
រាជធានីភ្នំពេញ៖ គិតត្រឹម៦ខែដើមឆ្នាំ២០២៤ ពោលចាប់ពីខែមករាដល់ខែមិថុនា ករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានកើតឡើង ១ ៥២០លើក ក្នុងនោះអ្នកស្លាប់មានចំនួន ៧៩៣នាក់ ដែលតួលេខនេះបានកើនឡើង៥ភាគរយ។ នេះបើតាមយោងរបាយការណ៍ពីគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

របាយការណ៍បានឱ្យដឹងទៀតថា រយៈពេលដដែលនេះមានអ្នករបួសចំនួន ២ ០៧២នាក់កើនឡើង៤៤នាក់ ស្មើនឹង២ភាគរយដែលបានបន្សល់ទុកនូវសោកនាដកម្ម និងបន្ទុកជាច្រើនដល់ប្រជាពលរដ្ឋ និងសង្គម។ ដោយឡែក ក្នុងចំណោមអ្នកស្លាប់សរុបមាន ៧៥ភាគរយជាអ្នកជិះម៉ូតូ ខណៈចំនួនយានយន្តបានចុះបញ្ជី គិតមកដល់ខែកុម្ភៈ ឆ្នាំ២០២៤នេះ សរុបចំនួន ៧ ៣៥១ ៩០៦គ្រឿង ក្នុងនោះម៉ូតូចំនួន ៦ ២៤៤ ០៩៦គ្រឿង។ យ៉ាងណាមិញ កម្ពុជាក៏កំពុងត្រៀមនូវសេចក្តីព្រាងច្បាប់ថ្មីស្តីពីចរាចរណ៍ផ្លូវគោក ដែលត្រូវបានបន្ថែមនិងកែសម្រួលចំនួន៥២មាត្រាលើ៩២មាត្រាក្នុងនោះផ្តើមស្នើដោយក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន៤០មាត្រា ផ្តើមស្នើដោយក្រសួងមហាផ្ទៃចំនួន៥មាត្រា និងផ្តើមស្នើដោយក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ចំនួន៧មាត្រា។
ថ្លែងក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី កាលពីថ្ងៃទី១៦កក្កដាម្សិលមិញ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា ការរៀបចំកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី គឺដើម្បីឱ្យស្របតាមស្ថានភាពជាក់ស្តែងនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា និងចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យមកនៅកម្រិតទាបបំផុត និងចូលរួមអនុវត្តនូវផែនការសកលស្តីពីសុវត្ថិភាពចរាចរណ៍របស់អង្គការសហប្រជាជាតិក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន៥០ភាគរយ នៅឆ្នាំ២០៣០។

ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិតបានស្នើក្រុមការងាររបស់ គ.ស.ច.គ. បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារ នៃទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីបន្តឆ្លងក្រុមការងារបច្ចេកទេស តាមនីតិវិធីឱ្យបានឆាប់រហ័ស និងឈានដល់ការស្នើសុំដាក់ជូនឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក៕





