រាជធានីភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវ ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំកម្ពុជា ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញនូវសេចក្តីរីករាយចំពោះពាណិជ្ជកម្មទ្វេភាគីដែលកន្លងមកហ្វីលីពីនបាននាំចូលអង្ករពីកម្ពុជា...។

ក្នុងជំនួបនោះ សម្តេចបានស្វាគមន៍រាល់ការវិនិយោគរបស់ក្រុមហ៊ុនហ្វីលីពីននៅកម្ពុជា។ សម្ដេចក៏បានផ្ដល់អនុសាសន៍ថា ហ្វីលីពីនគួរតែពិនិត្យនិងច្បាមយកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យផលិតស្រូវអង្ករ ដោយវិនិយោគិនពីហ្វីលីពីនអាចមកបណ្ដាក់ទុន១០០ភាគរយនៅកម្ពុជា រៀបចំជាយន្តការប្រមូលទិញស្រូវ ម៉ាស៊ីនកិនស្រូវ វេចខ្ចប់ ស្តុក ហើយនិងនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន ក៏ដូចជានៅទៅកាន់បណ្ដាប្រទេសផ្សេងទៀតផងដែរ។ យ៉ាងណាមិញ ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ បច្ចុប្បន្នគឺមានក្រុមហ៊ុនហ្វីលីពីនកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជាលើផ្នែកសុខាភិបាល អប់រំ និងឧស្សាហកម្មកែច្នៃម្ហូបអាហារ។ លើសពីនេះទៅទៀត អ្នកវិនិយោគហ្វីលីពីនកំពុងសម្លឹងមើលឱកាស និងដៃគូធុរកិច្ច ដើម្បីវិនិយោគបន្ថែមលើវិស័យសំណង់ អាហារ និងភេសជ្ជៈ ឧស្សាហកម្មកែច្នៃអាហារ និងផលិតអាហារ ហាងលក់រាយ និងវិស័យអប់រំជាដើម។

សម្តេចតេជោបានសង្កត់ធ្ងន់ថា កម្ពុជា និងហ្វីលីពីន ត្រូវទាញយកសក្តានុពលសេដ្ឋកិច្ចពីកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ខណៈពិភពលោកកំពុងជួបប្រទះវិបត្តិស្មុគ្រស្មាញ និងគ្រោះថ្នាក់។ សម្ដេចតេជោ បានសង្កេតឃើញថា ក្នុងពេលដែលជំងឺកូវីត-១៩ បានរាតត្បាតទំនាក់ទំនងពាណិជ្ជកម្មរវាងបណ្ដាប្រទេសអាស៊ាន ក្នុងក្របខណ្ឌ AFTA មានការរីកចម្រើនខ្លាំងក្លា ជាពិសេសនៅក្នុងវិស័យសន្តិសុខស្បៀង និងថាមពល។ ស្របជាមួយគ្នានេះដែរ សម្តេចតេជោ ក៏បានស្នើលោកជំទាវអគ្គរដ្ឋទូតខិតខំឱ្យមានជើងហោះហើរផ្ទាល់ពីហ្វីលីពីនមកប្រទេសកម្ពុជាឱ្យកាន់តែច្រើន ជាកត្តាសំខាន់រួមចំណែកដល់ការតភ្ជាប់ប្រជាជន និងប្រជាជន ជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ និងជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកវិនិយោគ ក៏ដូចជាអ្នកការទូតហ្វីលីពីនផងដែរ។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន មានជំនឿថា លោកជំទាវអគ្គរដ្ឋទូតថ្មីនឹងខិតខំបន្តបេសកកម្មពង្រឹង ចំណងមិត្តភាពកម្ពុជា-ហ្វីលីពីន និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរថែមទៀត និងជាពិសេសកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌគ្រួសារអាស៊ាន ដើម្បីចូលរួមថែរក្សាសន្តិភាព និងដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់អាស៊ាន៕


