ឃាត់ខ្លួន​ជនជាតិនីហ្សេរីយ៉ាម្នាក់ រឹបអូស​បាន​ថ្នាំញៀន​ជិត​១០​គីឡូក្រាម​
វុធ ច័ន្ទតារា
05 កក្កដា 2024 03:41 AM

ខេត្តស្វាយរៀង៖ ស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានចាប់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ពីបទជួញដូរគ្រឿងញៀនជិត១០គីឡូក្រាម ឆ្លងដែនចូលមកក្នុងខេត្តស្វាយរៀង។

ជនសង្ស័យខាងលើមានឈ្មោះ Madu Daniel Sopuru អាយុ២៩ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទដើមសប្តាហ៍នេះ ក្នុងខេត្តស្វាយរៀង នៅពេលដែលរូបគេកំពុងរត់ពន្ធគ្រឿងញៀនខុសច្បាប់។ អគ្គស្នងការនគរបាលជាតិបានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា ថ្នាំញៀនប្រភេទហេរ៉ូអ៊ីន និងមេតំហ្វេតាមីនគ្រីស្តាល់ សរុប៩,៨២គីឡូក្រាម ត្រូវបានរឹបអូសពីជនសង្ស័យរូបនេះ។ បើតាមស្នងការដ្ឋាននគរបាលជាតិ ជននេះ កាន់លិខិតឆ្លងដែនលេខ ហួសសុពលភាពថែមទៀត និងមានមុខរបរ កន្លែងស្នាក់នៅមិនពិតប្រាកដ។ ក្រៅពីនេះ វត្ថុតាងដែលរឹបអូនបានក្រៅពីគ្រឿងញៀនរួមមាន៖ លិខិតឆ្លងដែន១ក្បាល ទូរសព្ទដៃ០២គ្រឿង កាបូបស្ពាយពណ៌ខ្មៅ ដាក់គ្រឿងញៀន០១។ បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។

 កម្ពុជាមិនមានទោស​ប្រហារ​ជីវិត​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​ទេ។ យោងតាមច្បាប់ ជនណាម្នាក់ដែលរកឃើញថាមានពិរុទ្ធពីបទជួញដូរគ្រឿងញៀនលើសពី៨០​ក្រាម អាចនឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិត។ សូមជម្រាបថា នាយកដ្ឋានប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន១១៧៨០នាក់ ក្នុងនោះមានជនបរទេសជាង៣០០នាក់ ស្មើនឹង១៣សញ្ជាតិ ក្នុងអំឡុងខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ ដោយរឹបអូសបានថ្នាំញៀនសរុបចំនួន៥,០១តោន។ ថ្នាំញៀនដែលរឹបអូសបានភាគច្រើនមាន ហេរ៉ូអ៊ីន អេកស្តាស៊ី កេតាមីន មេតំហ្វេតាមីន គ្រីស្តាល់ ថ្នាំមេតំហ្វេតាមីន និងកូកាអ៊ីន៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត