
គុនខ្មែរ៖ អ្នកគ្រូ ស សុម៉ាលី រួមទាំងក្រុមគ្រួសារត្រកូលអេ បានរងនូវការរិះគន់ពីមហាជនដូចទឹកបាក់ទំនប់ ចំពោះការមិនទទួលស្គាល់ការពិតលើការសម្រេចចិត្តរបស់លោកអាជ្ញាកណ្ដាល ដែលបញ្ឈប់ការប្រកួតភ្លាមៗក្រោយរាប់ដល់៨ហើយ កីឡាករ អេវីរខាំឈីត ភូថង ឬម៉ឺន មេឃា នៅវង្វេងវង្វាន់ ក្រោយពីត្រូវកីឡាករ ចាន់ ប៊ុនហឿន ទាត់ចូលពេញកញ្ចឹងក កាលពីប្រកួតការពារខ្សែក្រវាត់របស់ខ្លួននៅសង្វៀនភីអិនអិន...។

ការប្រកួតការពារ និងដណ្ដើមខ្សែក្រវាត់រវាងកីឡាករ ម៉ឺន មេឃា និងកីឡាករ ចាន់ ប៊ុនហឿន ជាការប្រកួតដ៏ចម្រូងចម្រាសបំផុត បន្ទាប់ពីក្រុមគ្រួសារ និងអ្នកគាំទ្រ កីឡាករ ម៉ឺន មេឃា ផ្ទាល់តវ៉ាបដិសេធមិនទទួលយកការប្រើឆន្ទានុសិទ្ធិរបស់លោកអាជ្ញាកណ្ដាលកាត់សេចក្តី ដែលសម្រេចបញ្ឈប់កីឡាករ ម៉ឺន មេឃា នៅពាក់កណ្តាលនៃទឹកទី៤ បន្ទាប់ពីទទួលរងនូវទម្ងន់ជើងពីកីឡាករ ចាន់ ប៊ុនហឿន ចំកញ្ចឹងក ដែលជាកន្លែងគ្រោះថ្នាក់។ យ៉ាងណា អាជ្ញាកណ្ដាលលោក ជ្រា សុភាព ក៏បានផ្តល់ឱកាសឱ្យកីឡាករ ម៉ឺន មេឃា ផងដែរ តាមរយៈការសួរបញ្ជាក់២ដង ដោយ ម៉ឺន មេឃា បានងក់ក្បាលតែនៅវង្វេង ទើបលោកសម្រេចចិត្តបញ្ឈប់ការប្រកួតភ្លាមៗតែម្ដង។ ផ្ទុយទៅវិញ ត្រង់ចំណុច កីឡាករ ម៉ឺន មេឃា ងក់ក្បាលនេះហើយដែលជាបញ្ហានៃភាពចម្រូងចម្រាស ដែលភាគីអ្នកគាំទ្ររបស់ម៉ឺន មេឃា និងក្រុមគ្រួសារ យកធ្វើជាទឡ្ហីករណ៍ជំទាស់តវ៉ា ទាំងដែលមហាជនជាច្រើនមើលឃើញពីស្ថានភាពកីឡាករមិនមានស្មារតីគ្រប់គ្រាន់ និងចាត់ទុកការសម្រេចចិត្តរបស់លោកអាជ្ញាកណ្ដាលពិតជាត្រឹមត្រូវតាមវិជ្ជាជីវៈបច្ចេកទេស។

ដោយឡែក ក្រោយការប្រកាសលទ្ធផលពីគណៈកម្មការបច្ចេកទេស និងចៅក្រម ភ្លាមៗ អ្នកគ្រូ ស សុម៉ាលី បានបញ្ជាក់ថា អំឡុងពេលដែលមានការតវ៉ា គឺភាគីខាងសហព័ន្ធប្រាប់ថា នឹងពិនិត្យការប្រកួតឡើងវិញ ឬអាចដកខ្សែក្រវាត់ និងប្រាក់រង្វាន់ទាំងអស់ដាក់នៅកណ្តាល ហើយរៀបចំឱ្យប្រកួតសាជាថ្មី ប្រសិនបើរកឃើញថា ពិតជាកំហុសរបស់អាជ្ញារកណ្ដាល និងចៅក្រមកាត់ក្ដីមែន។ ប៉ុន្តែក្រោយមកស្រាប់តែមានការកែប្រែ ដោយផ្តល់ជ័យជម្នះទៅឱ្យ កីឡាករ ចាន់ ប៊ុនហឿន ទើបអ្នកគ្រូទទួលយកមិនបាន ឯអ្នកគាំទ្រនៅសង្វៀនផ្ទាល់ក៏ផ្ទុះការតវ៉ាដូចគ្នា។ យ៉ាងណា ជុំវិញករណីខាងលើ ភ្លាមៗមន្ត្រីបច្ចេកទេសរបស់សហព័ន្ធបានឱ្យដឹងថា បើតាមការពិនិត្យលម្អិតលើខ្សែវីដេអូប្រកួតម្ដងហើយម្ដងទៀត នៅតែរកមិនឃើញពីកំហុសឆ្គងពីរបស់លោកអាជ្ញាកណ្ដាលកាត់សេចក្តីទេ ទើបខាងសហព័ន្ធសម្រេចប្រកាសលទ្ធផលជាផ្លូវការផ្តល់ជ័យជម្នះឱ្យទៅកីឡាករ ចាន់ ប៊ុនហឿនតែម្ដង។

យ៉ាងណា នៅព្រឹកថ្ងៃទី២២កក្កដានេះ អ្នកគ្រូ ស សុម៉ាលី បានបង្ហោះសារនៅលើគណនីយហ្វេសប៊ុករបស់ខ្លួនថា «រឿងអ្វីៗដែលកើតឡើងម្សិលមិញ នាងខ្ញុំ សូមទោសបងប្អូនជនរួមជាតិទាំងអស់ផង ដែលខ្ញុំនឹងក្រុមគ្រួសារបានប្រើពាក្យខ្លះមិនល្អដោយកំហឹង! ហើយរឿងម្សិលមិញ ខ្ញុំ និងក្រុមគ្រួសារចិត្តត្រជាក់ និងលែងខឹងអស់ហើយ។ ខ្ញុំសូមចប់ត្រឹមនឹង..ហើយបងប្អូនមួយចំនួនបានណែនាំក្រុមគ្រួសារឱ្យទៅបើកប្រាក់ឧបត្ថម្ភ និងយកមកទិញសម្ភារជូនដល់ក្លឹបគុនខ្មែរតូចៗដែលខ្វះខាត។ ចឹងហើយខ្ញុំនឹងធ្វើតាមបងប្អូន ចុងក្រោយសូមជូនពរបងប្អូនហ្វែនទាំងអស់សុខភាពល្អ និងសំណាងល្អ»...៕



