
ខេត្តសៀមរាប៖ ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាអនុវត្តន៍គម្រោងជួសជុលជណ្ដើរ និងកម្រាលជុំវិញដំបូលទបង្ហូរទឹកភាគខាងកើត ខាងជើង និងខាងលិចរបស់ប្រាសាទនាគព័ន្ធ ដែលកំពុងទទួលរងការខូចខាតធ្ងន់ធ្ងរ ឱ្យប្រសើរឡើងវិញ។ នេះបើតាមព័ត៌មានផ្សាយដោយអាជ្ញាធរជាតិអប្សរានាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

លោក ជា សារិទ្ធ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ការជួសជុលនោះចាប់ដំណើរការតាំងពីដើមខែឧសភាឆ្នាំ២០២៤ ដោយផ្ដោតទៅលើការងារសំខាន់ៗមួយចំនួនដូចជា ជួសជុលពង្រឹងជណ្តើរខាងលិចនៃស្រះខាងកើត និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងកើត ជួសជុលជណ្តើរខាងត្បូងនៃស្រះខាងជើង និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងជើង ជួសជុលជណ្តើរខាងកើតនៃស្រះខាងលិច និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងលិច។ លោកបន្ថែមថា បច្ចុប្បន្នជណ្ដើរមានការបាក់ស្រុត ដោយសារកត្តាយុកាល រុក្ខជាតិដុះចាក់ចូលគ្រឹះ ធ្វើឱ្យរចនាសម្ព័ន្ធសំណង់រងការពុកផុយ ទឹកដែលហូរនាំដីខ្សាច់ខាងក្នុងសំណង់ចេញទៅក្រៅ ធ្វើឱ្យថ្មរមៀលចេញពីទីតាំងដើម ជាហេតុធ្វើឱ្យជណ្តើរបាត់លំនឹង។ ចំណែកឯ កម្រាលវិញ ក៏មានទឹកហូរលិចពីលើកម្រាលចុះទៅក្រោមថ្ម ធ្វើឱ្យចំណុចមួយនៃជ្រុងអាគ្នេយ៍ បានបាក់ស្រុត ធ្លាក់ចូលទឹកទាំងស្រុងធ្វើឱ្យបាត់លំនឹង។

បុរាណវិទូ រូបនេះបន្ថែមថា វិធីសាស្ដ្រនៃការជួសជុល គឺធ្វើទៅតាមផ្នែកណាដែលរងការខូចខាត និងទ្រុឌទ្រោមខ្លាំងតែប៉ុណ្ណោះ បន្ទាប់ត្រូវជួសជុលពង្រឹងគ្រឹះដីខ្សាច់ ដីច្រាំងស្រះ ទម្រជណ្តើរ និងទម្រកម្រាល នឹងត្រូវរៀបផ្គុំជណ្តើរ និងកម្រាលឡើងវិញ។ គួរជម្រាបថា ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើង នាចុងសតវត្សទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះកេសូរក្នុងពុទ្ធសាសនាមហាយាន។ ប្រាសាទនាគព័ន្ធ ស្ថិតលើដីកោះមួយ ដែលមានស្រះជុំវិញចំនួន៤ និងបារាយណ៍យ៉ាងធំមួយនៅខាងក្រៅ។ កាលពីមុនប្រជាជនធ្វើដំណើរដោយទូក ទើបអាចទៅដល់ប្រាសាទនាគព័ន្ធនេះ។ នាពេលបច្ចុប្បន្នប្រាសាទនាគព័ន្ធ បានក្លាយជាទីតាំងទេសចរណ៍វប្បធម៌ ជំនឿ និងសាសនាមួយ ក្រៅពីប្រាសាទផ្សេងទៀតក្នុងខេត្តសៀមរាប។ ប្រាសាទមួយនេះបានទាក់ទាញភ្ញៀវទេសចរជាច្រើន ឱ្យទៅទស្សនាកម្សាន្ត និងអ្នកមានជំនឿមួយចំនួន ក៏បានចូលបន់ស្រន់សុំសេចក្ដីសុខ នៅប្រាសាទនាគព័ន្ធផងដែរ៕







