

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស
ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស

តាមមាត្រា​៦១២ ​ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ ខែទៅ២ឆ្នាំ  និងពិន័យជាទឹកប្រាក់ពី១សែនរៀល ទៅ២លានរៀល។ សម្រាប់មាត្រា៦៣០ ការប្រើប្រាស់ឯកសារក្លែងដែលមានចែងក្នុងមាត្រា៦២៩ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ​៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ​១០លានរៀល​។

 អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអះអាងថា កងរាជអាវុធហត្ថ នឹងអនុវត្តច្បាប់ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌទាំងពីរ​នេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត