
រាជធានីភ្នំពេញ៖ វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ កំពុងពិចារណាធ្វើការជាមួយភាគីពាក់ព័ន្ធ ក្នុងប្រទេសកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើការបំប្លែងគ្រាប់ស្វាយចន្ទីទៅជាជីវថាមពល និងជីសរីរាង្គ។ ការសម្លឹងឃើញកិច្ចសហការមួយនេះ ធ្វើឡើង ក្រោយកូរ៉េចាប់អារម្មណ៍ថា កម្ពុជា ជាប្រទេសមួយមានសក្តានុពលខ្ពស់ក្នុងការដាំដុះស្វាយចន្ទី។ នេះបើតាមការឱ្យដឹងពីសភាពាណិជ្ជកម្មកម្ពុជា។

បើតាមសភាពាណិជ្ជកម្ម គម្រោងនេះត្រូវបានបង្ហាញដោយគណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ ក្នុងជំនួបជាមួយ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅការិយាល័យសភាពាណិជ្ជកម្ម ក្នុងរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ។ ក្នុងជំនួបនោះ គណៈប្រតិភូវិទ្យាស្ថានថាមពលកូរ៉េ ក៏បានស្នើសុំកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការកែច្នៃថង់ប្លាស្ទិកទៅជាឥន្ធនៈ។ ការកែច្នៃប្លាស្ទិកជាឥន្ធនៈ គឺជាដំណោះស្រាយចំពោះបញ្ហាកាកសំណល់ប្លាស្ទិក ដែលមានច្រើនហូរហៀសម្រាប់កម្ពុជា និងសម្រាប់ពិភពលោក។ សភាពាណិជ្ជកម្មកម្ពុជា បានស្វាគមន៍ និងគាំទ្រការស្រាវជ្រាវថ្មីរបស់វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ ក្នុងគម្រោងចម្រាញ់ប្រេងគ្រាប់ស្វាយចន្ទី និងគម្រោងកែច្នៃកាកសំណល់ប្លាស្ទិកនេះ។

គួរជម្រាបថា យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានចំនួន៧៦៦០០០តោន ក្នុងនោះមាន៦៦៧០០០តោន ត្រូវបាននាំចេញទៅប្រទេសវៀតណាម។ ទិន្នន័យនេះ បង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់ជាង៣០ភាគរយ បើធៀបនឹងការនាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺកម្ពុជារកបានចំណូល៨៥១លានដុល្លារ។ ប្រការនេះទៀតសោត បង្ហាញពីទីផ្សារដែលកំពុងមានតម្រូវការកើនឡើងសម្រាប់ផលិតផលគ្រាប់ស្វាយចន្ទី។ គួររំឭកថា កាលពីដើមខែមិថុនា ឆ្នាំ២០២៤ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទី ទៅជាប្រេងជីវឥន្ធនៈរបស់ក្រុមហ៊ុនជប៉ុនមួយ ទើបនឹងបានសម្ពោធជាផ្លូវការនៅខេត្តកំពង់ធំ។ រោងចក្ររបស់ជប៉ុននេះ មានសមត្ថភាពកែច្នៃស្វាយចន្ទី១៥០០តោនក្នុង១ឆ្នាំ ក្រោមកិច្ចសហការស្ថាប័នរដ្ឋ វិស័យឯកជន និងជំនួយបច្ចេកទេសពីក្រុមហ៊ុន TOP Planning Japan និង JICA។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវ «គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧» ក្នុងគោលដៅកែច្នៃ និងពង្រីកការនាំចេញ ដើម្បីក្លាយជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។ កម្ពុជាមានដំណាំសក្តានុពលជាច្រើនដែលក្នុងនោះ ស្វាយចន្ទី គឺជាដំណាំកសិ-ឧស្សាហកម្មមួយមានសក្តានុពលទាំងការដាំដុះ កែច្នៃ និងនាំចេញ។ អង្គការស្បៀងអាហារ និងកសិកម្មរបស់់អង្គការសហប្រជាជាតិ (FAO) បានបញ្ជាក់ថា ការដាំដុះស្វាយចន្ទីនៅកម្ពុជា មានកំណើនប្រមាណ១៣២ភាគរយ ចាប់ពីឆ្នាំ២០១៨-២០២៣ ហើយការនាំចេញគ្រាប់ស្វាយចន្ទីឆៅសម្រេចបានប្រមាណជាង៦៦ម៉ឺនតោន កាលពីឆ្នាំ២០២៣ ដោយឈរនៅលេខរៀងទី៣ពិភពលោក៕






