សមត្ថកិច្ចនឹងបន្ដនីតិវិធី​តាមប្រព័ន្ធតុលាការ ករណីម្ចាស់រថយន្ដដឹកកម្មករក្រឡាប់នៅកំពង់​ស្ពឺមិនចូលខ្លួនដោះស្រាយ
អុន សម្ផស្ស
26 មិថុនា 2024 04:30 AM

ខេត្តកំពង់ស្ពឺ៖ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ ព្រមានចាត់វិធានការតាមប្រព័ន្ធតុលាការលើម្ចាស់រថយន្តដឹកកម្មករ ក្រឡាប់នៅខេត្តកំពង់ស្ពឺកាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ករណីអ្នកបើកបររូបនោះនៅតែមិនព្រមចូលខ្លួនដោះស្រាយផ្តល់សំណងដល់ជនរងគ្រោះ។ នេះបើតាមស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ បញ្ជាក់នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

ស្នងការខេត្តអះអាងថា ដោយបានពិនិត្យ និងបាន​វាស់វែងស្រាវជ្រាវលើលក្ខណៈបច្ចេកទេសយានយ​ន្ដក្នុងពេលបង្កគ្រោះថ្នាក់​ កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៦ និង២៥នាទី លើផ្លូវជាតិលេខ៤ចំណុចភូ​មិព្រៃផ្ដៅ ឃុំត្រ​ពាំងគង ស្រុកសំរោងទង សមត្ថកិច្ចរកឃើញករណីនេះ បង្កឡើងដោយ ​កត្តា​ធ្វេសប្រហែសរបស់អ្នកបើកបរ។​ ហេតុនេះម្ចាស់រថយន្តត្រូវទទួលខុសត្រូវទាំងស្រុងចំ​ពោះអ្នកដំណើរដែលជិះលើរថយន្ដរបួសធ្ងន់ស្រាលទាំង៦​៣​នាក់។ ស្នងការខេត្តបញ្ជាក់ថា៖«​សូមបុគ្គលដែលមានឈ្មោះ​ តន​ សុខទីន​ (​ TON SOKTIN ) អត្ដសញ្ញាណ​បណ្ណ​លេខ 031012772​ នៅភូមិបន្ទាយខ្មែរ​ ឃុំជើងរាស់​ ស្រុក​សាមគ្គី​មុនីជ័យ​ ខេត្ត​កំពង់ស្ពឺ​ ចេញមុខមកទទួ​លខុសត្រូវលើការផ្ដល់សំណង​ រ៉ាប់រងថ្លៃព្យាបា​លជំងឺជូនអ្នករងគ្រោះ​តាមផ្លូវច្បាប់។ ករ​ណី​មិនចេញមុខមកដោះស្រាយ​ សមត្ថកិច្ចនិងបន្ដនីតិវិធី​អនុវត្ត​តាមផ្លូវតុលាការ»

គួរំឭកថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដដឹកកម្មកររោងចក្រមួយគ្រឿង លើផ្លូវជាតិលេខ៤ ចំណុចគឺឡូម៉ែត្រ(៣៥-៣៦) បណ្ដាល​ឱ្យ​ កម្មករ​ កម្មការិនី​ របួសធ្ងន់ស្រាលចំនួន ៦​៣​នាក់ ស្រី ៥៦នាក់ ក្នុងនោះមាន៖ របួសធ្ងន់ចំនួន ២៣នាក់ និងរបួសស្រាលចំនួន ៤០នាក់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត