មេដឹកនាំកូរ៉េខាងជើង បណ្តេញមន្ត្រីអសកម្មក្នុងគម្រោងទីក្រុងថ្មី
N
Nary Vann
15 កក្កដា 2024 11:00 AM

រដ្ឋធានីព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបណ្តេញចេញ ឬទម្លាក់មន្ត្រីជាន់ខ្ពស់មួយចំនួនសម្រាប់ការមិនទទួលខុសត្រូវចំពោះគម្រោងរបស់លោក ក្នុងការសាងសង់ទីក្រុងថ្មីមួយនៅភាគខាងជើងរបស់ប្រទេស។


លោក គីម បានប្រកាសពីការសម្រេចចិត្តនេះ ក្នុងអំលុងដំណើរទស្សនកិច្ចទៅកាន់តំបន់ Samjiyon ជាកន្លែងដែលកូរ៉េខាងជើងបាននិងកំពុងសាងសង់នូវអ្វីដែលគេហៅថា តំបន់សង្គមនិយម និងជាគំរូនៃទីក្រុងភ្នំមានអរិយធម៌ខ្ពស់ ជាមួយនឹងផ្ទះល្វែងថ្មី សណ្ឋាគារ កន្លែងជិះស្គី និងកន្លែងពាណិជ្ជកម្ម វប្បធម៌ និងវេជ្ជសាស្ត្រ។ ខណៈសរសើរអ្នកសាងសង់សម្រាប់សមិទ្ធផលរបស់ពួកគេរហូតមកដល់ពេលនេះ លោក គីម បានលើកឡើងថា ការមិនទទួលខុសត្រូវរបស់មន្ត្រីជាន់ខ្ពស់ បានបណ្តាលឱ្យមានគម្លាតយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់រួមទាំងការងារសំណង់មិនល្អ និងការខាតបង់ហិរញ្ញវត្ថុ។ លោក រី ស៊ុន ឆុល (Ri Sun Chol) រដ្ឋមន្ត្រី​ក្រសួង​គ្រប់គ្រង​សំណង់​រដ្ឋ​ ដែល​ត្រូវ​បាន​តែងតាំង​កាលពី​ខែ​កញ្ញា​ ត្រូវបានលោក គីម ​បណ្តេញចេញពីតំណង​ ​និង​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត​ជា​ផ្លូវការ​ ដោយសាររូបលោកមិន​ធ្លាប់​ទៅ​កន្លែងសាងសង់​តាំង​ពី​ខែ​ធ្នូ​មក។

លោក គីម ក៏បានព្យួរសមាជិកទាំងអស់នៃគណៈកម្មាធិការត្រួតពិនិត្យសំណង់សម្រាប់គម្រោងនេះ ទម្លាក់មន្ត្រីបក្សកម្មករដែលកំពុងកាន់អំណាចម្នាក់ ដែលទទួលខុសត្រូវលើបញ្ហានេះ និងបានប្តេជ្ញាថា​ នឹងពិនិត្យមើលឡើងវិញនូវឧបនាយករដ្ឋមន្ត្រី និងអ្នកផ្សេងទៀត ជុំវិញការធ្វេសប្រហែសកាតព្វកិច្ចរបស់ពួកគេ។ KCNA បានដកស្រង់សម្តីលោក គីម ដែលបានលើកឡើងថា៖«ក្រោយដើរជុំវិញសណ្ឋាគារដែលទើបសាងសង់ថ្មី អ្នកទេសចរក្នុងស្រុក បានចង្អុលបង្ហាញថា ការសាងសង់របស់ពួកគេត្រូវបានអនុវត្តនៅកម្រិតហួសសម័យ។ អគារថ្មីទាំងនោះ ត្រូវតែជួសជុលឡើងវិញ ហើយជាលទ្ធផល បញ្ហានេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផែនការរយៈពេលវែង សម្រាប់ការអភិវឌ្ឍទីក្រុង ដែលនាំមកនូវការខាតបង់សម្រាប់សេដ្ឋកិច្ច»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត