
គុនខ្មែរ៖ ស្តេចប្រដាល់គុនថៃ ប៊ូខាវ បច្ចមេឃ (Buakaw Banchamek) និងអ្នកប្រដាល់គុនខ្មែរវ័យក្មេងរបស់កម្ពុជា កាន់ ម៉េងហុង បានបរាជ័យនៅសង្វៀនធំរបស់ប្រទេសជប៉ុន លើវិញ្ញាសាគុនឃីកបុកស៊ីង ដូចគ្នា កាលពីថ្ងៃទី៧កក្កដា ម្សិលមិញ ខណៈអ្នកគាំទ្រគុនខ្មែរ និងគុនថៃមួយចំនួនសុទ្ធតែយល់ស្រដៀងៗគ្នាថា ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងពីនេះ ហ្វឹកហាត់ក្បាច់គុនឃីកបុកស៊ីងរបស់ប្រជាជាតិអាស៊ីខាងកើតនៅមានកម្រិត...។

សូមរំឭកការប្រកួតឡើងវិញបន្តិចថា កីឡាករកម្ពុជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ លើវិញ្ញាសាឃីកបុកស៊ីង (Kickboxing) កាន់ ម៉េងហុង ត្រូវបានកីឡាករម្ចាស់ផ្ទះផ្តួលឱ្យសន្លប់ធំនៅដើមទឹកទី៣ បន្ទាប់ពីរងកណ្តាប់ដៃមហាទម្ងន់ពីកីឡាករ អាគីហ៊ីរ៉ូ កាណេកូ (Akihiro Kaneko) ខណៈម្ចាស់ខ្សែក្រវាត់ឃីកបុកស៊ីង៦សម័យកាលរូបនេះ ទាត់ឱ្យកីឡាករ កាន់ ម៉េងហុង រាប់៨ម្ដងនៅពាក់កណ្តាលទឹកទី១ និងរាប់៨ម្ដងទៀតក្រោដាល់ចំផ្ទៃមុខនៅចុងទឹកទី២។ មែនទែនទៅ បើសង្កេតឱ្យបានច្បាស់ ក្បាច់គុនឃីកបុកស៊ីង ពិតជាមានការពិបាកសម្រាប់កីឡាករកម្ពុជា និងថៃ ដែលភាគច្រើនហ្វឹកហាត់ក្បាច់គុនខ្មែរ និងមួយថៃ ព្រោះក្បាច់គុនប្រភេទនេះ ហាមមិនឱ្យប្រើកែង ចាប់ឡើងជង្គង់ ឬចាប់ជើងកីឡាករដៃគូម្ខាងទៀតឡើយ ខណៈដែលកីឡាករហ្វឹកហាត់គុនខ្មែរ និងគុនថៃ ភាគច្រើនធ្វើខុសលក្ខខន្តិកនេះជារឿយៗ។

កីឡាករ កាន់ ម៉េងហុង ដ្បិតថា ជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ប៉ុន្តែបើមើលការប្រកួតជាមួយកីឡាករជប៉ុន អាគីហ៊ីរ៉ូ កាណេកូ អាចនិយាយបានថា បទពិសោធរបស់ម៉េងហុង គឺស្តួចស្តើងខ្លាំងណាស់លើជំនាញក្បាច់គុនឃីកបុកស៊ីងនេះ។ បន្ថែមលើនេះផងដែរ កម្លាំងស៊ុហ្វ និងថាមពលរបស់កីឡាករកម្ពុជា ក៏នៅដាច់ឆ្ងាយពីកីឡាករបរទេសខ្លាំងដែរ។ តែយ៉ាងណា យើងផ្អាកគិតពីចំណុចខ្សោយកីឡាករកម្ពុជា កាន់ ម៉េងហុង បន្តិចសិន ដោយងាកទៅមើលការប្រកួតរបស់ស្តេចប្រដាល់ថៃ ប៊ូខាវ បច្ចមេឃ ដែលមានបទពិសោធជោគជាំក្នុងព្រឹត្តិការណ៍ K-1 WORLD MAX នេះដែរ តែបែរជាត្រូវអាជ្ញាកណ្ដាលព្រមាន និងពិន័យជាច្រើនលើកច្រើនសា ព្រោះតែការប្រកួតខុសលក្ខន្តិករបស់គុនឃីកបុកស៊ីង និងបរាជ័យនៅជុំដំបូងដូចគ្នានឹងកីឡាករកម្ពុជាដែរ។ បើសម្លឹងឱ្យកាន់តែជ្រៅទៅក្នុងកម្មវិធីប្រដាល់ឃីកបុកស៊ីង ពោលគឺភាគតិចណាស់ដែលកីឡាករហ្វឹកហាត់ប្រដាល់គុនថៃ និងគុនខ្មែរអាជីព អាចដណ្តើមយកជ័យជម្នះពីកីឡាករហ្វឹកហាត់គុនឃីកបុកស៊ីងអាជីព ពីក្នុងព្រឹត្តិការណ៍ K-1 WORLD MAXនេះបាន ក្រៅតែពីកីឡាករម្ចាស់ផ្ទះ និងកីឡាករហ្វឹកហាត់ក្បាច់គុនមួយនេះដោយផ្ទាល់។

ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់នៃព្រឹត្តិការណ៍ K-1 WORLD MAX 2024 កាលពីម្សិលមិញ គឺបានបង្ហាញយ៉ាងច្បាស់ណាស់ថា កីឡាករកម្ពុជា និងកីឡាករថៃ នៅមានកម្រិតបទពិសោធស្តួចស្តើងលើការសិក្សាស្វែងយល់ពីបច្ចេកទេសក្បាច់គុនដើមរបស់ឃីកបុកស៊ីង ដែលជាក្បាច់គុនមានប្រភពមកពីប្រជាជាតិអាស៊ីខាងកើត រួមមាន៖ ចិន កូរ៉េ និងជប៉ុន នេះដាច់ឆ្ងាយតែម្ដង និងមានសំណួរជាច្រើនចោទសួរថា តើគួរដែរឬទេ ដែលយើងត្រូវបញ្ជូនកីឡាករកម្ពុជា ទៅចូលរួមប្រកួតក្បាច់គុនប្រភេទនេះបន្តទៀត ទាំងដែលយើងគ្មានកីឡាករហ្វឹកហាត់ក្បាច់គុនមួយនេះជាលក្ខណៈអាជីពនៅឡើយ? យ៉ាងណា ការចោទសួររបស់មហាជននៅពេលនេះ មានចម្លើយទាំងវិជ្ជមាន និងចម្លើយផ្ទុយ ពោលគឺមានអ្នកយល់ស្របឱ្យបន្តសកម្មភាពបញ្ជូនកីឡាករកម្ពុជាទៅប្រកួតនៅក្រៅប្រទេសបន្តទៀត ដើម្បីស្វែងរកបទពិសោធ ប៉ុន្តែអ្នកខ្លះយល់ថា គួរពង្រឹងសមត្ថភាពកីឡាករយើងឱ្យខ្លាំងជាងនេះបន្តិចសិន ទើបគួរនាំចេញទៅក្រៅ និងខ្លះទៀតថា គួរហ្វឹកហាត់តែគុនខ្មែរ ពង្រីកកេរ្តិ៍ឈ្មោះក្បាច់គុនយើងវិញ ទើបជាការល្អ។

ទោះជាយ៉ាងណា ការបរាជ័យរបស់កីឡាករ កាន់ ម៉េងហុង នៅពេលនេះ មិនអាក្រក់ពេកទេសម្រាប់វិស័យប្រដាល់នៅកម្ពុជា ប៉ុន្តែបើកីឡាករកម្ពុជាច្រើនរូប ចេញទៅប្រកួតនៅខាងក្រៅ ហើយចាញ់កីឡាករបរទេសច្រើន វាក៏នឹងជះឥទ្ធិពលមិនល្អដល់គុនខ្មែរដែរ ដូច្នេះ ប្រូម៉ូទ័រដឹកនាំកីឡាករចេញប្រកួតនៅក្រៅប្រទេស គួរថ្លឹងថ្លែងចំណុចនេះឱ្យបានល្អិតល្អន់មុនសម្រេចចិត្តបញ្ជូនចេញ ចៀសវាងយើងដើរថយក្រោយ ខណៈដែលគុនខ្មែរកំពុងមានសន្ទុះកើនឡើងខ្លាំងលើការគាំទ្រទាំងក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ...៕






