
រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់គោលការណ៍ឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចធិបតី» រាល់ខែតុលា ដោយរាប់ចាប់ពីឆ្នាំ២០២៤នេះតទៅ។ ការប្រកាសនេះ បានធ្វើឡើងក្នុងពិធីបើកជាផ្លូវការ «ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២» នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបើកចំហទូលំទូលាយដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ប្រភេទ គ្រប់ទម្រង់ គ្រប់ក្បាច់គុន និងគ្រប់ទិសទី ទាំងសញ្ជាតិខ្មែរ និងបរទេសអាចចូលរួមប្រកួតបានទាំងអស់ឱ្យតែចេះក្បាច់គុនខ្មែរ។ ជាមួយគ្នានេះ សម្ដេចធិបតីបានអំពាវនាវដល់កីឡាករ អ្នកចេះក្បាច់គុនបុរាណខ្មែរ យុវជន អ្នកចូលរួមទស្សនា ប្រជាពលរដ្ឋទូទៅ ចូលរួមហាត់ក្បាច់គុនខ្មែរបុរាណ ដើម្បីចូលរួមប្រកួត ឬបង្ហាញសមត្ថភាពក្នុងការប្រកួតនាពេលខាងមុខនោះ។ កញ្ញា រឿន សុធារ៉ា បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលហាត់រៀនក្បាច់គុនខ្មែរផងដែរ ព្រោះនិសិត្សមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រងរូបនេះមានការស្រឡាញ់ និងចង់ថែរក្សាក្បាច់គុនបុរាណខ្មែរ។ កញ្ញាថាបើមានឱកាសក៏ចង់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចធិបតី» នាពេលខាងមុខនេះដែរ។ យ៉ាងណាមិញ កញ្ញា ធារ៉ា និងមិត្តរួមថ្នាក់នឹងមកទស្សនាការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈការប្រកួតនៅសល់២ថ្ងៃនេះទៀត ពោលថ្ងៃទី១២ និង១៣កក្កដា។

វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់ទាំងនៅកម្ពុជា និងសកលលោក ដោយកីឡាទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រកាន់តែច្រើនពីសំណាក់មហាជន។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡា ដើម្បីបង្កលក្ខណៈល្អប្រសើរសម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅក្នុងការលេងកម្សាន្ត និងពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីឱ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដណ្តើមយកជ័យជម្នះក្នុងព្រឹត្តិការណ៍កីឡាធំៗ។ ជាក់ស្តែង ការប្រកួតយុទ្ធគុនចម្រុះ (Mix Martial Arts-MMA) នេះបានបើកទ្វារចំហសម្រាប់អ្នកហាត់ក្បាច់គុន ឬកីឡាប្រយុទ្ធគ្រប់ប្រភេទ គ្រប់ទម្រង់ ដូចជា៖ កីឡា គុនខ្មែរ ជូជីតស៊ូ, យូដូ, ចំបាប់, ប្រដាល់, ឃីកបុកស៊ីង, ការ៉ាត់តេ, ល្បុក្កតោ, យុទ្ធក្រមខម, និងតេក្វាន់ដូ ជាដើម សុទ្ធតែអាចចូលរួមប្រកួតបានទាំងអស់។

គូសបញ្ជាក់ផងដែរថា ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ី លើកទី២ កាលពីម្សិលមិញ សម្តេចមហាបវរធិបតី ក៏បានណែនាំឱ្យរៀបចំបង្កើតក្រុមជំនុំសិក្សាស្រាវជ្រាវចងក្រងគម្ពីរយុទ្ធគុនខ្មែរបុរាណ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយក៏ដូចជាជនជាតិបរទេស បានឃើញ និងបានស្គាល់ ហើយនេះក៏ជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងការថែរក្សា និងអភិរក្សក្បាច់គុនបុរាណខ្មែរផងដែរ៕










