កីឡាករ ឡុង ឡា និងកីឡាការិនី សំ ថារ័ត្ន ដណ្តើមបានមេដាយប្រាក់ និងសំរឹទ្ធ ពីព្រឹត្តិការណ៍ GAMMA World MMA
អាន ប៊ុនរ័ត្ននៈ
11 ធ្នូ 2023 07:30 AM

យុទ្ធគុនចម្រុះ៖ ការប្រកួតកីឡាយុទ្ធគុនចម្រុះ​ MMA ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ2023 ដែលប្រារព្ធឡើងនៅប្រទេសថៃរយៈពេល៥ថ្ងៃ គិតចាប់បីថ្ងៃទី៦ដល់ទី១០ធ្នូ ឆ្នាំ២០២៣ បានបិទបញ្ចប់ហើយ ដោយអត្តពលិកកម្ពុជា២រូបដណ្តើមបានមេដាយប្រាក់ និងសំរឹទ្ធកម្រិតពិភពលោកម្នាក់មួយ...។

យោងតាមការឱ្យដឹងពីលោកគ្រូ ហ៊ុន ច័ន្ទរាជ្យ អនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា សម្រាប់អាណត្តិទី៣ ឆ្នាំ២០២១-ឆ្នាំ២០២៥ បានឱ្យដឹងនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកថា កីឡាករ​យុទ្ធគុនចម្រុះកម្ពុជា ឡុង​ ឡា​ ដណ្តើមបានមេដាយប្រាក់ក្រោយចាញ់កីឡាករចិននៅវគ្គផ្តាច់ព្រ័ត្រ។ ចំណែកកីឡាការិនី សំ ថារ័ត្ន ដណ្តើមបានមេដាយសំរឹទ្ធ ក្រោយរងបរាជ័យជាមួយដៃគូនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រីឯកីឡាការនី អេយ៉ានុត, កីឡាករ រិនសារដ្ឋ, កីឡាករ ឯម ដារ៉ូ និងកីឡាករ-កីឡាការនីផ្សេងទៀតសរុប៧រូប បានធ្លាក់នៅការប្រកួតជុំដំបូង។ លោក គ្រូ ហ៊ុន ច័ន្ទរាជ្យ ដែលជាអ្នកដឹកនាំគណៈប្រតិភូកីឡាកម្ពុជាទៅចូលរួមបានឱ្យដឹងបន្ថែមថា នេះជាសមិទ្ធផលថ្មីមួយសម្រាប់សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ហើយលទ្ធផលនេះ ជាបទពិសោធល្អមួយសម្រាប់កីឡាគុនចម្រុះកម្ពុជា ដែលជាកីឡាប្រភេទថ្មីមួយនៅកម្ពុជា។

ទោះយ៉ាងណា លោកគ្រូ ហ៊ុន ច័ន្ទរាជ្យ បានសម្តែងការអបអរសាទរដល់កីឡាករ-កីឡការិនីទាំង៩រូប ដែលបានខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្ម ធ្វើឱ្យកម្ពុជាទទួលបានមេដាយដល់ទៅពីរគ្រឿងពីព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ ព្រោះសម្រាប់កីឡាករ-កីឡាការិនីរបស់សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាមួយចំនួន មានបទពិសោធនៅមានកម្រិតនៅឡើយ ក្នុងការចូលរួមជ្រើសរើសជើងឯកMMAពិភពលោក បើប្រៀបធៀបនឹងកីឡាករ-កីឡាការិនីដែលជាអត្តពលិកមកពីក្រៅប្រទេស ប៉ុន្តែយើងនៅតែអាចធ្វើបាន។ សូមបញ្ជាក់ថា លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រូវបានបោះឆ្នោតជាប់ជាប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ក្នុងអាណត្តិទី៣ ពីឆ្នាំ២០២១-ឆ្នាំ២០២៥ ចំណែកលោកគ្រូ ហ៊ុន ច័ន្ទរាជ្យ ក៏ត្រូវបានតែងតាំង ជាអនុប្រធាននៅក្នុងអាណត្តិនេះផងដែរ រួមជាមួយសមាជិកគណៈកម្មាធិការប្រតិបត្តិ មានចំនួនសរុបទាំងអស់១១រូប..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត