
រាជធានីភ្នំពេញ៖ ទោះចាញ់ក្តីអស់២តង់ហើយក្តី គឺនៅតុលាការរាជធានីភ្នំពេញជាតុលាការថ្នាក់ដំបូងម្តង និងនៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញជាតុលាការជាន់ខ្ពស់ថ្នាក់កណ្តាលម្តង តែឃាតកជាអ្នកមានទ្រព្យ ឈ្មោះ ស្រី ស៊ីណា ដែលបានបាញ់សម្លាប់គូដណ្តឹងវ័យក្មេង២នាក់ នៅតែមិនសុខចិត្ត ហើយមានបំណងប្តឹងតវ៉ាទៅតុលាការកំពូលជាតុលាការថ្នាក់ខ្ពស់បំផុត។ លោក ហាក់ ស៊ីណា មេធាវីការពារក្តីឱ្យជនជាប់ចោទ ស្រី ស៊ីណា ប្រាប់អង្គភាព SBM News តាមទូរសព្ទនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ ថា កូនក្តីរបស់លោក នឹងប្តឹងតវ៉ាទៅតុលាការកំពូល ប៉ុន្តែលោកមេធាវី មិនទាន់អាចបញ្ជាក់បានទេថា បណ្តឹងតវ៉ានេះ នឹងត្រូវដាក់ទៅតុលាការកំពូលនៅពេលណា។

លោកមេធាវី និយាយតាមផ្លូវច្បាប់ថា នៅពេលមានបណ្តឹងតវ៉ាទៅតុលាការកំពូលយ៉ាងដូច្នេះ ការសម្រេចមុនៗរបស់តុលាការថ្នាក់ក្រោម មិនទាន់ចូលជាស្ថាពរ ឬអាចអនុវត្តបាននោះទេ។ ក្នុងន័យនេះ និងតាមការបកស្រាយរបស់លោកមេធាវី សំណង២លានដុល្លារ ដែលតុលាការរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍សម្រេចដូចគ្នាឱ្យឧក្រិដ្ឋជន ស្រី ស៊ីណា សងទៅគ្រួសារជនរងគ្រោះទាំង២ ក៏នឹងត្រូវពន្យារពេលទៀតដែរ។ បើតាមលោកមេធាវី សាលក្រមរបស់តុលាការជាន់ទាប ឬសាលដីការបស់តុលាការជាន់ខ្ពស់ក្នុងសំណុំរឿងនេះ អាចនឹងត្រូវឆ្លងកាត់ដំណាក់កាលវែងឆ្ងាយទៀត ទម្រាំអាចចូលជាស្ថាពរ។

លោកមេធាវី អះអាងថា៖«[ជនជាប់ចោទ] គាត់នៅតែទទូចចង់សងសំណងជំងឺចិត្តដល់គ្រួសារជនរងគ្រោះ មិនមែនគាត់ចង់គេចវេះមិនសងនោះទេ»។ ក៏ប៉ុន្តែ ជនជាប់ចោទ ស្រី ស៊ីណា ដែលធ្លាប់មានងារជាឧកញ៉ា មិនមែនចង់សងសំណង២លានដុល្លារទៅគ្រួសារជនរងគ្រោះ ដូចការសម្រេចរបស់តុលាការឡើយ។ ក្នុងសវនាការ ឧក្រិដ្ឋជនចិត្តឆៅ-ដៃឆៅរូបនេះ ស្នើសុំសងតែ៥ម៉ឺនដុល្លារប៉ុណ្ណោះ ទៅគ្រួសារនីមួយៗ របស់ជនរងគ្រោះទាំង២ជាគូដណ្តឹង (ខាងកូនប្រុស ឈ្មោះ ឡុង លីសុង ខាងកូនស្រី ឈ្មោះ ឃីន កញ្ចនា ដែលបានបាត់បង់ជីវិត)។ មិនត្រឹមតែសុំបន្ថយចំនួនប្រាប់សំណងនោះទេ តែជនជាប់ចោទថែមទាំងទាមទារឱ្យតុលាការបន្ថយទោសជាប់ពន្ធនាគារឱ្យខ្លួនផងដែរ ហេតុដូច្នេះហើយ ទើបបានជាជនជាប់ចោទ ព្យាយាមប្រឹងប្តឹងតវ៉ាទៅតុលាការមួយដំណាក់កាលហើយ មួយដំណាក់ទៀត។

គួររម្លឹកថា ដោយសារទាស់សម្តីគ្នាជាមួយគូដណ្តឹង១គូ ឃាតក ស្រី ស៊ីណា ក៏បានដកកំាខ្លីបាញ់សម្លាប់គូដណ្តឹងនោះ ដល់ក្នុងផ្ទះរបស់ពួកគេតែម្តង ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៤។ ឃាតកម្មដ៏ឃោរឃៅនេះ បានខ្ទរខ្ទារទូទាំងប្រទេស អ្នកណាៗ ក៏បានដឹងបានឮ និងមានក្តីរន្ធត់យ៉ាងខ្លាំង រហូតដល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រាប់ទៅក្រសួងយុត្តិធម៌ និងស្នើទៅតុលាការអនុវត្តច្បាប់ឱ្យបានម៉ត់ចត់លើករណីឃាតកម្មនេះ។

រហូតដល់ខែធ្នូ ឆ្នាំ២០២៤ តុលាការភ្នំពេញ ក៏សម្រេចឱ្យឃាតកជាប់ពន្ធនាគារ៣១ឆ្នាំ និងត្រូវបង់ប្រាក់២លានដុល្លារដល់គ្រួសារជនរងគ្រោះទាំង២ (គឺ១លានដុល្លារក្នុង១គ្រួសារ)។ ឃាតកមិនមែនមានបំណងបាញ់សម្លាប់តែគូដណ្តឹង២នាក់នេះទេ គឺនៅបាញ់តម្រង់ទៅបុរស២នាក់ផ្សេងទៀតដែលស្ថិតក្នុងផ្ទះនោះដែរ បណ្តាលបុរសទាំង២នាក់នោះរងរបួស តែមិនបាត់បង់ជីវិតឡើយ។ តុលាការ ក៏សម្រេចឱ្យឃាតកសងសំណង៥សែនដុល្លារទៅបុរសរងរបួសទាំង២នាក់នោះដែរ គឺម្នាក់៣សែនដុល្លារ និងម្នាក់ទៀត២សែនដុល្លារ។ សរុបទាំងអស់ សំណងដែលឃាតកត្រូវបង់ទៅគ្រួសាររបស់ជនរងគ្រោះទាំង២ដែលបាត់បង់ជីវិត និងបុរសទាំង២ដែលរងរបួស មានចំនួន២លាន៥សែនដុល្លារ។

ដោយសារជនជាប់ចោទ ស្រី ស៊ីណា ប្តឹងទៅសាលាឧទ្ធរណ៍ភ្នំពេញ ដូច្នេះ ការសងសំណងទៅគ្រួសារជនរងគ្រោះ និងបុរសរងរបួស មិនទាន់អាចអនុវត្តបាននោះទេ។ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ សាលាឧទ្ធរណ៍ភ្នំពេញ ក៏សម្រេចតម្កល់សេចក្តីសម្រេច ឬសាលក្រមរបស់តុលាការភ្នំពេញ ទុកជាបានការដដែល មានន័យថា តុលាការភ្នំពេញ សម្រេចយ៉ាងម៉េច សាលាឧទ្ធរណ៍ភ្នំពេញសម្រេចយ៉ាងនោះ។ ប៉ុន្តែដោយសារជនជាប់ចោទ នៅតែមានបំណងប្តឹងតវ៉ាទៅតុលាការកំពូលបន្តទៀត ហេតុដូច្នេះ ការសងសំណងនៅតែមិនទាន់អាចអនុវត្តបានឡើយ។

កន្លងមក សមាជិកគ្រួសាររបស់ជនរងគ្រោះ បានបង្ហោះសារលើបណ្តាញសង្គមថា ថ្វីបើតុលាការសម្រេចសេចក្តីកំណត់អំពីទោស និងការសងសំណងដែលឃាតកត្រូវអនុវត្តក្តី តែគ្រួសារខ្លួនជាជនរងគ្រោះ មិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ហើយក៏មិនទាន់ទទួលបានសំណងដែរ។ តាមរយៈបណ្តាញសង្គមដដែល សមាជិកគ្រួសារជនរងគ្រោះ តែងទទូចស្នើសុំឱ្យតុលាការពន្លឿននីតិវិធីលើសំណុំរឿងនេះ ដោយចៀសវាងពន្យារពេល ដែលធ្វើឱ្យគ្រួសារខ្លួនជាគ្រួសាររងគ្រោះ យូរនឹងទទួលបានយុត្តិធម៌៕



