
ខេត្តក្រចេះ៖ ដំណើរការសាងសង់ស្ពានឆ្លងទន្លេមេគង្គទី១ ក្នុងខេត្តក្រចេះ សម្រេចបានជិត៣០ភាគរយហើយ ដោយការសាងសង់តួស្ពានសម្រេចបាន៤៥ភាគរយ និងខណៈដែលដំណើរការសាងសង់ផ្លូវតភ្ជាប់សម្រេចបាន១៥ភាគរយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ឱ្យរួចនៅកំលុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។ នេះបើយោងតាមការឱ្យដឹងពីក្រុមការងារជំនាញនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៤មីនា ឆ្នាំ២០២៤…។

ក្រុមការងារជំនាញនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងថា លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់។ នៅក្នុងដំណើរចុះពិនិត្យនោះ លោកបានធ្វើការណែនាំទៅកាន់ក្រុមហ៊ុនសាងសង់ ក៏ដូចជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវធ្វើឱ្យប្រសើរឡើងនូវវិធីសាស្ដ្រសាងសង់ (Construction Method Statement) ពង្រឹងសុវត្ថិភាពការងារសាងសង់គ្រប់ជំហាន និងត្រូវបំពាក់អំពូលបំភ្លឺពេលយប់ នៅគ្រប់សសរស្ពានផងដែរ។ ជាមួយគ្នានោះ លោករដ្ឋលេខាធិការបានបន្តជំរុញឱ្យក្រុមហ៊ុនសាងសង់ដាក់បន្ថែមគ្រឿងចក្រ និងអនុវត្តតាមប្រតិទិនការងារឱ្យបានច្បាស់លាស់ ពីព្រោះជារដូវប្រាំងដែលជាពេលវេលាល្អសម្រាប់ការធ្វើស្រទាប់គ្រឹះផ្លូវ ហើយរាល់ដំណាក់កាលការងារនីមួយៗត្រូវធ្វើតេស្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានដែលបានកំណត់។

សូមជម្រាបថា នេះជាស្ពានឆ្លងកាត់ទន្លេមេគង្គទី១ ក្នុងខេត្តក្រចេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២ ខែមករា ឆ្នាំ ២០២៣។ ស្ពាននេះមានប្រវែង១៧៦១ម៉ែត្រតភ្ជាប់ពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ និងអាចជួយសម្រួលដល់ការធ្វើដំណើរក្នុងការដឹកជញ្ជូនទំនិញ និងកសិផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ និងការធ្វើដំណើររបស់ប្រជាជនទៅមន្ទីរពេទ្យ និងសិស្សានុសិស្សទៅសាលារៀនឱ្យកាន់តែងាយស្រួលផងដែរ៕ រាយការណ៍ដោយភ្នាក់ងារ៖ ខេត្តក្រចេះ




