
គុនខ្មែរ៖ ព្រឹត្តិការណ៍ស្តេចសង្វៀន ឬ King Of The Ring ដែលរៀបចំដោយស្ថានីយទូរទស្សន៍ថោន បានរៀបចំឱ្យមានការប្រកួតលក្ខណៈ MMA ជាផ្លូវការ បន្ទាប់ពីកីឡាប្រភេទយុទ្ធគុនចម្រុះមួយនេះអវត្តមានពីកម្ពុជាអស់រយៈពេលយូរឆ្នាំមកហើយ។ ក្រៅពីនោះ ក៏នឹងមានការប្រកួតលក្ខណៈគុនខ្មែរផងដែរ ខណៈការប្រកួតធ្វើឡើងនៅថ្ងៃសុក្រ ទី២២មីនា ឆ្នាំ២០២៤ ខាងមុខឆាប់ៗនេះ...។

លោក គឹម ស្រ៊ុនកុសល ហៅថមមីគីម ដែលជាប្រធាន MasFight Cambodia និងជាតំណាងស្ថាប័ន International Professional Combat Council (IPCC) ប្រចាំប្រទេសកម្ពុជា បានបង្ហោះសារនៅលើគណនីផ្ទាល់ខ្លួនរបស់លោកកាលពីពេលថ្មីៗនេះថា៖“រេញមូលកងចក្រចាប់ផ្តើមបញ្ចេញឥទ្ធិពលហើយ ស្វាគមន៍ការប្រកួតលក្ខណៈ MMA ជាផ្លូវការរបស់ស្ថានីយទូរទស្សន៍ថោន ដែលមានកីឡាករអាជីពមកប្រកួតនៅថ្ងៃ២២នេះ”។ សារនេះបញ្ជាក់ឱ្យឃើញថា វិស័យកីឡាប្រភេទគ្រប់ទម្រង់នៅកម្ពុជាមួយនេះ កាន់តែរំកិលខ្លួនទៅមុខឡើងមួយកម្រិតទៀត ស្របពេលដែលប្រដាល់គុនខ្មែរកំពុងទទួលបានការគាំទ្រពីមហាជនយ៉ាងភ្លូកទឹកភ្លូកដីនាពេលបច្ចុប្បន្ន។ និយាយជារួម ស្ថានីយទូរទស្សន៍ថោន បានរៀបចំព្រឹត្តិការណ៍ប្រដាល់ធំៗជាច្រើន ដើម្បីលើកស្ទួយវិស័យកីឡាមិនថា ការប្រកួតលក្ខណៈគុនខ្មែរ គុនចម្រុះMMA ឃីកបុកស៊ីង ទេ គឺមានកីឡាករបរទេសជាច្រើនជុំវិញពិភពលោកមកចូលរួម ខណៈការប្រកួតផ្លូវការនៃកីឡាយុទ្ធគុនចម្រុះ MMA ជាលើកដំបូងរបស់សង្វៀនថោននឹងលេចចេញជារូបរាង...។

ជាមួយគ្នានោះ លោក ជួប វុត្ថា ដែលជាអ្នករៀបចំកម្មវិធីកីឡាប្រដាល់នៅស្ថានីយទូរទស្សន៍ថោន បានបង្ហើបឱ្យដឹងថា នៅថ្ងៃទី២២មីនា ខាងមុខ កម្មវិធី King Of The Ring មានកីឡាករប្រដាល់អាជីពចូលរួមសាកល្បងក្បាច់គុនជាមួយអ្នកលេងគុនខ្មែរ៥រូប ក្នុងនោះ៣រូបប្រកួតលក្ខណៈគុនខ្មែរប្រើហ្គង់តូចចេញម្រាមរួមមាន៖ កីឡាករដៃភ្លើងជើងរន្ទះមេធីម រឿង សោភ័ណ្ឌ ប្រកួតជាមួយកីឡាករ អាស៊្សែបៃស៊ង់ រូសស្លាន់ ណាំហីវ ក្នុងប្រភេទទម្ងន់៧២គីឡូក្រាម, អ្នកលេងក្បាច់គុនកុងហ្វូចិន លូ ជីអ៊ នឹងត្រូវជួបប្រកួតជាមួយកីឡាករកម្ពុជា ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម, កីឡាករឆ្លងដែនមកពីអ៊ីរ៉ង់ សាហូ អ៊ីវ៉ូ ប្រកួតក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម និង២រូបទៀត ប្រកួតលក្ខណៈយុទ្ធគុនចម្រុះ MMA ស្របតាមលក្ខន្តិកជាសកល ក្នុងនោះរួមមាន៖ កីឡាករឆ្លងដែនមកពីប្រទេសហ្វីលីពីន ផូវ៉ានៀរ ប៉ាឃើស ប្រកួតក្នុងប្រភេទទម្ងន់ធ្ងន់៧៣គីឡូក្រាម។ សម្រាប់គូរអន្តរជាតិ៣គូរខាងលើដែលមិនទាន់បង្ហាញសមាសភាព លោក ជួប វុត្ថា មិនទាន់អាចបង្ហើបឈ្មោះបាននៅឡើយទេ ព្រោះជាការរៀបចំពីកម្មវិធីទុកពញ៉ាក់អារម្មណ៍អ្នកគាំទ្រគុនខ្មែរទាំងអស់គ្នា។

ដោយឡែក សម្រាប់ការប្រកួតលក្ខណៈ MMA ទី២ រវាងកីឡាករកម្ពុជា សឹម ប៊ុនស្រន់ ប្រកួតជាមួយកីឡាករមីយាន់ម៉ា ណេវ ណេវ ក្នុងប្រភេទទម្ងន់៥៨គីឡូក្រាម។ លោក ជួប វុត្ថា បញ្ជាក់បន្ថែមថា៖ សម្រាប់ការប្រកួតលក្ខណៈយុទ្ធគុនចម្រុះនេះ គឺវាយតែ២ទឹកតែប៉ុណ្ណោះ ហើយក្នុង១ទឹកមានរយៈពេល៥នាទី។ គេនៅចាំបានថា កីឡាករកម្ពុជា សឹម ប៊ុនស្រន់ កាលពីអំឡុងឆ្នាំ២០១៣-២០១៤ រូបគេឈានជើងចូលវឹកហាត់ប្រកួតលក្ខណៈយុទ្ធគុនចម្រុះ MMA នេះ ទទួលបានជោគជ័យជាខ្លាំងអំឡុងពេលប្រកួតនៅស្ថានីយទូរទស្សន៍ម៉ាយធីវី ហើយក៏ធ្លាប់ជាម្ចាស់ខ្សែក្រវាត់ KWC ផងដែរ។ ប៉ុន្តែក្រោយអ្នកតំណាងកម្មវិធី One នៅក្នុងស្រុកបិទទ្វារ រូបគេបានបន្តដំណើរចុះកុងត្រាជាមួយស្ថាប័ន One Championship នៅឯក្រៅប្រទេសបានមួយរយៈដែរ មុនក្លាយជាម្ចាស់ចម្ការដំណាំកសិកម្មដ៏ធំមួយ។ សូមជម្រាបថា កីឡាករយុទ្ធគុនចម្រុះកម្ពុជា សឹម ប៊ុនស្រន់ បានវិលត្រឡប់មកសង្វៀនឡើងវិញនៅពេលនេះ មហាជនគុនខ្មែរនឹងទទួលបានរូបភាពថ្មី រសជាតិថ្មីមួយបន្ថែមទៀត ខណៈដែលការប្រកួតលក្ខណៈយុទ្ធគុនចម្រុះ MMA នេះខកខានអសើរយពេលរាងយូរបន្តិចដែរហើយ...៕






