កីឡាការិនីកម្ពុជា២រូប ត្រៀមដណ្ដើមមេដាយមាសក្នុងព្រឹត្តិការណ៍ «ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២»
K
Kimhuoy K.
12 កក្កដា 2024 08:15 AM

រាជធានីភ្នំពេញ៖ ការប្រកួតថ្ងៃទី២ នៃព្រឹត្តិការណ៍«ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២» នាថ្ងៃទី១២កក្កដា ឆ្នាំ២០២៤នេះ មានកីឡាករ-កីឡាការិនីកម្ពុជា១២រូប ត្រូវតតាំងគូប្រកួតបរទេសរៀងៗខ្លួន ដើម្បីឆ្ពោះទៅដណ្ដើមមេដាយជូនជាតិ ដែលក្នុងនោះកីឡាការិនីកម្ពុជា២រូប ប្រជែងមេដាយមាសម្នាក់មួយគ្រឿងនៅល្ងាចនេះ។

ទី១-កីឡាការិនី ខៀវ ចិន្ដារ័ត្ន ត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសតទល់កីឡាការិនីឥណ្ឌូណេស៊ី Puspitasari Nurdiana លើវិញ្ញាសាប្រពៃណីផ្នែកនារី ទម្ងន់-៤៩គីឡូក្រាម នៅទីលានទី១ នាម៉ោង៤ៈ៤៨នាទីល្ងាច។ កន្លងមក ចិន្តារ័ត្ន ធ្លាប់ហាត់កីឡាប្រយុទ្ធដូចជា គុនល្បុក្កតោ គុនខ្មែរ ក្បាច់គុនបុរាណកូរ៉េ TEAKKYEON ហើយក៏ធ្លាប់ប្រកួតក្នុងព្រឹត្តិការណ៍ធំៗចំនួន២ដង ក្នុងព្រឹត្តិការណ៍ ASIAN BEACH GAME និងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១។ កីឡាការិនីរូបនេះ ក៏ធ្លាប់ឈ្នះបានមេដាយចំនួន០៣គ្រឿង ប្រាក់០១គ្រឿង សំរិទ្ធ០២ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមផងដែរ។ 

ចំណែកទី២.កីឡាការិនី គន្ធ វណ្ណនីតា ត្រូវប្រជែងមេដាយមាសតទល់កីឡាការិនីម៉ាឡេស៊ី Sze Teng Pang លើវិញ្ញាសាប្រពៃណីផ្នែកនារី ទម្ងន់-៦៩គីឡូក្រាម នៅទីលានទី២នាម៉ោង៥ល្ងាច។ នីតា ក៏ធ្លាប់ប្រកួតក្នុងព្រឹត្តិការណ៍ធំៗចំនួន៣លើក រួមមាន៖ កីឡាជាតិលើកទី១ កីឡាជាតិលើកទី២ SEAGAMES លើកទី៣២ ដោយឈ្នះសរុបបានមេដាយ០៤គ្រឿង មាស០២គ្រឿង សំរឹទ្ធ០២គ្រឿង។  

ដោយឡែក កីឡាករ-កីឡាការិនីកម្ពុជា១០រូបផ្សេងទៀត ដែលត្រូវប្រកួតនាថ្ងៃនេះ រួមមាន៖ ទួន ស្រីភីន នៅ ស្រីពៅ អ៊ុំ ថារ័ត្ន ផេង សុបញ្ញា(គោរមៈ ចន្ទរាជ) ហ៊ុន គឹមហៀង Thiago Teixeira(សែន ច័ន្ទឫទ្ធិគុន) មាស ម៉ើ ធាន អាត(ចាន់ សំអាត) រិន សារ័ត្ន និងឡុង ឡា។ ការប្រកួតចាប់ផ្ដើមពីម៉ោង២រសៀល ដោយទស្សនិកជនអាចចូលរួមទស្សនា និងលើកទឹកចិត្តក្រុមអត្តពលិកកម្ពុជា បានដោយផ្ទាល់មិនគិតតម្លៃសំបុត្រឡើយ។ ការចុះឈ្មោះចូលរួមប្រកួតមានចំនួនសរុប១៨ប្រទេស រួមមាន៖ កម្ពុជា, បារ៉ែន, ចិន, ចិនហុងកុង, ចិនតៃប៉ិ, ចិនម៉ាកាវ, ឥណ្ឌា, ឥណ្ឌូណេស៊ី, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន, តាជីគីស្ថាន, សារណរដ្ឋកូរ៉េ, ម៉ាឡេស៊ី, ម៉ុងហ្គោលី, ថៃ, ហ្វីលីពីន, សិង្ហបុរី និងអារ៉ាប៊ី សាអ៊ូឌី។ ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ីលើកទី២ ឆ្នាំ២០២៤ កម្ពុជាបានសម្រិតសម្រាំង និងជ្រើសរើសកីឡាករ-កីឡាការិនីល្បីៗចំនួន១៦នាក់ មកចូលរួមប្រកួតលើ១៦វិញ្ញាសា ដោយមានកីឡាករចំនួន១១រូប និងកីឡាការិនីចំនួន៥រូប មកពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គុនល្បុកតោ និងយុទ្ធគុនចម្រុះកម្ពុជា។ 

គួររំលឹកផងដែរថា កីឡាករកីឡាការិនីកម្ពុជា៩រូបក្នុងចំណោម១៦នាក់បានចេញប្រកួតក្នុងវគ្គជម្រុះថ្ងៃដំបូង ក្នុងជាលទ្ធផលឈ្នះបាន៥ប្រកួត។ ក្នុងនោះមានកីឡាករកីឡាការិនីកម្ពុជា៤រូបបានយកឈ្នះដៃគូ រួមមាន៖ អេ វីរៈខាំឈីតភូថង (ម៉ឺន មេឃា), ផេង សុបញ្ញា (គោរមៈ ចន្ទរាជ), ឡុង ឡា និងធាន អាត (ចាន់ សំអាត)។ រីឯកីឡាករកីឡាការិនី អ៊ុំ ថារ័ត្ន, នៅ ស្រីពៅ, ហ៊ុន ចន្ទរាជ និងចាន់ រតនា បានចាញ់ដៃគូដោយពិន្ទុនិងលក្ខខណ្ឌ។ ដោយឡែក កីឡាករ ហាត់ ភី បានយកឈ្នះ១ប្រកួតនិងចាញ់១ប្រកួតវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត